អត្ថបទ

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរ​ ល្បីៗ៣នាក់ រួមគ្នា ផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់ របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកំសាន្តខ្មែរ ល្បីៗចំនួន ៣នាក់ រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួម ធ្វើឲ្យវិស័យចម្រៀង និងភាពយន្តខ្មែរ រស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំ ផលិតវីដេអូ សម្រាប់អាជីកម្មល្បីៗ ជាច្រើននៅកម្ពុជា និង កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេង របស់កម្មវិធី «បុណ្យភូមិ»។

បទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ចេញជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ហើយពលរដ្ឋកម្ពុជា អាចស្វែងរកបាននៅលើ ទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app ហើយវីដេអូបទចម្រៀង នឹងចេញនៅថ្ងៃទី០២ ខែមិនា។ វីដេអូចម្រៀងបទនេះ ត្រូវបានគេរំពឹងថា នឹងចូលរូមបំផុសស្មារតី ពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈ ជួយគ្នាទៅវិញទៅមក ជាពិសេស ក្នុងវិបត្តិកូវីដ ១៩ នឹងធ្វើឲ្យពលរដ្ឋខ្មែរ មានមោទនភាព ចំពោះប្រទេសជាតិខ្លួន។

លោក សុខ វិសាល បានឲ្យដឹងថា ការផលិតវីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះចំណាយអត់រយៈពេល ៤ ថ្ងៃ ដោយសិល្បករ និងសិល្បករនីល្បីៗរបស់ Pleng ចូលរួមសម្ដែង និងផលិតរួមមាន ស៊ូលី ផេង ក្រុមតូច SWSB ចិត្ត កញ្ចនា សាង សុខសេរី វុទ្ធា ប្រុសឡា DJ Chee Ruthko Reezy និង 4T5 ។

កញ្ញា ចិត្ត កញ្ចនា សិល្បករនី ល្បីឈ្មោះមួយរូប របស់ Pleng បាននិយាយថា ៖ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួម ផលិតវីដេអូបទចម្រៀងមួយនេះ ជាមួយសិល្បករដ៏ទទៃទៀត។ ខ្ញុំគិតថាយុទ្ធនាការនេះ នឹងទទួលបានជោគជ័យ យ៉ាងខ្លាំង មូលហេតុថា ការយកអាសាគ្នា​ ទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃសង្គមរបស់យើង។នាងខ្ញុំសង្ឈឹមថា នឹងមានសិល្បករខ្មែរ កាន់តែច្រើនទៀត ចូលរួមជួយសង្គម។»

ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ក៏បានរៀបចំការប្រគុំតន្រ្ដី តាមសប្បុរសធ៌ម ស្នាមញញឹម តាមអនឡាញ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ កុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងទិវា នៃក្ដីស្រលាញ់១៤កុម្ភៈ កន្លងទៅ៕

To Top