អត្ថបទ

បណ្តាបុគ្គល ដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម របស់សែលកាត ចូលរួម យុទ្ធនាការសកល ដើម្បីជួយការពារ ភពផែនដី

ភ្នំពេញ-ថ្ងៃទី 22 មេសា ឆ្នាំ 2021៖ ក្រុមហ៊ុនសែលកាត បានសហការជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីចាប់ផ្តើមយុទ្ធនាការ លើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមប្រារព្ធ ទិវាភពផែនដីឆ្នាំនេះ តាមរយៈការពង្រឹងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ចំពោះនិរន្តរភាព និងការការពារបរិស្ថាន។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី 22 ខែមេសា ដោយក្នុងនោះ នឹងមានអង្គការនានា នៅទូទាំងពិភពលោក ចាត់វិធានការប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ តាមរយៈគម្រោងផ្តួចផ្តើមជាច្រើន។ ស្របទៅនឹងអត្ថន័យ នៃប្រធានបទឆ្នាំនេះ “ស្តារភពផែនដី របស់យើងឡើងវិញ” បណ្តាបុគ្គលដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម របស់ក្រុមហ៊ុនសែលកាត រួមមាន Bunleng, Megamind និង Mina បានផលិតនូវខ្សែវីដេអូ ដែលអំពាវនាវឱ្យប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយ នឹងកិច្ចការពារភពផែនដីនេះ។

តាមរយៈវីដេអូនេះ បុគ្គលដែលមាន ទេពកោសល្យទាំងបីរូប បានណែនាំឱ្យទស្សនិកជន ដែលទស្សនាវីដេអូ ឱ្យចេះកែច្នៃដបប្លាស្ទិក សម្រាប់ប្រើប្រាស់ឡើងវិញ ក៏ដូចជាចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ទាំងស្រុងផងដែរ។

ប្រទេសកម្ពុជា ក៏ជាជម្រកសត្វព្រៃ ដែលកំពុងប្រឈម នឹងការផុតពូជ ដែលភាគច្រើន បណ្តាលមកពីការប្រមាញ់ខុសច្បាប់ ហើយអ្នកទាំងបីបានជម្រុញ ឱ្យអ្នកទស្សនា ចូលរួមជួយថែរក្សា ប្រភេទសត្វដ៏មានតម្លៃទាំងនេះ សម្រាប់បន្សល់ទុកដល់មនុស្ស ជំនាន់ក្រោយ តាមរយៈការមិនបរិភោគសាច់សត្វព្រៃ។

ជាងនេះទៅទៀត យុទ្ធនាការនេះ បានលើកទឹកចិត្ត ឱ្យប្រជាជនកាត់បន្ថយ ការប្រើប្រាស់ថាមពល អគ្គិសនី និងទឹក។ ការកាត់បន្ថយការប្រើប្រាស់នេះ គឺមិនត្រឹមតែជួយកាត់បន្ថយ ការចំណាយប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាចំណែក ធ្វើឱ្យអាកាសធាតុ មានការប្រែប្រួលផងដែរ។

ប្រជាជនក្នុងបណ្តាញសង្គមទាំងអស់ ត្រូវបានអញ្ជើញ ឱ្យចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយក្នុងនោះពួកគាត់ ថែមទាំងមានឱកាសឈ្នះរង្វាន់ ជាច្រើនទៀតផង។ ដើម្បីមានឱកាសឈ្នះរង្វាន់ អ្នកចូលរួមគ្រាន់ តែបង្ហោះរូបថត ឬវីដេអូដែលបង្ហាញ នូវគម្រោងសកម្មភាពរបស់ពួកគាត់ ក្នុងការចូលរួមចំណែក ជួយស្តារផែនដី ហើយភ្ជាប់ជាមួយនូវ Hastags #EarthDayCambodia2021 និង #RestoreOurEarth។

ម្ចាស់រូបថត ឬវីដេអូចំនួន 35 ដែលទទួលបាន ការចូលរួមច្រើនបំផុត នៅចុងបញ្ចប់នៃការប្រកួត នឹងក្លាយជាអ្នកឈ្នះរង្វាន់ ដូច្នេះសូម tag មិត្តភក្តិរបស់អ្នក ហើយប្រាប់ពួកគាត់ ឱ្យចាប់ផ្តើមជួយចែករំលែក ចុច Like និងផ្តល់មតិយោបល់។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយ ជនជាតិខ្មែរ 100ភាគរយ គម្រោងនេះ គឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តផ្នែកសង្គម និងសេដ្ឋកិច្ច របស់ក្រុមហ៊ុន។

“យើងពិតជាមានមោទនភាពបំផុត ដែលបានចូលរួម ជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីប្រារព្ធទិវាភពផែនដី ឆ្នាំ2021នេះ ហើយយើងជឿជាក់ថា កិច្ចការប្រកបដោយភាព ច្នៃប្រឌិតរបស់ Bunleng, Megamind និងMina នឹងជម្រុញឱ្យមាន ការបង្កើតនូវនវានុវត្តន៍ថ្មីៗ ដើម្បីជួយសង្គ្រោះភពផែនដី នៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំក៏នឹងទន្ទឹងរង់ចាំមើល នូវស្នាដៃដែលអតិថិជនរបស់យើង នឹងបង្កើតឡើងនៅក្នុង ការប្រកួតប្រជែងនេះផងដែរ”។

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនសែលកាត និងអង្គការ USAID ព្រៃឡង់បៃតង បានចាប់ផ្តើមយុទ្ធនាការ លើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុក។ ពួកគេបានបញ្ជូន បណ្តាបុគ្គល ដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម របស់ក្រុមហ៊ុនសែលកាត ចំនួនពីររូប ដែលមាន Bunleng និង Rainnie Dara រួមជាមួយនឹងអ្នកគាំទ្រ ចំនួនបីរូបទៀត ឱ្យធ្វើដំណើរ ទៅកាន់ប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកទស្សនាខេត្តនេះ បន្ទាប់ពីសុខសុវត្ថិភាព របស់ពួកគាត់ពីជម្ងឺកូវីដ19 ត្រឡប់មករក ភាពប្រក្រតីឡើងវិញ៕

To Top