អត្ថបទ

អបអរសាទរ ដល់ក្រុមឈ្នះ​ការប្រកួត PUBG Mobile Club Open (PMCO) ដែលបានរៀបចំឡើង ជាលើកដំបូង នៅកម្ពុជា

សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រកាសនូវជ័យលាភី ចំនួន ១៦ ក្រុម ដែលបានឈ្នះក្នុងសមរភូមិវគ្គផ្តាច់ព្រ័ត្រ ការប្រកួត PMCO Cambodia។ ក្រុមដែលឈ្នះទាំង ១៦ នឹងទទួលរង្វាន់ទឹកប្រាក់ សរុបចំនួន ១៥,០០០ ដុល្លារ ជាមួយគ្នាដែរ Top Rank ទាំង ៦ ក្រុមនឹងតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅសមរភូមិអន្តជាតិ ក្នុង PMCO SEA Wild Card ដែលត្រូវប្រកួតនឹងក្រុមជម្រុះ មកពីមីយ៉ាន់ម៉ានិងហ្វីលីពីន។

ក្រុមតំណាងឲ្យប្រទេសកម្ពុជាទាំង ៦ ក្រុម៖
១. APG ESPORTS
២. ORANGE PLAY
៣. JOINME_BLACK
៤. TEAM MAX
៥. THE QUARTER
៦. ORG ACADEMY

ការប្រកួត PMCO SEA Wild Card នឹងរៀបចំឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការផ្សាយផ្ទាល់ ការប្រកួតផ្តាច់មុខ នៅលើហ្វេសប៊ុក PlayGame របស់ក្រុមហ៊ុន សែលកាត។

ប្រទេសកម្ពុជា មិនដែលរៀបចំកម្មវិធី PUBG Mobile Club Open ពីមុនមកនោះទេ ហើយ សែលកាត ក៏មានក្តីរំភើបយ៉ាងខ្លាំង ដែលនេះជាឱកាសដ៏ល្អ សម្រាប់បណ្តាអ្នកលេងហ្គេមទាំងអស់ នៅកម្ពុជា។

ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការថា ជាដៃគូសហការ និងជាក្រុមហ៊ុន ឧបត្ថម្ភរបស់ សែលកាត PlayGame ក៏ជូយគាំទ្រ នូវយុទ្ធសាស្ត្រផ្នែកទីផ្សារ ក្នុងការបង្កើតការយល់ដឹង ដ៏ទូលំទូលាយសម្រាប់ PMCO និងផ្តល់ជូនរង្វាន់ពិសេសៗ ដល់បណ្តាក្រុមដែលឈ្នះ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត សូមចូលរួមអបអរសាទរ ដល់ក្រុមដែលបានឈ្នះការប្រកួតជម្រុះ PMCO ។ លោកបានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាព ចំពោះក្រុមទាំងអស់ដែលបានចូលរួម ក្នុងការប្រកួត PMCO។ ការបំផុសគំនិតរៀបចំការប្រកួតនេះ ធ្វើឲ្យយើងឃើញពីការរីកចម្រើន នៃបណ្តាអ្នកលេងហ្គេមនៅកម្ពុជា និងបង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍ នៃក្រុមប្រកួតផងដែរ។ ការប្រកួតនេះ គឺជាការបង្ហាញទាំងជំនាញ និងទេពកោសល្យ របស់ក្រុមកម្ពុជា និងការត្រៀមខ្លួនរបស់ពួកគេ ដែលជាតំណាងឱ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិ។ យើងសូមជូនពរឱ្យក្រុមទាំង ៦ ដែលជាតំណាង ឱ្យប្រទេសកម្ពុជា នៅក្នុងការប្រកួត PMCO SEA Wild Card ជួបតែសំណាងល្អ”។

លោកបានបន្ថែមទៀតថា ក្នុងនាមជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជាសម្រាប់កីឡាអេឡិចត្រូនិក និងជាដៃគូសហការផ្តាច់មុខ របស់សហព័ន្ធកីឡាអេឡិចត្រូនិក សែលកាត នឹងបន្តពង្រីកនូវកម្មវិធី លំដាប់ថ្នាក់ជាតិរបស់ខ្លួន ដែលធានានូវការចូលរួម ពីក្រុមតំណាងឲ្យប្រទេសកម្ពុជា ក្នុងការប្រកួតលំដាប់ថ្នាក់អន្តរជាតិ។ យើងនៅតែបន្តគាំទ្រ និងកសាងសហគមន៍កីឡាអេឡិចត្រូនិក នៅកម្ពុជា ក្នុងការរៀបចំការប្រកួត SEA Games ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

To Top