អត្ថបទ

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំកម្មវិធី អបអរសាទរ​ ការប្រកួត សរសេរអត្ថបទ ច្នៃប្រឌិត សម្រាប់បេក្ខជនឆ្នើម ២៥ រូប

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាព ក្នុងការរៀបចំកម្មវិធី ប្រកួតសរសេរអត្ថបទ ច្នៃប្រឌិត ដែលបានបញ្ចប់ ដោយភាពជោគជ័យ ស្របតាមគោលជំហរ របស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាចិត្ដចូលរួម អភិវឌ្ឍវិស័យអប់រំ​ នៅកម្ពុជាតាមរយៈការ លើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែង ដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញ កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបន្ថែម។

បន្ទាប់ពីការប្រកាស ម្ចាស់ជ័យលាភី ៥នាក់រួចមក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីអបអរសាទរ ការប្រកួតសរសេរ អត្ថបទច្នៃប្រឌិតនេះ ជាផ្លូវការជាមួយបេក្ខជនឆ្នើម ចំនួន ២៥នាក់ ដែលបានប្រព្រឹត្ដទៅ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ឱកាស ឱ្យក្រុមហ៊ុនបង្ហាញ នូវការកោតសរសើរដ៏ស្មោះចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែង របស់បេក្ខជនទាំងអស់។

ក្រៅពីបេក្ខជនឆ្នើមទាំង ២៥នាក់ កម្មវិធីរបស់យើង ក៏មានការអញ្ជើញចូលរួម ពីលោក Lawrence Kook ដែលជាអភិបាល នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដើម្បីបង្ហាញការអបអរសាទរ យ៉ាងជ្រាលជ្រៅ ដោយផ្ទាល់ដល់បេក្ខជន និងតំណាងឱ្យក្រុមហ៊ុនទាំងមូល ក្នុងការជំរុញឱ្យមានវប្បធម៌ នៃការចែករំលែក និងការចូលរួមចំណែក កសាងសង្គម ឱ្យកាន់តែល្អប្រសើរឡើង។

កម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិត របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានដំណើរការចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ មានគោលបំណងបង្កើត នូវវេទិកាមួយសម្រាប់ និស្សិតសាកលវិទ្យាល័យទាំងអស់ ដើម្បីឱ្យពួកគាត់អាច បញ្ចេញទេពកោសល្យ ក្នុងការសរសេរអត្ថបទ និងសមត្ថភាព ក្នុងការត្រិះរិះពិចារណា ក្នុងសំណេររបស់ខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា និងផ្ដល់នូវឱកាស ការងារផ្សេងៗសម្រាប់និស្សិត។

លោក Lawrence Kook បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងពិត ជាមានកិតិ្ដយស ដែលបានរៀបចំ និងផ្តល់ឱកាសមួយនេះ ដល់និស្សិត សាកលវិទ្យាល័យ ដែលមានទេពកោសល្យទាំងអស់។ ការបង្កើតកម្មវិធីនេះ គឺជាមោទកភាពមួយ របស់យើង ពីព្រោះយើងបានផ្ដល់នូវវេទិកាមួយ សម្រាប់ពួកគាត់ក្នុងការវាស់ស្ទង់ សមត្ថភាពខ្លួនឯង ចាប់យកបទពិសោធន៍ថ្មីៗ ទទួលបានការទទួលស្គាល់ ដើម្បីបង្កើនប្រវត្ដិស្នាដៃ និងអាចទទួលបាន នូវឱកាសការងារជាមួយ នឹងអត្ថប្រយោជន៍ផ្សេងៗ ពីក្រុមហ៊ុនរបស់យើង។ យើងពិតជាមានសេចក្ដីសោមនស្ស ដែលបានឃើញធនធានមនុស្ស នៅកម្ពុជាមានការអភិវឌ្ឍ កាន់តែល្អប្រសើរ។ លើសពីនេះទៅទៀត យើងក៏បានក្លាយជា កាតាលីករ ឬកម្លាំងជំរុញយ៉ាងសំខាន់ តាមរយៈការបង្កើតកម្មវិធីនេះឡើង ក្នុងអំឡុងពេលដែលប្រទេស កំពុងជួបនឹងវិបត្ដិនៃជំងឺកូវីដ-១៩»។

នៅក្នុងកម្មវិធី ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រគល់ជូន នូវប័ណ្ណសរសើរ ដល់បេក្ខជនជ័យលាភី ចំនួន ៥នាក់ និងវិញ្ញាបនបត្របញ្ជាក់ ការចូលរួម ដល់បេក្ខជនឆ្នើម ចំនួន ២០នាក់ ផ្សេងទៀត ដែលនឹងជួយបង្កើន ប្រវត្តិស្នាដៃ និងផលបត្រផ្ទាល់ខ្លួន របស់ពួកគាត់បន្ថែមទៀត ចាប់ពីពេលនេះតទៅ។

លោកស្រី Monisa Yang បានមានប្រសាសន៍ថា៖ «កម្មវិធីនេះក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃស្នូល របស់ក្រុមហ៊ុនយើង និងជាសកម្មភាពថ្មីមួយទៀត ក្នុងយុទ្ធនាការផ្សព្វផ្សាយការអប់រំ ដែលក្រុមហ៊ុនបានអនុវត្ដ កន្លងមក រួមមាន៖ ការផ្ដល់ឱកាសការងារ ហាត់ការ ទស្សនកិច្ចសិក្សា កម្មសិក្សា វេទិកានិស្សិត វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាទូទាំង ប្រទេសជាដើម។ នាពេលអនាគត ក្រុមហ៊ុនយើង នឹងបន្តបង្កើត សកម្មភាពបែបនេះ ឱ្យកាន់តែច្រើន ដើម្បីភាពល្អប្រសើរ សម្រាប់យុវជនជំនាន់ក្រោយ និងសង្គមជាតិផងដែរ»។

ទន្ទឹមនឹងនេះដែរ នៅក្នុងកម្មវិធី កញ្ញា តាំង គឹមនី កញ្ញា ចាន់ដារ៉ា សុផានី និងលោក សួន សុខជា បានតំណាងឱ្យបេក្ខជនទាំងអស់ និងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានបង្កើតកម្មវិធី ប្រកួតប្រជែងនេះឡើង ដើម្បីឱ្យពួកគាត់អាចប្រមូល បទពិសោធន៍ជាក់ស្ដែង នៅក្នុងបរិបទខាងក្រៅសាលា និងអាចវាស់ស្ទង់សមត្ថភាព របស់ពួកគាត់ជាមួយ បេក្ខជនផ្សេងទៀតបាន។ ពួកគាត់ក៏មានសេចក្តី រំភើបផងដែរ ដែលបានស្វែងយល់បន្ថែម អំពីឱកាសការងារ និងទស្សនវិស័យ របស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុន នឹងបន្តអនុវត្ត សកម្មភាពបែបនេះទៀត សម្រាប់ការអភិវឌ្ឍ របស់និស្សិតនៅកម្ពុជា។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅម្ដងទៀត ចំពោះការខិតខំប្រឹងប្រែង របស់បេក្ខជន ភ្ញៀវកិត្ដិយស និងបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ធ្វើឱ្យកម្មវិធីមួយនេះបញ្ចប់ ទៅដោយជោគជ័យ និងរីករាយបំផុត។ គំនិតច្នៃប្រឌិត គុណភាពមាតិកា ការប្រើប្រាស់ភាសា នៅក្នុងអត្ថបទនីមួយៗ និងមតិយោបល់ផ្ទាល់ របស់បេក្ខជន បានធ្វើឱ្យយើង ចាប់អារម្មណ៍យ៉ាងខ្លាំង និងជឿជាក់ថា បេក្ខជនទាំងអស់សុទ្ធតែជា ធនធានយ៉ាងល្អ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាធ្វើឱ្យពិភពលោកនេះ កាន់តែល្អប្រសើរឡើង។

សូមតាមដានទំព័រហ្វេសប៊ុក របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ដើម្បីទទួលបានព័ត៌មានទាក់ទង នឹងកម្មវិធីបន្ដបន្ទាប់ទៀត ក៏ដូចជាព័ត៌មានអំពីការ វិនិយោគនិងទីផ្សារ ហិរញ្ញវត្ថុផងដែរ៕

To Top