ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២១៖ វីដេអូចម្រៀង “ឆ្ពោះទៅមុខរួមគ្នា” ដែលមានការចូលរួម ពីសិល្បករខ្មែរជាច្រើន ទទួលបានការចូរទស្សនា ២លានដង (2 million views) ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។
វីដេអូចម្រៀង (MV) បទនេះ ដែលចាក់ផ្សាយ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ត្រូវបានផលិតឡើង ក្នុងគោលបំណង ចូលរូមបំផុសស្មារតី ពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈ ឱ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺ កូវីដ-១៩។
ដោយសារភាពល្បីល្បាញ របស់យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” ដែលធ្វើឡើង ក្នុងគោលបំណង លើកស្ទួយសាមគ្គី ភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ ទូទាំងប្រទេស វីដេអូ ចម្រៀង (MV) “ឆ្ពោះទៅមុខរួមគ្នា” ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានចំនួនការចូលទស្សនា សរុបចំនួន ២លានដង បានបន្ទាប់ ពី MV នេះ ត្រូវបានចេញផ្សាយ នៅលើទំព័រ ហ្វេសប៊ុក របស់ Pleng by Smart និង Smart ព្រមទាំងទំព័រហ្វេសប៊ុក ផ្សេងៗទៀត របស់ ក្រុមសិល្បករ។
លោក សុខ វិសាល ដែលជាអ្នកដឹកនាំម្នាក់ ក្នុងចំណោម អ្នកដឹកនាំ ផលិតវីដេអូចម្រៀនងនេះ បានថ្លែងថា៖ “យើង មានមោទនាភាពយ៉ាងខ្លាំង ដែលវីដេអូចម្រៀងបទនេះ ទទួលបានការចូលទស្សនា យ៉ាងច្រើនបែបនេះ ក្នុងពេលត្រឹមតែ ២៤ម៉ោង ”។
លោកបន្ថែមថា៖ “ខ្ញុំរំពឹងថានឹងមានការចូលទស្សនា កាន់តែច្រើនឡើងថែមទៀត ហើយអ្នកទស្សនា នឹងស្វែងយល់អត្ថន័យ នៅក្នុងវីដេអីចម្រៀងនេះ ”។
វីដេអូចម្រៀង (MV) បទ “ឆ្ពោះទៅមុខរួមគ្នា” គឺជាស្នាដៃ ដឹកនាំរួមគ្នាដំបូងបង្អស់ របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកម្សាន្តល្បីៗចំនួន ៣នាក់ រួមមានលោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូ សម្រាប់អាជីវកម្មល្បីៗ ជាច្រើននៅកម្ពុជា និង កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេង របស់កម្មវិធី«បុណ្យភូមិ»។
វីដេអូបទចម្រៀងនេះ ច្រៀងនិងសម្តែងរួមគ្នា ដោយតារាចម្រៀង ១៣រូប រួមមាន កេសរ, ពេជ្ជរិទ្ធ, ដេវីត, ភិរម្យ (ពីក្រុម SmallWorld SmallBand), ស៊ូលី ផេង, 4T5, Bross La, Reezy, កញ្ចនា, វុទ្ធា, Ruthko សេរី និង DJ Chee។
បទចម្រៀង និងវីដេអូចចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» អាច ស្វែងរកបាន នៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app និងយូធូប Smart Axiata ឬ តាមរយៈ តំណ ភ្ជាប់ (Link) នេះ៖ https://youtu.be/ValyCjdu7sk៕