អត្ថបទ

ក្រុមកម្ពុជា ទទួលជ័យជម្នះ ជាលើកដំបូង ក្នុងការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ

ភ្នំពេញ៖ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជា ក្រុមជើងឯក ក្នុងការប្រកួតហ្គេមeSports ដ៏ធំបំផុតមួយ ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជា ទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ 

ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីឡាំងកា ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយ ប្រចាំតំបន់។ 

ហ្គេមដែលបានប្រកួត មានឈ្មោះថា   Free Fire ជាហ្គេមបាញ់ប្រហារ ដែលផលិតនិងរៀបចំ ក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា។ 

នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញ ដ៏ពូកែរបស់ពួកគេ។ 

បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បានលើកឡើងថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯក ក្នុងការប្រកួតនេះ។” 

បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើងឈ្នះ ប្រាក់រង្វាន់នេះ គឺជារឿង ដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ គឺយើងបានធ្វើឲ្យកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ។” 

វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅ នាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់ នៃការប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល១ឆ្នាំពេញ ដោយវគ្គជម្រុះបានចាប់ផ្ដើម កាលពីខែមករាឆ្នាំ២០២០ជាមួយនឹង ការប្រកួតជាលក្ខណៈ បុគ្គល ហើយបន្ទាប់មក គឺជាការប្រកួតជាក្រុម មុននឹងឈានដល់វគ្គ ប្រកួតក្រុមជម្រើសជាតិ។ 

វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួម ពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីឡាំងកា បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១សែន៣ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូន ដល់បេក្ខជនម្នាក់ៗ ក៏ដូចជាក្រុមដែលបានចូលរួមប្រកួត។ 

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានលើកឡើងថា៖ “ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើងឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍឈានទៅមុខ។ ទោះបីកម្មវិធីប្រកួតមានអ្នកប្រកួត ប្រជែងផ្សេងដែលគួរឲ្យកោតសរសើរ បេក្ខជនទាំង៤នេះ បានបង្ហាញនូវជំនាញនិងសមត្ថភាពដ៏អស្ចារ្យ ដែលបាននាំឲ្យគេ នូវជ័យលាភីជើងឯក។ក្រុមហ៊ុន Smart គឺនៅក្នុងចំណោមអ្នកគាំទ្រ eSports មុនគេដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍នៃវិស័យ eSports និងបន្តនាំយកព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើបជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា។” 

Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយនៅអាស៊ី ដែលមានផ្ដល់ជូននូវហ្គេមទូរស័ព្ទ និងហ្គេមកុំព្យូទ័រ ជាច្រើនប្រភេទ។  

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុត អំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh៕

To Top