ភ្នំពេញ៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ដោយការឈានចេញឆ្នាំចាស់ ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើម យុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយ តាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូន ពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021 ខាងមុខនេះ។
យុទ្ធនាការផ្សព្វផ្សាយ ដែលត្រូវបានថតឡើងនៅក្នុងបរិវេណនៃតំបន់ ប្រាសាទព្រះវិហារនេះ គ្រោងនឹងចាក់ផ្សាយនារាត្រីនេះ (ថ្ងៃទី ៣១ ខែធ្នូ) នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗ ទាំងអស់រួមមាន CTN, MYTV និង CNC និងនៅតាមបណ្តាញសង្គមរបស់ ក្រុមហ៊ុនសែលកាត។
ខ្សែវីដេអូខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពី បងប្អូនខ្មែរមកពីគ្រប់បណ្តារាជធានី-ខេត្ត មករួមបង្ហាញនូវវប្បធម៌ដ៏សម្បូរបែប និងពលរដ្ឋចម្រុះជាតិសាសន៍ នៅក្នុងប្រទេសកម្ពុជា។
អមដោយទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះវិហារ ខ្សែវីដេអូនៃប្រធានបទ “ប្រជាជាតិតែមួយ” ដែលមានរយៈពេល ២នាទីនេះ បានស្តែងឱ្យឃើញនូវការគោរព និងការកោតសរសើរចំពោះ ប្រជាជនខ្មែរ ដែលពួកគាត់បានរួបរួម និងជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងនៃវិបត្តិជម្ងឺកូវីដ-១៩ នេះ។
ក្រុមហ៊ុនសែលកាត បានចូលរួមបង្កើតគោលគំនិត សម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេ នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំ ថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ ជាច្រើននៅក្នុងវិស័យមួយនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែល កាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ ដែលបានចូលរួមជួយផលិត ខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ របស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “យើងចង់ផលិតនូវស្នាដៃ យ៉ាងពិសេសមួយ សម្រាប់ឆ្នាំនេះ ដើម្បីជាការចងចាំនូវអ្វីគ្រប់យ៉ាងដែលយើង បានឆ្លងកាត់កន្លងមក។ នេះគឺជាវប្បធម៌នៃការបង្ហាញពីភាពមោទន របស់សែលកាត ពោលយើងគឺជា ក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាប្រតិបត្តិករទូរស័ព្ទចល័តដែលមានវត្តមាន យូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលតែងតែខិតខំផ្តល់ នូវសេវាបម្រើដ៏ល្អឥតខ្ចោះជូន ដល់អតិថិជន ក៏ដូចជាការចូលរួមទទួលស្គាល់នូវការរួមចំណែក របស់ប្រជាជនកម្ពុជាផងដែរ”។
សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងឋិតនៅក្រោមទស្សនវិស័យនៃការដឹកនាំ របស់អ្នកឧកញ៉ា គិត ម៉េង គឺជាប្រតិបត្តិករទូរស័ព្ទចល័ត តែមួយគត់ ដែលមានកម្មសិទ្ធិគ្រប់គ្រងដោយ ជនជាតិខ្មែរទាំងស្រុង។
សែលកាត គឺជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ ដែលបានពាំនាំនូវនវានុវត្តន៍ ជាច្រើនរាប់មិនអស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក៏ជាក្រុមហ៊ុន ដែលទទួលបាននូវពានរង្វាន់ជាតិ និងអន្តរជាតិជាង ៣០ លើផ្នែកបណ្តាញ 4G LTE និងប្រតិបត្តិការប្រកបដោយឧត្តមភាពផងដែរ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសែលកាត តែងនៅចាំបម្រើបងប្អូនពលរដ្ឋខ្មែរជានិច្ច ពោលគឺក្រុមហ៊ុនបានរៀបចំដំឡើងសេវាគ្របដណ្តប់គ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ មិត្តភក្តិ និងពលរដ្ឋនៅតាមសហគមន៍ អាចទំនាក់ទំនងគ្នា ក៏ដូចជារួបរួមសាមគ្គីគ្នាជាប្រជាជាតិតែមួយ។ គ្រប់សមាជិកទាំងអស់របស់ក្រុមសែលកាត តែងតែចូលរួមជួយគិតគូរដល់ប្រទេសជាតិ ប្រកបដោយភាពមោទន ក្តីសង្ឃឹម និងភាពក្លាហាន ស្របពេលដែលពួកយើងទាំងអស់ កំពុងត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២១។
លោកអ្នកអាចចូលទស្សនាខ្សែវីដេអូនេះបាន នៅលើទំព័រយូធូបរបស់សែលកាត៖ https://youtu.be/D3aAqdHfgkw។
លោកអ្នកក៏អាចស្វែងរកបទភ្លេង “ប្រជាជាតិតែមួយ” ដែលជាបទភ្លេងទទួលការបំផុសគំនិតដោយបទភ្លេងជាតិខ្មែរ នៅលើ Cellcard’s Calltunes និងសេវាកម្ម Music Streaming ជាច្រើនទៀតផងដែរ៕