អត្ថបទ

ការជួយដោះស្រាយ​ បញ្ហាក្នុងសហគមន៍ ជួយឱ្យយុវតី ធី ជូលី ជាប់វគ្គផ្តាច់ព្រ័ត្រ នៃ កម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានយុវជនមួយក្រុមកំពុងចូលរួម ជួយអភិវឌ្ឍសហគមន៍របស់ពួកគេ តាមរយៈការបង្កើតក្លឹបមួយ ហៅថា ក្លឹបដោះស្រាយបញ្ហាសង្គម (SISC)។

បង្កើតឡើងនៅខែតុលា ឆ្នាំ២០១៧ ក្លឹប SISC ផ្តល់ជាវេទិកាមួយ សំរាប់យុវជនមកជួបជុំគ្នា ដើម្បីពិភាក្សា និងបង្កើតគំនិតច្នៃប្រឌិត រកដំណោះស្រាយសម្រាប់សហគមន៍ ដែលពួកគេចង់រស់នៅ។ ក្រុមយុវជននេះ មានសមាជិក ៥០នាក់ ដែលភាគច្រើន ជាសិស្សវិទ្យាល័យ។ ក្នុងនោះមានយុវតីម្នាក់ឈ្មោះ ធី ជូលី ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ IPU New Zealand គឺជាប្រធានក្រុម និងជាស្ថាបនិកក្លឹប SISC នេះ។

កញ្ញា ធី ជូលី បានថ្លែងថា “កាលខ្ញុំនៅរៀនវិទ្យាល័យ ឱកាសក្នុងការធ្វើការងារស្មគ្រ័ចិត្ត គឺវានៅមានកម្រិត ហើយពិបាកក្នុងការបង្កើតនូវគម្រោង ឬក៏សកម្មភាពណាមួយ។ ហេតុនេះបានជាខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ បានបង្កើត នូវក្រុមយុវជនមួយ”។ ក្នុងរយៈពេល ៣ ឆ្នាំចាប់តាំងពីក្លឹបនេះ ត្រូវបានបង្កើតឡើង និស្សិតវ័យ ១៧ ឆ្នាំរូបនេះ បានផ្តួចផ្តើមបង្កើតគម្រោងជាច្រើន ដើម្បីជួយដល់សហគមន៍។

កញ្ញា ជូលី បានបន្ថែមថា “យើងបានសម្រេចនូវគម្រោង ៧ ដែលផ្តោតសំខាន់ ទៅលើការអប់រំ។ យើងបានបង្កើត នូវបណ្ណាល័យចល័ត ក៏ដូចជា Book Club ដើម្បីលើកកម្ពស់ការអាន។ យើងចុះទៅសាលា នៅតំបន់ដាច់ស្រយាល ដើម្បីចែករំលែកបទពិសោធ ក៏ដូចជាផ្តល់ជាសម្ភារៈសិក្សា ដល់ក្មេងៗផងដែរ”។

ក្រុមរបស់នាងក៏បានរៃអង្គាសថវិកា សម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ដែលបានកើតមានឡើង នៅចុងឆ្នាំ២០២០ ផងដែរ ដែលក្នុងនោះគ្រួសារដែលបានទទួលអំណោយ ជាស្បៀងអាហារសរុបទាំងអស់ មានចំនួន ៣៧គ្រួសារ។ អំណោយមួយភាគធំ គឺបានមកពីការបរិច្ចាគ របស់សប្បុរសជន ហើយអំណោយផ្សេងទៀត គឺបានពីការដាក់លក់អាវ ដែលច្នៃម៉ូដដោយសមាជិកក្លឹបផ្ទាល់ និងការរៃអង្គាសតាមសាលារៀន។
យុវជន នូរ ពិសិដ្ឋ ដែលបានចូលរួម ជាមួយក្លឹបរបស់ជូលីនៅឆ្នាំ ២០១៧ បានឃើញនូវទង្វើ និងសកម្មភាពល្អរបស់នាង ហើយក៏បានសម្រេចចិត្ត ជ្រើសតាំងកញ្ញា ជូលី ឱ្យចូលរួមជាបេក្ខនារី ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូស្មាត។

ការជ្រើសតាំងនេះ បានផ្តល់ឱកាសមួយដល់ កញ្ញា ជូលី ឱ្យឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយ នឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាស ក្លាយជាជ័យលាភី ជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

យុវជន ពិសិដ្ឋ បានថ្លែងថា “សកម្មភាពរបស់គាត់ (ជូលី) ទាំងអស់នោះ វាបានជះឥទ្ធិពលវិជ្ជមានច្រើន ទៅដល់សហគមន៍ របស់ខ្ញុំរស់នៅ។ ខ្ញុំជូនពរ ជូលី ឱ្យគាត់ទទួលបានពានរង្វាន់មួយនេះ ហើយខ្ញុំសង្ឈឹមថា គាត់នឹងបន្តជំរុញ ក៏ដូចជាលើកទឹកចិត្ត ដល់អ្នកដទៃផ្សេងទៀត ចាប់ផ្តើមធ្វើគំនិតទាំងអស់នោះ ឱ្យក្លាយជាការពិត”។

កញ្ញា ជូ លីលី ដែលធ្លាប់បានអានសៀវភៅ នៅបណ្ណាល័យចល័តរបស់ក្លឹប SISC បានរៀបរាប់ថា កញ្ញាចូលចិត្តអានសៀវភៅ នៅបណ្ណាល័យចល័តនេះ ដោយសារសៀវភៅ មានភាពសម្បូរបែប សម្រាប់អាន ហើយទីតាំងបណ្តាល័យ ដែលដាក់នៅក្នុងសួនច្បារ ក្នុងក្រុងសិរីភោភ័យនោះ ក៏មានបរិយាកាសល្អទៀតផង។

កញ្ញា លីលី ដែលជានិស្សិតឆ្នាំទីមួយ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅក្រុងសិរីសោភ័ណ បានថ្លែងថា “បណ្ណាល័យចល័តនេះ គឺជាកន្លែងមួយល្អ ជាឃ្លាំងផ្ទុកចំណេះដឹងមួយដ៏ល្អ សម្រាប់សិស្សានុសិស្ស ដែលគាត់ទំនេរពីការសិក្សា ទៅអាននៅទីនោះ។ ខ្ញុំចូលចិត្តសៀវភៅលើកទឹកចិត្ត។ ពេលអានរួច វាផ្តល់ផលប្រយោជន៍ ដល់ខ្ញុំឱ្យចេះលើកទឹកចិត្តខ្លួនឯង ក្នុងការធ្វើអ្វីមួយ”។

ព្រះអង្គ សុន ឧត្តម ព្រះចៅអធិការវត្ត សមិទ្ធិមុនីសោភ័ណ នៅក្រុងសរីសោភ័យ ដែលបានចូលរួម បរិច្ចាគជាថវិកាក្នុងអំឡុងពេល ចែកអំណោយរួមគ្នា ជាមួយក្រុមរបស់កញ្ញា ជូលី សម្រាប់ជនរងគ្រោះ ដោយទឹកជំនន់ កាលពីចុងឆ្នាំ២០២០ មានសង្ឃដីការថា “ឃើញថាពួកគាត់មានចិត្តល្អ ចេះរួបរួមគ្នាចុះមកជួយសង្គ្រោះ ជួយចែកជាសម្ភារនៅពេលដែល កំពុងតែមានការខ្វះខាត ឃើញថាគួរឱ្យកោតសរសើរ ដល់ក្រុមពួកគាត់។ ពួកគាត់នៅក្មេងៗ តែមានគំនិតចង់ជួយ ចង់ចូលរួមក្នុងសង្គមរបស់យើង”។

សម្រាប់ផែនការ នៅថ្ងៃអនាគតវិញ កញ្ញា ជូលី ថ្លែងថា “ខ្ញុំមានគម្រោងពង្រីក និងពង្រឹងក្លឹបបន្ថែម ដើម្បីផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមជាដំណោះស្រាយ ទៅលើបញ្ហាសង្គមផ្សេងៗ ហើយនិងបន្តជួយដល់យុវជន ដែលបច្ចុប្បន្ន យើងមានគម្រោងថ្មីមួយ ទាក់ទងនិងការលើកកម្ពស់ ការយល់ដឹងអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវជន នៅក្នុងសម័យកូវីដ ១៩ នេះ”។

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹង កម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណង ស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart។

ដើម្បីចូលមើលវីដេអូអំពីកញ្ញា ធី ជូលី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5GcdiOXM6r/ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top