អត្ថបទ

វីង និង ធនាគារឈីហ្វ សហការគ្នា ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទូទាត់ ប្រាក់កម្ចី ដល់ប្រជាជនកម្ពុជា

ភ្នំពេញ-ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់ នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ ដ៏ល្បីមួយ មានអាយុកាលជាង៤១ឆ្នាំ ជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុ យ៉ាងសម្បូរបែប បានប្រកាសភាពជាដៃគូថ្មីមួយ ដែលនឹងអនុញ្ញាត ឱ្យអតិថិជនអាចសងប្រាក់កម្ចី តាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។

ភាពជាដៃគូនេះផ្តល់សេរីភាព ដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជានៅតំបន់ដាច់ស្រយាល ប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចី តាមរយៈភ្នាក់ងារវីង ប្រកបដោយភាពងាយស្រួល រហ័សនិងមានសុវត្ថិភាព។ អតិថិជនក៏អាចសង ប្រាក់កម្ចីតាមរយៈ កម្មវិធីស្មាតហ្វូនវីងដ៏មានភាពច្នៃប្រឌិត ដោយគ្រាន់តែចុចពីរ ឬបីដង លើទូរស័ព្ទដៃរបស់ពួកគាត់ តែប៉ុណ្ណោះ។ លើសពីនេះផងដែរ អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ក៏អាចផ្ទេរប្រាក់ បានយ៉ាងងាយស្រួល តាមរយៈ ប្រព័ន្ធបាគង ទៅប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ របស់វីងផងដែរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេស វីង បានមានប្រាសន៍ថា «ខ្ញុំរីករាយណាស់ ដែលបានចូលរួមជាមួយ ធនាគារពាណិជ្ជ ឈីហ្វ បន្តបេសកកម្មរបស់យើង ក្នុងការផ្តល់ជូនអតិថិជន នូវដំណោះស្រាយដ៏ងាយស្រួល។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការកែលម្អសេវាកម្ម ហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព រស់នៅក្នុងសហគមន៍របស់យើង។»

វីងដែលជាធនាគារ ឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែង អស់រយៈពេល ជាង១២ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅ ក្នុងការផ្តល់ជូន ប្រជាជនកម្ពុជា គ្រប់រូបនូវការទទួលបាន សេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាព រហ័ស ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណង លើកកំពស់ជីវភាព ប្រចាំថ្ងៃ របស់ប្រជាជន។

ការប្តេជ្ញាចិត្តរបស់វីង ក្នុងការផ្តល់សិទ្ធអំណាច ផ្នែកបរិយាប័ន្នហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាច មានបណ្តាញភ្នាក់ងារវីង កាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរ នៃកម្មវិធីស្មាតហ្វូនវីង។

ចំណុចសំខាន់ នៃភាពជាដៃគូរ វាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែកចក្ខុវិស័យរួមគ្នា មួយក្នុងការប្រើប្រាស់ សមត្ថភាពផ្នែកហិរញ្ញវត្ថុ របស់ពួកគេ ដើម្បីលើកកម្ពស់កម្រិតជីវភាព ប្រជាជនកម្ពុជា នៅទូទាំងប្រទេស។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ បានមានប្រសាសន៍ថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ធនាគារ ពាណិជ្ជឈីហ្វ ក្នុងការធ្វើឱ្យផលិតផល របស់យើងប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការហិរញ្ញវត្ថុ របស់អតិថិជន ដែលកំពុងកើនឡើង ដូច្នេះអតិថិជន អាចផ្តោត លើកំណើនអាជីវកម្មរបស់ពួកគេ ។ អតិថិជនរបស់ធនាគារ ពាណិជ្ជឈីហ្វ នឹងរីករាយនូវជម្រើសថ្មី ដែលអនុញ្ញាត ឱ្យពួកគេបង់ប្រាក់កម្ចីរបស់ពួកគេ ដោយមិនចាំបាច់ទៅដល់ ការិយាល័យរបស់ធនាគារ ពាណិជ្ជ ឈីហ្វ នោះទេ។»

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹងឃើញពីការរីកចម្រើន ជាបន្តបន្ទាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន មានទ្រព្យសកម្មសរុប មានចំនួនជាង ១៤៣លានដុល្លារ គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបុគ្គលិកសរុបជាង ១៤០នាក់។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជន ជាដៃគូយូរអង្វែង ដែលអាចធ្វើអោយ ធនាគារយើង នៅតែបន្តរីកចម្រើន ទៅមុខជាលំដាប់។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្ម ធ្វើជាមូលដ្ឋានីយកម្ម និងអភិវឌ្ឍន៍ដែលសក្តិសមបំផុត ទៅនឹងតម្រូវការជាក់ស្តែង របស់អតិថិជន នៅក្នុងប្រទេសកម្ពុជា។ យើងមិនត្រឹមតែ ធ្វើការយ៉ាងសកម្ម ដើម្បីធ្វើឱ្យប្រសើរឡើង ថែមទៀតនូវផលិតផល ដែលមានស្រាប់របស់យើង ប៉ុណ្ណោះទេ ព្រមទាំង ណែនាំផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតាមតម្រូវ ការរបស់អតិថិជន ដែលកំពុងកើនឡើងជាលំដាប់។

CHIEF GROUP ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង ដែលបានពង្រីក សក្តានុពលរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រកាន់ខ្ជាប់នូវជំនឿ នៃការអនុវត្តក្រមសីលធម៌ និងការវិនិយោគ ដោយភាពប្រយ័ត្នប្រយែង។ យើងបានបន្តដំណើរទៅមុខ ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្មគោលដៅ និងទស្សនវិស័យរបស់យើង និងផ្តល់សេវា ដល់អតិថិជនរបស់យើង អោយកាន់តែប្រសើរឡើង ជាងមុនដើម្បីទទួលបានលទ្ធផលល្អ។ ជោគជ័យរបស់យើង ត្រូវបានគេសន្មត់ថា ជាស្មារតីក្រុមខ្លាំង ជាមួយនឹងចក្ខុវិស័យ និងគោលនយោបាយ ច្បាស់លាស់។

យើងសូមណែនាំឲ្យលោកអ្នក ចូលទៅកាន់គេហទំព័ររបស់យើង www.chiefbank.com.kh និងទាញយកកម្មវិធីទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយ របស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជន នឹងទទួលបាននូវសេវាកម្ម ដ៏ល្អពីបុគ្គលិក ដែលរងចាំផ្តល់សេវាជូនលោកអ្នក៕

To Top