អត្ថបទ

សាលារៀនចំនួន ៦ នៅកម្ពុជា ទទួលបាន ពានរង្វាន់ជាតិ «សាលាមេត្រីបរិស្ថាន»

ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ – សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀន ចំនួន៤៨ នៅកម្ពុជា បានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការ របស់ក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់ អំពីការលើកកម្ពស់ និរន្តរភាពបរិស្ថាន របស់សាលារៀនក្នុងប្រតិបត្តិការ និងការបង្រៀនរបស់ពួកគេ។

សាលាបឋមសិក្សាចំនួន ៣ ដែលត្រូវបានជ្រើសរើស សម្រាប់ពានរង្វាន់គឺ៖

១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង (ជ័យលាភីមាស)
២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប (ជ័យលាភីប្រាក់)
៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ (ជ័យលាភីសំរិទ្ធ)

វិទ្យាល័យចំនួន ៣ ដែលត្រូវបានជ្រើសរើស សម្រាប់ពានរង្វាន់គឺ៖
១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ (ជ័យលាភីមាស)
២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ (ជ័យលាភីប្រាក់)
៣. វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង (ជ័យលាភីសំរិទ្ធ) ។

ដោយហេតុថាសាលារៀនមួយចំនួន ត្រូវបានបើកឡើងវិញ ជាមួយនិងវិធានការដ៏ខ្ជាប់ខ្ជួន ក្នុងការប្រយុទ្ទប្រឆាំង ជំងឺរាតត្បាតជាសកល​ កូវីដ១៩ ពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាការក្រើនរំលឹក ដ៏ទាន់ពេលវេលាមួយ អំពីការអប់រំដល់យុវជនកម្ពុជា អំពីសារៈសំខាន់ នៃការការពារបរិស្ថាន ដែលសំខាន់​ជាងពេលណាៗទាំងអស់។

សាលារៀនជ័យលាភីទាំងអស់ ត្រូវបានជ្រើសរើស ដោយក្រុមអ្នកជំនាញ មកពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ សំខាន់ៗចំនួន ៤ ចំនុច៖ តើសាលារក្សាប្រតិបត្តិការបៃតង ដោយរបៀបណា តើការសិក្សាអំពីបរិស្ថាន ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សា ក្នុងសាលាដោយរបៀបណា តើការអនុវត្តកម្មវិធីនិរន្តរភាព របស់សាលាមានប្រសិទ្ធភាព យ៉ាងដូចម្តេច តើសាលាបានបញ្ចូលកម្មវិធីអប់រំ បរិស្ថានរបស់ពួកគេ ទៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែង ដោយរបៀបណា។

លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន​ បានមានប្រសាសន៏ថា៖ «ការប្រឡងប្រណាំងកម្មវិធី ពានរង្វាន់សាលាមេត្រីបរិស្ថាន មានគោលបំណងលើកទឹកចិត្ត សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ដើម្បីកសាងអនាគតដ៏រុងរឿង និងបណ្ដុះគំនិត ឱ្យស្រឡាញ់បរិស្ថាន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា។»

សាលាជ័យលាភីចំនួន៦ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៥ លានរៀល ៤ លានរៀល និង ៣ លានរៀល សម្រាប់ជ័យលាភីមាស ប្រាក់ និង សំរិទ្ធ រៀងៗខ្លួន ដែលនឹងត្រូវប្រើដើម្បីពង្រីក កិច្ចខឹតខំប្រឹងប្រែងនៃកម្មវិធីនិរន្តភាព និងការអនុវត្តកម្មបរិស្ថានល្អបំផុត។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាន៍ថា៖ «ការអប់រំ និងបរិស្ថាន គឺជាវិស័យអាទិភាពពីរដ៏សំខាន់ សម្រាប់ពួកយើងនៅក្រុមហ៊ុន Smart ហើយយើងមានមោទនភាព ដែលបានគាំទ្រកម្មវិធី ពានរង្វាន់នេះ ដោយបានដាក់បញ្ចូលវិស័យទាំងពីរនេះ ជាវិស័យអាទិភាពដែលនាំមកនូវ ផលវិជ្ជមានជាច្រើន ប្រកបដោយអត្ថន័យ។ តាមរយ:ការទទួលស្គាល់ សាលាទាំងនេះ សម្រាប់ការអនុវត្តប្រកបដោយ ភាពច្នៃប្រឌិត និងនិរន្តរភាព យើងសង្ឃឹមថា ពួកយើងនឹងក្លាយជាផ្នែកមួយ នៃការផ្លាស់ប្តូរក្នុងជំនាន់មួយ ដែលយុវជនកម្ពុជា​ ស្ថិតនៅជួរមុខនៃការប្រយុទ្ធ ដើម្បីអភិរក្សបេតិកភ័ណ្ឌធម្មជាតិ ដ៏កម្ររបស់ព្រះរាជាណាចក្រ និងធ្វើឱ្យមានផលវិជ្ជមានពិតប្រាកដ ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។»

ពានរង្វាន់សាលាមេត្រីបរិស្ថានជាតិ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសកម្ពុជា បានអនុម័តសេចក្តីណែនាំ ថ្នាក់ជាតិស្តីអំពី ពានរង្វាន់សាលាមេត្រីបរិស្ថាន ដោយអនុលោម តាមគោលការណ៍ណែនាំ និងពានរង្វាន់សាលាមេត្រី បរិស្ថានអាស៊ាន ដែលជាឯកសារយោង និងស្តង់ដារតំបន់សម្រាប់សាលារៀន ដែលមិនប៉ះពាល់ ដល់បរិស្ថានក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីទំនួលខុសត្រូវសង្គម និងកម្មវិធីនិរន្ដរភាព របស់ក្រុមហ៊ុន Smart សូមតាមដានលើទំព័រហ្វេសប៊ុក Smart For Cambodia www.facebook.com/smartforcambodia

To Top