ត្រឹម៣ខែដំបូង ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេស ដល់ស្ថាប័ននានា ដែលកំពុងបំពេញ បេសកកម្មពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩។
ការបរិច្ចាគនេះ ធ្វើឡើងតាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ឲ្យអស់ចំនួន៣ម៉ឺនកេស ក្នុងឆ្នាំ២០២១នេះ។
នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល មានប្រសាសន៍ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យល់ច្បាស់ពីទុក្ខលំបាក របស់ពលរដ្ឋកម្ពុជា ភាពនឿយហត់ របស់មន្ត្រីនគរបាល និងគ្រូពេទ្យ ក្នុងស្ថានភាពដ៏លំបាក នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩។ ម្ល៉ោះហើយ ក្រុមហ៊ុនសូមចូលរួម ចែករំលែកនូវទឹកចិត្ត ក្នុងនាមជាក្រុមហ៊ុន ដែលបង្កើតដោយកូនខ្មែរ។
លោកស្រីឲ្យដឹងបន្ថែមថា ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្ដូរផ្ទាំងប៉ាណូ ជាច្រើនកន្លែងទូទាំងប្រទេស និងការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថល អំពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម ទៅជាសារអប់រំ វិធានការ «៣ការពារ ៣កុំ» ដោយចំណាយថវិកា ជាង១៥ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំ ស្ដីពីវិធានការបង្ការ ការឆ្លងវីរុសកូវីដ-១៩។
លោកស្រី គង់ កុសល បញ្ជាក់ថា ក្រុមហ៊ុននឹងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់បន្តទៀត ដើម្បីសម្រាលការលំបាក របស់ប្រជាពលរដ្ឋ។ លោកស្រី ក៏សំណូមពរដល់ប្រជាពលរដ្ឋ មេត្តាគោរពវិធានការ សុខាភិបាល និងត្រូវចេះជួយគ្នា ក្នុងគ្រាលំបាក ទោះតិចក្ដី ច្រើនក្តី។
ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុន បង្កើតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា ៨លាន ៦សែនដុលា្លរអាមេរិក ជូនដល់រដ្ឋាភិបាល សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូវីដ-១៩នេះដែរ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល មានការគាំទ្រខ្លាំង នៅក្នុងទីផ្សារ៕