ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ – បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ជាមួយនឹងឱកាសឈ្នះ ប្រាក់រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំ ផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីរួមមាន៖
- Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នក ធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយ ពាណិជ្ជកម្ម តំណត់រយៈពេល និងកំណត់ពេលវេលា នៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។
- FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជា ដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្ម ក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុងគោលបំណង តាមដានគុណភាពនិងបរិមាណទឹក នៅក្នុងប្រព័ន្ធ bioflocដើម្បីធានាឱ្យបាននូវផលចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។
- iCompost គឺជាម៉ាស៊ីនកែច្នៃ កាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
- KELA គឺជាវេទិកាមួយដែលអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែង លេងកីឡាជាមួយមិត្តរួមក្រុម ក្រុមជាគូប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែលអាចរកបានដោយផ្អែកលើប្រភេទកីឡា។
- Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្ត រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះក ន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្ត មិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។
ឃិន ភក្ដី ដែលជាសមាជិកក្រុម FlexFloc បាននិយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយបានជួបមនុស្សផ្សេងៗ ជាច្រើនទៀតផងដែរ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការទទួលបានដំណឹងអំពីការឆ្លងទៅវគ្គបន្ទាប់ របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បីប្រែក្លាយគោលដៅ និងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»
Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះ សុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យកផ្នត់គំនិតរបស់ពួកគេ ឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗ ដែលអាចវិនិយោគបាន។ នេះនឹងក្លាយជាដំណាក់កាលចុងក្រោយ ដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាពេលចុងឆ្នាំខាងមុខនេះ ហើយយើងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។»
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើមឡើងវិញ នៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch» ដែលមានអ្នកចូលរួមចំនួន ១២០ នាក់ បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខរគណៈកម្មការវិនិច្ឆ័យជំនាញ។
ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើស អ្នកចូលរួមចំនួន ២៥ ក្រុម ដែលមានគំនិតល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែលសហគ្រិនឌីជីថលវ័យក្មេងស្វែងយល់ យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែលបច្ចេកវិទ្យានេះ នឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងភាពជាសហគ្រិន។
បន្ទាប់មកក្រុមទាំង ២៥ បានស្វែងរកបញ្ហាប្រឈមក្នុងជីវិតពិត ដែលពួកគេបានស្វែងរកដំណោះស្រាយនានា ដែលអាចធ្វើទៅបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things)។ ដំណាក់កាលនេះ ក្រុមទាំង ២៥ ត្រូវបានជម្រុះសល់ត្រឹម ១៥ ក្រុម ដែលស្វែងរកដំណោះស្រាយល្អបំផុតចំពោះបញ្ហាប្រឈម ដែលត្រូវបានដាក់សាកល្បង។
ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge» ដែលមានរយៈពេលចំនួន ៦ថ្ងៃ អំឡុងពេល៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ពួកគេ និងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះ ដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។
គណៈកម្មការវិនិច្ឆ័យរួមមាន លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថល នៃក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រងនៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយកគ្រប់គ្រងនៃ IT Academy STEP Cambodia លោកDavid Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partners និងលោក Buntha Ly ប្រធានផ្នែកបច្ចេកវិទ្យានៃ Morakot Technology។
អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រង Impact Hub Phnom Penh បានឲ្យដឹងថា៖ «នេះគឺជាឆ្នាំដ៏ជោគជ័យមួយផ្សេងទៀត ដោយកម្មវិធី SmartStart អាចបន្តរីកចម្រើន និងបង្ហាញឲ្យឃើញថាកម្ពុជា សម្បូរដោយយុវជន និងគំនិតប្រកបដោយភាពឆ្នៃប្រឌិត។ កម្មវិធី វគ្គបណ្ដុះបណ្ដាលរយៈពេល ៦ ខែ មិនមែនជាកម្មវិធីប្រកួតប្រជែងនោះទេ ប៉ុន្តែជាឱកាសសម្រាប់ក្រុមទាំង ៥ ដើម្បីពង្រីកនិងអភិវឌ្ឍន៍សមត្ថភាព ដែលអាចនឹងជោគជ័យរបស់ពួកគេ។»
ក្រុមដែលឈ្នះទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល៣ ខែ រួមទាំងប្រាក់ខែ នៅក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ព្រមទាំងការណែនាំ និងការបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh។
ក្រុមជ័យលាភីដែលនឹងត្រូវបានជ្រើសរើស នៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅខែធ្នូ ដោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ចំនួន ១០,០០០ដុល្លារ ហើយនឹងត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជា ឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធន៍សិក្សាល្អៗបំផុត តាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាពដើម្បីផ្តល់ការអប់រំ ផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ ដល់និស្សិតប្រហែលមួយពាន់នាក់៕
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ របស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក “Smart for Cambodia” តាមរយៈគេហទំព័រ www.facebook.com/smartforcambodia ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh៕