អត្ថបទ

ការជួយពលរដ្ឋក្រីក្រ និងផ្តល់ការអប់រំ ដល់កុមារ ជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី ពានរង្វាន់ ពលរដ្ឋគំរូ Smart

ភ្នំពេញ-ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រ ឱ្យទទួលបានការសិក្សា ដោយឥតគិតថ្លៃ និងការជួយសង់ផ្ទះ ឱ្យពលរដ្ឋគ្មានផ្ទះសម្បែង គឺជាអំពើល្អ ដែលជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបានជ្រើសតាំង ជាបេក្ខនារីមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។

ឥឡូវនេះ អ្នកស្រីបានជាប់ជាបេក្ខនារីម្នាក់ ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើអ្នកស្រី ត្រូវបានគេជ្រើសរើស ជាអ្នកទទួលជ័យលាភី អ្នកស្រីនឹងទទួលបាន ប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

អ្នកស្រី ផាន់ លក្ខិណា ដែលកើតក្នុងគ្រួសារក្រីក្រ ក្នុងរាជធានីភ្នំពេញ គឺជាអតីតបុគ្គលិក របស់អង្គការ មិនមែនរដ្ឋាភិបាលរយៈពេល ១០ឆ្នាំ។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីតែងតែងស្រម៉ៃ ចង់មានឱកាសមួយ ដើម្បីជួយយកអាសារពលរដ្ឋ ដែលជួបការលំបាក។

ជាក់ស្តែង ក្រោយការចាកចេញពលរដ្ឋ សហគមន៍ដីក្រហម ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០០៩ អ្នកស្រី ជាមួយនឹងស្វាមី បានជួយពួកគេបន្ទាប់ពីពលរដ្ឋទាំងនោះ បានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថាសហគមន៍តង់ខៀវ។

អ្នកស្រីបានថ្លែងថា “នៅពេលនោះយើង បានជួយពួកគាត់ ក្នុងនាមពួកខ្ញុំជាសប្បុរសជន។ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន និងរៃអង្គាសប្រាក់ពីមិត្តភក្តិ ដើម្បីទិញសំពត់តង់ចែក ជូនដល់ពលរដ្ឋទាំងនោះ ដោយសារឃើញ ពួកគាត់មានការលំបាក”។

នៅដើមឆ្នាំ២០១១ ដោយទទួលបានជំនួយ ពីសប្បុរសជន នៅប្រទេសអូស្រ្តាលី អ្នកស្រីបានមកបង្កើត អង្គការមួយ ឈ្មោះថាអង្គការម៉ាណាជីវិត ជាមួយស្វាមីរបស់អ្នកស្រី។ ក្រោយមក អង្គការរបស់អ្នកស្រី ក៏ទទួលបានជំនួយបន្ថែម ពីព្រះវិហារគ្រីស្ទសាសនា នៅប្រទេសកាណាដា និងណូវែលសេឡង់ ។

អ្នកស្រីបន្ថែមថា “ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេលខ្ញុំឃើញពួកគាត់លំបាក វាធ្វើឱ្យខ្ញុំនឹកឃើញ អតីតកាលរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់គួរទទួលបានជំនួយ ដូចជាផ្ទះជាដើម។ ដូច្នេះខ្ញុំបានសម្រេចចិត្ត បើកអង្គការនេះឡើង ដើម្បីជួយពួកគាត់”។

បន្ទាប់មក អង្គការរបស់អ្នកស្រី បានសាងសង់កូនផ្ទះតូចៗចំនួន ៩៣ខ្នងជូនពលរដ្ឋ សហគមន៍តង់ខៀវ និងអតីតពលរដ្ឋ សហគមនបុរីកីឡា ដែលគម្រោងនេះ បានបញ្ចប់នៅឆ្នាំ២០១៣ ហើយក្នុងពេល ជាមួយគ្នានោះដែរ ក៏មានការបើកវគ្គបង្រៀន កុំព្យូទ័រដល់កុមារផងដែរ។

អ្នកស្រី ធី ស្រី អាយុ ៤៣ឆ្នាំ ដែលបានចាកចេញ ពីសហគមន៍ដីក្រហម ទៅរកនៅក្នុង សហគមន៍តង់ខៀវ បានថ្លែងថា អ្នកស្រីនិងក្រុមគ្រួសារ ជួបការលំបាកខ្លាំង នៅពេលរស់នៅ ក្នុងសហគមន៍តង់ខៀវដំបូង។

អ្នកស្រីថ្លែងថា “កាលពីពួកយើងមករស់នៅទីនេះដំបូង យើងរស់នៅក្នុងខ្ទម ដែលយកឈើគងលើគ្នា ហើយប្រក់សំពត់តង់។ គាត់ [អ្នកស្រី ផាន់ លក្ខិណា] ជួយសង់ផ្ទះឱ្យយើង”។

ក្រោយមកដើម្បីជួយដល់ កុមារក្រីក្រនៅក្នុងតំបន់នោះ ឱ្យទទួលបានការសិក្សា ចំណេះទូទៅ អង្គការរបស់អ្នកស្រី បានបង្កើតសាលារៀនមួយ ឈ្មោះថា សាលារៀនដើមស្វាយ នៅឆ្នាំ២០១៤ ដែលផ្តល់ការសិក្សា ពីថ្នាក់ទី១ ដល់ទី ៦។​ សាលាដើមស្វាយ បានផ្តល់ការសិក្សា ដល់សិស្សចំនួន ៣១៩ នាក់ ក្នុងពេលបើកដំណើការ ពីឆ្នាំ២០១៤ ដល់២០១៩។ ជាអកុសល សាលាចំណេះទូទៅមួយនេះ បានបិទនៅឆ្នាំ២០១៩ ដោយសារកង្វះខាតមូលនិធិ។

សម្រាប់ឆ្នាំសិក្សា២០២១នេះ អង្គការម៉ាណាជីវិត បានផ្តល់ការសិក្សា ដល់សិស្សចំនួន៦៥ នាក់ តាមរយៈការផ្តល់អាហារូបករណ៍ ដល់ពួកគេពី ៥០% ទៅ ១០០% ឱ្យទៅរៀន នៅសាលាឯកជន។ ចំពោះគ្រួសារណា ដែលមានការខ្វះខាតខ្លាំង អង្គការរបស់អ្នកស្រី ក៏ផ្តល់ការឧបត្ថម្ភ ជាសាច់ប្រាក់ និងអង្ករផងដែរ។ អង្គការក៏ទទួលបានមូលនិធិ ពីសប្បុរសជន មួយចំនួនទៀតផងដែរ។

អ្នកស្រី លក្ខិណាបានអំពាវនាវ ស្វែងរកជំនួយបន្ថែមទៀត ដើម្បីរក្សានិរន្តរភាព របស់អង្គការ។ មានពេលខ្លះ អ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួន ដែលជាប្រាក់ចំណូល របស់គ្រួសារ ដើម្បីរក្សាលំនឹងរបស់អង្គការ ក្នុងពេលខ្វះខាតមូលនិធិ ជាពិសេសក្នុងពេល កើតមានជំងឺកូវីដ-១៩ ដែលសប្បុរជន និងព្រះវិហារ ដែលជាម្ចាស់ជំនួយ បានផ្អាក និងកាត់បន្ថយជំនួយ។

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះ មានបំណងស្វែងរក ពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅ ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មី នឹងត្រូវជូនដំណឹង នៅពេលក្រោយ។

ដើម្បីចូលមើលវីដេអូអំពីអ្នកស្រី ផាន់ លក្ខិណា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top