អត្ថបទ

EZECOM ជាក្រុមហ៊ុនដំបូង​គេ​ ដែលប្រើប្រាស់កម្មវិធី Microsoft Teams សម្រាប់ “Live Streaming” ក្នុងប្រទេស​កម្ពុជា

ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់សេវាកម្ម ​ទូរ​គម​នាគមន៍​​ឈាន​មុខ​គេ ​របស់​កម្ពុជា បានអះអាង​ជា​ថ្មី​នូវការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ ចំពោះឌីជីថលនីយកម្ម​នៅ​កម្ពុជា​ តាមរយៈ​ការប្រែក្លាយ ជាក្រុមហ៊ុនដំបូង​ក្នុង​ប្រទេស​​ ដែលប្រើប្រាស់​​​កម្មវិធី Microsoft Teams សម្រាប់ការផ្សាយ​ផ្ទាល់​ (Live streaming) ព្រឹត្តិការណ៍​សាធារណៈនានា។

ការ​ផ្សាយផ្ទាល់នេះ​ត្រូវបានធ្វើតេស្ត និងបង្ហាញពីភាព​ជោគជ័យ នៅពេលដែល​ក្រុមហ៊ុន បាន​រៀបចំ​​កិច្ចប្រជុំ​ធុរកិច្ច​ ប្រចាំឆ្នាំ​​​២០២១របស់ខ្លួន​​ នៅថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ នៅ​មជ្ឈ​មណ្ឌល CKCC។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ផ្សាយផ្ទាល់​ ដោយ​ប្រើប្រាស់កម្មវិធី Microsoft Teams។

ភាព​ជោគ​ជ័យនេះ ​ជួយ​ឱ្យ​ក្រុមហ៊ុន EZECOM បង្ហាញថា កម្មវិធី Microsoft Teams មិន​ត្រឹម​តែ​ជា​​កម្មវិធីមួយ​ ដែលអាច​ឱ្យ​ក្រុមការងារ​ ធ្វើ​ការរួមគ្នា និង​ប្រជុំ​អនឡាញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​ផ្ញើសារ​ភ្លាមៗ របស់​ក្រុមហ៊ុន​​ ប្រកប​ដោយ​សុវត្ថិភាព​ ទៅកាន់​ភាគី​ពាក់​ព័ន្ធ​ណាមួយ ចំពោះ​អាជីវកកម្ម ជា​ពិសេស​ក្នុង​​អំឡុង​ពេល​ រាត​ត្បាត​ជំងឺ​កូវីដ​បែប​នេះ។

លោក Asitha De Costa ប្រធាន​ផ្នែកពត៌មានវិទ្យា ​​របស់ក្រុមហ៊ុន EZECOM បានថ្លែងថា៖ យើង​​បន្តស្វែង​រក​សេវាថ្មីៗ និង​គុណតម្លៃ​​​បន្ថែម​ ដើម្បីផ្តល់ជូន​អតិថិជន​របស់យើង​ តាមរយៈការ​ផ្តល់​ជូន​​បច្ចេក​វិទ្យា​ល្អ​បំផុត និងចុងក្រោយបំផុត​ ទៅលើទីផ្សារ។ យើង​ព្យាយាម​អោយ សេវាកម្មរបស់យើង​ ក្លាយជាជំនួយដ៏ល្អបំផុតដល់អាជីវកម្ម​ ស្របតាមតម្រូវការ​របស់​អតិថិជន​ ហើយប្រាកដថាទាំង​អស់​នេះ ​​ពិតជា​នាំ​មក​នូវគុណ​តម្លៃ​កាន់តែ​ច្រើន​ជូន​ដល់​ស្ថាប័ន​។

ក្រុមហ៊ុន EZECOM បានចាប់​ផ្តើម​ផ្តល់​ជូន ​ផលិតផល​ Microsoft Cloud Service ដល់ទីផ្សារ​កម្ពុជា​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ មក ដោយ​ក្រុមហ៊ុន​ទទួលបាន ​សិទ្ធិចែកចាយនេះ(CSP)​ ពីក្រុមហ៊ុន Microsoft ផ្ទាល់តែម្តង​​​។ កម្មវិធី “Microsoft Teams” គឺជា​ផ្នែកមួយ​នៃ​កញ្ចប់​​សេវាកម្ម​ ផលិតផល​ខ្លោដ (Cloud)​ របស់ក្រុមហ៊ុន Microsoft ដែល​កម្មវិធីនេះ មាន​ទាំងប្រភេទ​​​មិន​​​​​គិតថ្លៃ និង​គិត​ថ្លៃ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់/​ ក្រុមហ៊ុន​សហគ្រាស​ ធ្វើ​ការ​​រួមគ្នា​បាន នៅពេលដែលត្រូវការ។ សន្តិសុខព័ត៌មាន​គឺជា​បញ្ហា​ដ៏សំខាន់​មួយ​​ សម្រាប់​ស្ថាប័ន​នានា​ នៅ​ពេលបច្ចុប្បន្ននេះ ហើយកំពុង​ត្រូវបាន​សម្លឹង​មើល​ យ៉ាងយក​ចិត្តទុក​ដាក់​​​ដោយ​ក្រុមហ៊ុន​ Microsoft ដូច្នេះហើយទើប​កម្មវិធី Microsoft Teams នេះត្រូវបានបង្កើតឡើងដើម្បីងាយស្រួល ធ្វើការរួមគ្នាពីចំងាយ​ និងប្រកបដោយសុវត្ថិភាព។ កម្មវិធី​នេះ​​ក៏​ត្រូវបានចាត់ទុកថា​ជាកម្មវិធី​មួយ ​ក្នុងចំណោម​កម្មវិធី​ល្អ​បំផុត​​​ ដែល​ប្រើប្រាស់​ដើម្បី​ផ្សាយ​ផ្ទាល់​ (Live Stream) និង​ធ្វើការងារ​រួម​គ្នា នៅ​ក្នុងប្រទេស​ចិន​ផង​ដែរ ព្រោះតែកម្មវិធីនេះ មានការថែរក្សាការសម្ងាត់ខ្ពស់ និងគោរពតាម​ស្តង់ដារ GDPR ដែលជា​គោលការណ៍​​គោរព និងរក្សាការសម្ងាត់ឯកជនភាព នៃ​ទិន្នន័យ​​។

ជាមួយ​នឹង​លក្ខណៈ​ពិសេស​ទាំងនេះ ក្រុមហ៊ុន EZECOM បច្ចុប្បន្ន​កំពុង​គាំទ្រ​​ ក្រុមហ៊ុន​ជា​ច្រើន​​ក្នុង​ដំណើរ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក ការគ្រប់គ្រងក្រុមហ៊ុន តាមប្រព័ន្ធ​ឌីជីថល​​​ ជាមួយ​នឹងការប្រើប្រាស់​ ផលិត​ផល និង​សេវាកម្មរបស់ក្រុមហ៊ុន Microsoft។ ជាមួយ​នឹងកញ្ចប់​សេវាកម្ម​ សម្រាប់​អាជីវកម្ម M365 ថ្មី ក្រុមហ៊ុន EZECOM កំពុង​ពង្រីក​កញ្ចប់​ផលិតផល​របស់​ខ្លួន​ ទៅ​កាន់សហគមន៍​អាជីវកម្ម​ ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន ២៣% នៃ​អ្នកជាវ​សេវា​កម្ម របស់​ក្រុមហ៊ុន EZECOM គឺ​ជា​ក្រុមហ៊ុន​សហគ្រាស ដែល​កំពុង​រីក​ចម្រើន​ យ៉ាង​ឆាប់រ​ហ័ស។

លោក Asitha De Costa បាន​បន្ថែមថា៖ យើង​រំពឹ​ង​ថា នឹងមានតម្រូវការ​​​ខ្លាំង នូវ​ផលិតផល​និង​សេវាកម្ម​ថ្មី​ដែល​កំពុង​ផ្តល់ជូន​ ទៅក្រុមហ៊ុន​សហគ្រាស​​​ក្នុងស្រុក។ ទិស​ដៅ​​​របស់​យើង​ គឺក្លាយជាក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ឌីជីថល​ ដល់​អតិថិជនរបស់​យើង។ យើង​មាន​មោទ​ន​ភាព​​​ ចំពោះ​ការ​ឆ្លើយ​តប​ទៅនឹង​ តម្រូវ​កា​របស់​បណ្តា​អាជីវកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា ដែលនឹង​ស្រប​គ្នា​ទៅ​នឹង​​ចក្ខុវិស័យ ​របស់​ប្រទេស​ក្នុងការ​ជំរុញ​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​ទៅ​​ឌីជីថល ។

ក្រុមហ៊ុន EZECOM ជា​ក្រុម​ហ៊ុនអ៊ីនធឺណិត​តែមួយ​គត់​ ដែល​មាន​ប្រព័ន្ធ​ខ្សែកាប្លិ៍ បាត​សមុទ្រ​ផ្ទាល់​ខ្លួន​ដំបូងគេនៅកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែល​លាត​សន្ធឹង​ប្រហែល ១.៣០០ គីឡូម៉ែត្រ។ បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើ​អោយ​ប្រទេស​កម្ពុជា ​ក្លាយ​ជា​ចំណុច​តភ្ជាប់​មួយ​ទៅ​កាន់​ទ្វីប​អាស៊ី​ទាំង​មូល​ និង​អាច​ឱ្យ​​ប្រទេស​កម្ពុជា ​អាច​តភ្ជាប់ ​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀត ក្នុងពិភពលោកបានយ៉ាងងាយ ដោយ​​ឆ្លង​កាត់​តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏​បាន​ចាប់​ដៃ​គូ​ផង​ដែរ​ ជា​មួយ​ក្រុមហ៊ុន NXT Network ដែល​ជា​ក្រុមហ៊ុន​ មាន​ជំនាញ​ខាង​ចែក​ចាយ​អ៊ីនធឺណិត​ខ្នាត​ធំ​ ក្នុង​តំបន់​អាស៊ាន​ ដោយ​បាន​ប្រកាស​ភាព​ជាដៃ​គូ យុទ្ធសាស្រ្ត​មួយ​ដើម្បី​រួម​គ្នា​ផ្តល់​សេវាកម្ម​ កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។ 

ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន EZECOM បានក្លាយជា​ក្រុមហ៊ុន ​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ទទួលបាន ​វិញ្ញាបនបត្រ​ ISO។ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពាន​រង្វាន់ Best ISP Award រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ​ គឺ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ បាន​ឈ្នះ​ពានរង្វាន់​ Cambodia ICT Awards (CICTA) និង​ទទួ​ល​បានពាន​រង្វាន់ Best ISP for Enterprise Award ក្នុង​​ឆ្នាំ​២០១៦ បាន​ឈ្នះ​ពាន​រង្វាន់ Best Employer Brand Award ក្នុង​ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ទទួលស្គាល់ជា​ផ្លូវ​ការ​ជាមួយ​នឹង​វិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុង​ឆ្នាំ​២០២០ នេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×