អត្ថបទ

យុទ្ធនាការ រត់រៃអង្គាសប្រាក់របស់ សាយ ជួយឱ្យលោក ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ ពលរដ្ឋគំរូ Smart

ភ្នំពេញ-ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១៖ ការរត់លើផ្លូវដ៏វែងឆ្ងាយដើម្បីការរៃអង្គាសប្រាក់ សម្រាប់សង្គ្រោះ អាយុជីវិតកុមារកម្ពុជា គឺជាអំពើល្អ ដែលជួយឱ្យលោក អ៊ួន បឋម ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។

ការជ្រើសតាំងនេះ បានផ្តល់ឱកាសមួយ ដែលជួយឱ្យលោក អ៊ួន បឋម ហៅ សាយ ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយ នឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបាន ឱកាសក្លាយជាជ័យលាភី ជាមួយនឹងប្រាក់រង្វាន់ ចំនួន ១ម៉ឺនដុល្លារ។

លោក សាយ ដែលជាតារាចម្រៀង​ មានឈ្មោះបោះសំឡេងមួយរូប នៅកម្ពុជា និងក្រុមការងាររបស់លោក បានបង្កើតយុទ្ធនាការមួយ ឈ្មោះថា “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ” ដែលក្នុងយុទ្ធនាការនេះ លោកបានរត់ ក្នុងរយៈចម្ងាយផ្លូវ ២.៤០៨ គីឡូម៉ែត្រ នៅជុំវិញ ២១ខេត្តក្រុង ក្នុងរយៈពេល ៩៧ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ សម្រាប់បរិច្ចាគ ជូនមន្ទីរពេទ្យកុមារអង្គរ។

លោក សាយ បានថ្លែងថា “គោលបំណងនៃការរត់នេះ ទី១ គឺជាការគម្រប់ខួប ៣០ឆ្នាំរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំចង់ធ្វើអំពើល្អអ្វីមួយ តបស្នងសងគុណ ទៅដល់ប្រទេសជាតិខ្លួនឯងវិញ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ”។
យុទ្ធនាការ ដែលបានបញ្ចប់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះ ប្រមូលមទឹកប្រាក់ បានចំនួន ៥០០.០០០ ដុល្លារ។

លោកបានបន្ថែមថា “ប្រាក់រៃអង្គាស បានទាំងអស់នេះ អាចជួយសង្គ្រោះ អាយុជីវិតកុមារកម្ពុជា បានជាងមួយម៉ឺនករណី ដែលបានទទួលសេវា សម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរ”។

អ្នកនាង ស៊ិនកេត អរុណ ប្រធានការិយាល័យ ទំនាក់ទំនងសាធារណៈ ប្រចាំប្រទេសកម្ពុជា របស់មន្ទីរពេទ្យកុមារអង្គរ បានបង្ហាញការកោតសរសើរ ចំពោះការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលា និងធនធានថវិកាផ្ទាល់ខ្លួន របស់លោក សាយ ក៍ដូចជាការបរិច្ចាគ ប្រាក់តាមរយៈ “យុទ្ធនាការ ១ដុល្លារ សម្រាប់កុមារកម្ពុជា” របស់ពលរដ្ឋកម្ពុជា ដែលអ្នកនាង បានចាត់ទុកថា នេះគឺជាទង្វើមួយ ដើម្បីជួយសង្គ្រោះ អាយុជីវិតកុមារកម្ពុជា នៅទូទាំងប្រទេស។

អ្នកនាងបានថ្លែងថា “វាជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ឬអាចថាជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជាយើង។ តាមរយៈព្រឹត្តិការណ៍នេះ យុទ្ធនាការ ១ដុល្លារ សម្រាប់កុមារកម្ពុជា បានធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរ កាន់តែត្រូវបានគេស្គាល់ ជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស និងបង្ហាញឱ្យឃើញពី ទឹកចិត្តដ៏សប្បុរសធម៌ របស់ប្រជាជនកម្ពុជា ក្នុងការចួលរួមជួយសង្គ្រោះ អាយុជីវិតរបស់កុមារ ក៏ដូចជាជួយ អភិវឌ្ឍសង្គមជាតិផងដែរ”។

យុទ្ធនាការ “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ” ទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណៈជន ដែលថ្លែងអំណរគុណ ដល់លោក សាយ ចំពោះទឹកចិត្តលះបង់ ដ៏អស្ចារ្យរបស់លោក។ ក្នុងចំណោមសាធារណជន ទាំងនោះ ក៏មាន ឌីជេ ណាណា ផងដែរ ដែលបានជ្រើសតាំ ងលោកសម្រាប់ពានរង្វាន់ ពលរដ្ឋគំរូ Smart នេះ។

ឌីជេ ណាណា បានថ្លែងថា “ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើ ទឹកចិត្តគាត់ទេ ព្រោះការដែលគាត់ មានចិត្តល្អនៅសុខៗ ទៅរត់ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឲ្យកុមារ ហើយនេះជារឿងមួយ ហើយរឿងមួយទៀត គឺគាត់ធ្វើបានមែន”។

លោក សាយ បានថ្លែងទៀតថា បើសិនជាលោក ក្លាយជាជ័យលាភី ហើយទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារនេះ លោកនឹងប្រើប្រាស់ទឹកប្រាក់នេះ សម្រាប់គម្រោង ដែលមានស្រាប់របស់លោក ដូចជាគម្រោង Let’s Do It With SAI ដែលផ្តោតលើ ការងារជួយសង្គម និងជំរុញទឹកចិត្តយុវជន ឱ្យចូលរួម ក្នុងការងារសង្គមជាដើម។

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹង កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណង ស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយ គ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មី នឹងត្រូវជូនដំណឹង នៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូ អំពីលោក សាយ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/57hPBKTz7d/ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top