ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖ សម្អាតសំរាម ដើម្បីបំផុសគំនិត សាធារណៈជន ឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗ ប៉ុណ្ណោះ របស់បេក្ខនារីម្នាក់ នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូស្មាត ឆ្នាំ២០២០។
ជាអ្នកជំនួញម្នាក់ នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជន បេក្ខនារី វគ្គផ្ដាច់ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធតែមាន ឱកាសក្លាយជាជ័យលាភី ពានរង្វាន់ពលរដ្ឋគំរូស្មាត ជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ គាត់ត្រូវបានជ្រើសតាំង ដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់ កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាព ការការពារបរិស្ថាន ដ៏លេចធ្លោរបស់គាត់។
លោក ចក់ វុទ្ធី បានថ្លែងថា៖ “ខ្ញុំស្រលាញ់កម្មវិធីរបស់ស្មាតហ្នឹង ដែលគាត់បំផុសគំនិត ពលរដ្ឋគំរូហ្នឹងមក។ អ៊ីចឹងខ្ញុំក៏គិតថា សម្រេចចិត្តជ្រើសតាំង ថារី ទៅឱ្យ Smart មួយទៅ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ មើលទៅ ក្រែងលោគេធ្វើគំរូតាម បានច្រើនអ៊ីចឹង ក្លាយទៅជាប្រទេស ដែលស្រលាញ់បរិស្ថានច្រើន ព្រោះអីភាគច្រើន ខ្ញុំឃើញគាត់ឱ្យតែនិយាយអីបន្តិច គឺគាត់ផ្ដោតលើបរិស្ថាន អ៊ីចឹងណា”។
អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយ ឈ្មោះថា “ធុងបរិស្ថាន” នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង ១០នាក់ កែច្នៃសំបកកង់ចាស់ៗ ឱ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០0៨ មកម្ល៉េះ។
អ្នកនាងបានថ្លែងថា ការយកសំបកកង់រថយន្តចាស់ មកកែច្នៃបែបនេះ ជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារ ជូនដល់ពលរដ្ឋ ក្នុងមូលដ្ឋានទៀតផង។
អ្នកនាងបានថ្លែងថា៖ “កំណើននៃការផ្គត់ផ្គង់ ទៅកាន់អតិថិជនបានកាន់តែច្រើន គឺស្មើនឹងការ ដែលយើងបានរួមចំណែក ចូលរួមក្នុងការដោះស្រាយ នូវបញ្ហាកាកសំណល់ ដែលកើតចេញ ពីសំបកកង់រថយន្ដចាស់ៗ ដែលយើងលែងប្រើប្រាស់ហ្នឹង បានកាន់តែច្រើនឡើងផងដែរ”។
កន្លងមក គាត់ក៏បានដឹកនាំ យុវជនមួយក្រុមទៅប្រមូលសំរាម នៅសហគមន៍កំពង់ឃ្លាំង ក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅ ដែលរស់នៅទីនោះ ឱ្យចេះស្រលាញ់បរិស្ថាន នៅក្នុងសហគមន៍របស់ពួកគេ។
ការងារការពារបរិស្ថានរបស់គាត់ ពិតជាមានការទទួលស្គាល់ច្រើន រហូតដល់ក្រសួងបរិស្ថាន បានផ្ដល់ប័ណ្ណសរសើមេត្រីភាព បរិស្ថានប្រតិបត្តិករគំរូ ដល់គាត់នៅចុងឆ្នាំ២០២០។
ការផ្តល់ប័ណ្ណសរសើរនេះ គឺដោយសារការមើលឃើញ របស់ក្រសួងចំពោះ ការចូលរួមចំណែក របស់ធុងបរិស្ថានក្នុងសង្គម តាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាម សម្រាប់ប្រើប្រាស់ តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្ត ដល់រូបគាត់ ពីសំណាក់ក្រសួង។
ក្រៅពីនោះ អ្នកនាង សុថារី ក៏ធ្វើសកម្មភាព ជួយសង្គមជាច្រើនទៀតផងដែរ ដូចជារៃអង្គាសថវិកា ដើម្បីជូនចាស់ជរាក្រីក្រជាង ២០នាក់ទៅដើរកម្សាន្ត នៅខេត្តសៀមរាប ចែករំលែកបទពិសោធ ជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកា ជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារសិក្សា ដល់កុមារកំព្រា ក្រីក្រជាដើម។
លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់ បានទទួលអំណោយជាធុងសំរាម ចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុង សាលាររបស់លោក ហើយតាំងពីបាន ធុងសំរាមទាំងនេះ មកបរិស្ថានសាលា បានល្អប្រសើរជាងមុន។
លោកគ្រូថ្លែងថា៖ “លោកគ្រូអ្នកគ្រូបុគ្គលិកសាលា មានការត្រេកអរ ព្រោះនៅក្នុងសាលាយើង ត្រូវការបរិស្ថានស្អាត ហើយធុងហ្នឹងសម្រាប់ដាក់តាមថ្នាក់ ឱ្យសិស្សដាក់សំរាម។ យើងបានធុងហ្នឹងហើយ គ្រាន់បានដាក់សំរាម”។
អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយបញ្ហា បំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូល និងលើកកម្ពស់ការប្រើប្រាស់ សម្ភារវេចខ្ចប់ដែលផលិតចេញ ពីរុក្ខជាតិ។
ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែន ដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរក សេចក្ដីស្ងប់សុខពិត សម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរ ពិភពលោកផងដែរ។
អ្នកនាងបន្ថែមថា៖ “នៅពេលដែលយើងសាប ព្រោះនូវទង្វើល្អទៅដល់សង្គម យើងនឹងទទួលបានផ្លែផ្កាមកវិញ ជាគុណធម៌ ជាភាពស្មោះត្រង់ ជាគុណតម្លៃ នៅក្នុងជីវិតរបស់យើង។ ហើយទាំងអស់នេះ វាជាអ្វីដែលផ្ដល់ក្ដីសុខ ពិតប្រាកដ ចំពោះផ្លូវចិត្ត របស់យើង”។
អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរក ពលរដ្ឋកម្ពុជាដែលបាន ធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូ អំពីអ្នកនាង សឿង សុថារី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5KHgXy_kmy/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕