អត្ថបទ

ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយក ប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។

ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ​ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀត ដែលមានដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។ 

ចាប់ពីឆ្នាំ 2023 អតិថិជន​រថយន្ត Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរ ទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួល ដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្ត បែបថ្មី​ដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្ត ដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។

លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នាពេលបច្ចុប្បន្ននេះ និងនាពេលអនាគត តួយ៉ាងដូចជារថយន្តអគ្គិសនី និងរថយន្ត ដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មី ដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ។”

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Ford បានឈរជើងនៅលើវិស័យ យានយន្តអស់រយៈពេលជិត 120ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជា មានមោទនៈភាពដែលអាច សហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យា តាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និងបង្កើនល្បឿន អាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាព ជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង។”

តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់ អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។ 

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះវាមិនដូចគ្នា ទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងារ របស់វាមានដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់ មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដង ដែលមានដូចជា៖

  • • មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗ របស់រថយន្តតាមរយៈ ការប្រើសម្លេងតែប៉ុណ្ណោះ
  • • មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ ដែលអាចជួយឲ្យអ្នកបើកបរ ទៅដល់គោលដៅបានឆាប់រហ័សជាងមុន ជាមួយនឹងការបង្ហាញស្ថានភាព ចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ 
  • • មុខងារ Google Play ផ្តល់នូវការកំសាន្ត ដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះ មាននៅលើរថយន្តស្រាប់តែម្តង។

តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀត បានដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន៕

To Top