ភ្នំពេញ៖ សមាគមអតីត និស្សិតអាហារូបករណ៍ សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។
ពិព័រណ៌ជំនាញសិក្សា និងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើង រៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណង ដូចរាល់ដង ពោលគឺជួយសិស្សានុសិស្ស ជ្រើសរើស ជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារការរាតត្បាត ជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smart បានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថល នៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើង នៅទូទាំងប្រទេស អាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណ ត្រូវបានរៀបចំដំបូងព្រឹត្តិការណ៍នេះ បានជួយសិស្សានុសិស្ស ចំនួនជាង ២៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើស មុខជំនាញសាកលវិទ្យា-ល័យរបស់ពួកគេ រួមទាំងអាជីព ដែលពួកគេប្រាថ្នានាពេលអនាគត ។
កម្មវិធីពិព័រណ៌ ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះទទួលបានគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា និងក្រុមហ៊ុន Smart Axiata។
លោក ហោ តូនី អ្នកសម្របសម្រួល គម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖ «ថ្វីបើមានការរឹតត្បិត ដោយសារ កូវីដ១៩យើងនូវតែប្ដេជ្ញា បន្តពិព័រណ៌ ជំនាញសិក្សា និងការងារ តាមរយៈអនឡាញ ដើម្បីចែករំលែក ព័ត៌មាន ដែលមានប្រយោជន៍ និងជួយសិស្សានុសិស្ស ក្នុងការសម្រេចចិត្ត លើជំនាញសិក្សា ឬអាជីពនាពេលអនាគរបស់ពួកគេ ហើយ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនSmart Axiata ដែលបានគាំទ្រ ពួកយើងផ្នែកហិរញ្ញវត្ថុ។»
ការផ្តល់លទ្ធភាពឱ្យយុវជន ធ្វើការជ្រើសរើស មុខជំនាញប្រកបដោយព័ត៌មាន គ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាស សម្រាប់ពួកគេ ដើម្បីបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធី អាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិត នូវអាហារូបករណ៍ជាមួយនិងប្រាក់ខែ ពេញលេញ ក៏ដូចជាប្រាក់ឧបត្ដម ប្រចាំខែពេញមួយ ឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅ បង្កើតឱកាសទាំងអស់ នេះផងដែរ។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានលើកឡើងថា៖ «ពិព័រណ៌ជំនាញសិក្សានិងការងារ ស្របតាមគោលដៅដែលយើងព្យាយាម សម្រេចជាមួយ កម្មវិធី SmartEdu Discovery Day ដែលជាពិព័រណ៌មួយនៅតាមបណ្តាខេត្តនានាជុំវិញ ប្រទេសកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីមុខ វិជ្ជាផ្សេងៗ នៅសាកលវិទ្យាល័យនិងស្វែងរកអ្នកមាន ទេពកោសល្យឆ្លាតវៃ សម្រាប់កម្មវិធីអាហារូបករណ៍ SmartEdu។»
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ការបង្កើតឱកាសសម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងវិស័យអប់រំ ជាពិសេសក្នុង វិស័យអប់រំSTEM គឺជាភាពស្នូល នៃបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata។ ដូច្នេះ ទោះបីយើង មានការសោកស្តាយ ដែលយើងមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដោយផ្ទាល់ ក្នុងឆ្នាំនេះ យើងរីករាយដែលបានឃើញ ពិព័រណ៌ជំនាញសិក្សា និងអាជីពបន្ត ធ្វើតាមអនឡាញ ជាមួយការគាំទ្រពីយើង។»
វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំង លើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឫ www.facebook.com/smartforcambodia៕