អត្ថបទ

សែលកាត រៀបចំកម្មវិធីទស្សនា ខ្សែភាពយន្ត ក្រោមពន្លឺផ្កាយ ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់

សែលកាត បណ្តាញទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា

ភ្នំពេញ៖ 10 កុម្ភៈ 2021-​ ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធី ចាក់បញ្ចាំងខ្សែភាពយន្ត ក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួន សម្រាប់ឆ្នាំ 2021 នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជន អាចអញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។

សែលកាត រៀបចំកម្មវិធីទស្សនា ខ្សែភាពយន្ត ក្រោមពន្លឺផ្កាយ

ការទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះ មានជាទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើង នូវអេក្រង់ខ្នាតយក្ស ទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្ត ជូនដល់ពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្ត ក្រោមពន្លឺផ្កាយនេះ មានគោលបំណង ដើម្បីនាំយកនូវភាព សប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជន ដែលខកខានមិនបានអញ្ជើញ ទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាក ដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះ កម្មវិធីសម្តែងផ្ទាល់។

“នេះជាមធ្យោបាយ ដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយ ជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ ពួកយើងក៏អាចប្រកាន់ខ្ជាប់ នូវគោលការណ៍ណែនាំ សុវត្ថិភាពសំខាន់ៗផងដែរ”។

“កម្មវិធីទស្សនាខ្សែភាពយន្ត ក្រោមពន្លឺផ្កាយនេះ ត្រូវបានរៀបចំឡើង ដោយមានអមមកជាមួយ នូវកម្មវិធីកម្សាន្តសប្បាយៗ ពេញមួយរាត្រី ពោលចាប់ផ្តើមដំបូង លោកអ្នកនឹងបានទស្សនា ការសម្តែងសិល្បៈសៀក ដ៏អស្ចារ្យរបស់ Phare Cambodian Circus ហើយបន្ទាប់មក ក៏នឹងមានឱកាស បានជួបជាមួយ idol សែលកាត ជាច្រើនរូបទៀតដូចជា ប៊ុនឡេង រៀនថត ស្រីណា និងហេង វិសាលជាដើមផងដែរ។

ខ្សែភាពយន្តថៃរឿង Happy Single’s Day នឹងចាក់បញ្ចាំងចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅទីធ្លាខាងក្រៅ លើកញ្ចក់អេក្រង់ខ្នាតយក្សទំហំ 12 ម៉ែត្រ គុណ 7 ម៉ែត្រ ដោយក្នុងនោះ លោកអ្នកថែមទាំង អាចរីករាយជាមួយ អាហារសម្រន់ និងភេសជ្ជដ៏ឆ្ងាញ់ពិសារ ដែលបម្រើជូនដោយបុគ្គលិក របស់សណ្ឋាគារសូហ្វីតែលទៀតផង។

កម្មវិធីទស្សនាខ្សែភាពយន្ត ក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាត ឱ្យចូលរួមដោយសេរី សម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែ បញ្ចូលទឹកប្រាក់ទូរស័ព្ទ 5 ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។

ក្រុមហ៊ុនសែលកាត នឹងមានដំឡើងស្តង់ នៅក្បែរច្រកចូល ដើម្បីជួយសម្រួលដល់ ការបញ្ចូលទឹកប្រាក់ ក៏ដូចជាផ្តល់ជូនស៊ីមកាតថ្មី ដល់អ្នកដែលមិនទាន់បាន ក្លាយជាសមាជិកសែលកាត ដែលមានបំណង ចង់ចូលរួមផងដែរ។

ដោយសារកន្លែងចូលរួមមានកំណត់ ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៍ ចង់ទស្សនាខ្សែភាពយន្ត ក្រោមពន្លឺផ្កាយទាំងអស់ គួរអញ្ជើញមក ឱ្យបានមុនម៉ោង 5:30 ល្ងាច។

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រ ដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងកំឡុងនៃវិបត្តិ ជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹក អ្នកទាំងអស់គ្នាឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ត តាមគោលការណ៍សុខភាព របស់រដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

To Top