ភ្នំពេញ-ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៖ ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អ ដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការជ្រើសតាំងនេះ បានផ្តល់ឱកាសមួយ ដែលជួយឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំ សាសនាអ៊ីស្លាម នៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយ នឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបាន ឱកាសក្លាយជាជ័យលាភី ជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩៣មក ជាពេលដែលលោកបានចូល ជាសមាជិកវិហារអ៊ីស្លាម ក្នុងភូមិរបស់លោក លោកតែងចូលចិត្ត ជួយដល់ប្រជាពលរដ្ឋ ជាទូទៅតាមដែលលោក អ្នកធ្វើទៅបាន។ ក្នុងឆ្នាំ២០០០ នៅពេលដែលលោក អ៊ែល ម៉ាត់ ត្រូវបានតែងតាំង ជាអ៊ីមាំម៉ាស្ជិត លោកក៏បានប្រើ តួនាទីថ្មីរបស់លោក ដើម្បីជួយដល់ជនក្រីក្រខ្វះខាត ក្មេងកំព្រា និងមនុស្សស្ទើរគ្រប់គ្នា ក្នុងសហគមន៍របស់គាត់ ដោយទទួលបានថវិកា ពីសមាគមប្រភពល្អកម្ពុជា សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសប្បុរសជននានា។
លោក អ៊ែល ម៉ាត់ បានមានប្រសាសន៍ថា៖ “ខ្ញុំចូលមកបម្រើការ នៅក្នុងភូមិគឺមានចិត្តមួយ អាណិតដល់ស្រីមេម៉ាយ និងក្មេងកំព្រា ហើយខ្ញុំក៏ទាក់ទង ទៅសមាគមឱ្យគេជួយចិញ្ចឹម ជួយឧបត្ថម្ភផ្សេងៗ”។ ក្នុងនាមជាខ្មែរអ៊ីស្លាមម្នាក់ ការជួយដល់គេឯងនេះ ក៏ជាផ្នែកសំខាន់មួយផងដែរ ទាំងនៅក្នុងសាសនា និងជីវិតរស់នៅប្រចាំថ្ងៃ របស់គាត់ផងដែរ។ ទាំងនេះហើយជាមូលហេតុ ដែលលោក កូប ហាសាន់ បានជ្រើសតាំងលោក អ៊ែល ម៉ាត់ ឱ្យចូលរួមក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក កូប ហាសាន់ បានថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ គឺដោយសារគាត់ធ្វើការ អត់ចង់បានអ្វីទាំងអស់ សូម្បីតែប្រាក់ខែក៏គ្មានដែរ។ ខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន ខ្ញុំជាយុវជនខ្ញុំខ្មាស់គាត់ មែនទែនព្រោះខ្ញុំធ្វើ អត់បានដូចគាត់។ មិនមែនថាយើងចង់អំនួត ប្រាប់គេថាយើង ជាមនុស្សល្អ ១០០% នោះទេ គ្រាន់តែយើងចង់ឲ្យអ្នកដទៃ គេខំប្រឹងធ្វើល្អដែរ”។
លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និងស្វាមីរបស់លោកយាយ ឈ្មោះ ស្មាន ហ៊ីម អាយុ ៧៥ ដែលស្ថិតក្នុងវ័យ ជរាមិនអាចដើរបាន គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ នៅក្នុងសហគមន៍របស់គាត់ ដែលលោក អ៊ែល ម៉ាត់ បានជួយ។ លោកយាយ បានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើន នៅភូមិ ដោយគាត់ផ្តោតអាទិភាព លើអ្នកក្រ កុមារកំព្រា ស្រ្តីមេម៉ាយ និងមនុស្សចាស់ជរា ហើយលោកយាយទទួលបាន ជំនួយជាស្បៀងអាហារ និងថវិកាខ្លះ ពីគាត់ផងដែរ។
លោកយាយមានប្រសាសន៍ថា៖ “គាត់មិនដែលគិត ប្រយោជន៍ផ្ទាល់ខ្លួន របស់គាត់ទេ។ គាត់ជួយបងប្អូនក្នុងភូមិ។ និយាយរួមទៅគាត់ ជួយទាំងអស់គ្នា ក្នុងភូមិហ្នឹង មិនមែនតែខ្ញុំទេ។ ឱ្យតែគាត់មើលទៅឃើញថា មានអ្នកជួបការលំបាកអី គាត់ជួយហើយ ជាពិសេសកូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រ អ៊ីចឹងគាត់ជួយទាំងថវិកា ជួយទាំងកង់។ គាត់ទទួលបានជំនួយមក គាត់ចេះតែជួយអ៊ីចឹងទៅ ម្តងគេម្តងយើង”។
សម្រាប់លោក អ៊ែល ម៉ាត់ វិញ គាត់នឹងបន្តជួយមនុស្ស បើទោះជាលោកទទួលបាន ឬមិនទទួលបានពានរង្វាន់នេះក្ដី ព្រោះលោកបានជួយ មនុស្សតាំងពីពេលលោក នៅក្មេងមកម្ល៉េះ។ អ្នករកប្រាក់ឧបត្ថម្ភ ប្រជាជនក្នុងសហគមន៍ ខ្មែរអ៊ីស្លាមរូបនេះ បានថ្លែងថា៖ “និយាយរួមទៅ មិនចង់ថាមានឈ្មោះមានអីទេ បុ៉ន្តែវាជាកាតព្វកិច្ចមួយថា យើងជួយកសាងហ្នឹង ឱ្យអ្នកជំនាន់ក្រោយទៀត ឱ្យចេះជួយក៏សាងគ្នាបន្តៗទៅទៀត គោលបំណងរបស់ខ្ញុំអ៊ីចឹង”។
អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹង កម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរក ពលរដ្ឋកម្ពុជាដែលបានធ្វើ សកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។ ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូ អំពីលោក អ៊ែល ម៉ាត សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5ALdm6JtUo/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕