អត្ថបទ

សែលកាត ចូលរួមគាំទ្រ ដល់កម្មវិធី ប្រកួតកីឡា ប្រដាល់គុនខ្មែរ ដើម្បីជ្រើសរើស ក្រុមកីឡាករ ជើងឯកថ្នាក់ជាតិ ឈានទៅប្រកួតបន្ត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021 ៖ ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករ ឈានទៅប្រកួតបន្តនៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។

ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការ នូវការប្រកួតជ្រើសរើស កីឡាករជើងឯក ដែលនឹងត្រូវហ្វឹកហាត់ ដើម្បីត្រៀមខ្លួនធ្វើ ជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំ របស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន សែលកាត កាលពីឆ្នាំកន្លងទៅ នៃកិច្ចសហការរយៈពេល ២ ឆ្នាំរបស់ខ្លួន ជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយ នៅលើពិភពលោក។

ពិធីបើកការប្រកួត ត្រូវបានប្រព្រឹត្តិទៅ ដោយមានការចូលរួមថ្លែងសុន្ទរកថា ស្វាគមន៍របស់លោក តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។

លោក វ៉ាតសុន បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អ ជាមួយនឹងសែលកាត ដែលជាក្រុមហ៊ុន ជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ ចល័តតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រង ដោយជនជាតិខ្មែរ១០០%។

លោកវ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ “ខណៈដែលក្រុមសែលកាតចូលរួម ធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ក្នុងការ ជួយដល់វិស័យគុនខ្មែរយើង ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយ សម្រាប់ប្រទេសកម្ពុជា” ។

ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសក្នុងការចូលរួមគាំទ្រដល់កីឡាករខ្មែរយើង ដែលពួកគេនឹងលើកទង់ជាតិខ្មែរបង្ហាញ ប្រកបដោយភាពអង់អាចក្លាហាន នៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ។

លោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា និងជាទូតសុឆន្ទៈ តំណាងឱ្យក្រុមហ៊ុនសែលកាតផងនោះ ក៏បានចូលរួមថ្លែង នៅក្នុងពិធីបើកកម្មវិធីប្រកួតនេះ ដោយបានគូសបញ្ជាក់ថា គុនខ្មែរ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួន ពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាកីឡាករប្រយុទ្ធរបស់ ONE Championship ។

កម្មវិធីប្រកួតជើងឯកនេះ នឹងត្រូវធ្វើឡើង រហូតដល់ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២១ នៅឯពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) នារាជធានីភ្នំពេញ ដោយក្នុងនោះ នឹងមានការចូលរួម របស់កីឡាករកំពូលៗរបស់ខ្មែរយើង នៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ៕

To Top