អត្ថបទ

អនុប្រធានថ្មី​ទទួល​បន្ទុក SME របស់​ក្រុមហ៊ុន HTTPOOL ផ្តោត​ទិសដៅលើ ​​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​កម្ពុជា ​ជាមួយ​បច្ចេក​វិទ្យា​​ធ្វើទីផ្សារ​ថ្មី

អនុប្រធាន​ពិភពលោក​ថ្មី​របស់​ក្រុមហ៊ុន Httpool ទទួល​បន្ទុក​​សហគ្រាស​ធុនតូច និង​ធុន​មធ្យម (SME) បាន​ឱ្យដឹង​ថា ប្រទេសកម្ពុជា​នឹង​ជាទិសដៅ​ដ៏​សំខាន់​​​មួយ​សម្រាប់​បច្ចេក​វិទ្យា​ធ្វើ​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន។

លោក Matthieu Laporte បាន​ធ្វើការ​ប្រកាសបែប​​នេះ ខណៈដែល​លោក​បាន​ចូលបម្រើការងារ​ក្នុង​ក្រុមហ៊ុន​ Httpool ក្នុងតំណែង​ជា​អនុប្រធាន​ពិភពលោក​ទទួល​បន្ទុក​សហគ្រាស​ធុនតូច និង​ធុន​មធ្យម។ មុនពេល​ចូលរួម​ជាមួយក្រុមហ៊ុន Httpool លោក Laporte ធ្លាប់​ធ្វើការ​ងារ​នៅក្រុមហ៊ុន Facebook ក្រុមហ៊ុន Twitter និងក្រុមហ៊ុន Google។

ក្រុមហ៊ុន Httpool ដែល​ជា​ដៃគូ​អន្តរជាតិធំបំផុត​របស់​ផ្លែតហ្វម​ប្រព័ន្ធផ្សព្វផ្សាយ​ធំៗ ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន Facebook ក្រុមហ៊ុន Twitter ក្រុមហ៊ុន Spotify ក្រុមហ៊ុន LinkedIn ក្រុមហ៊ុន Snapchat និងក្រុមហ៊ុន​ផ្សេងៗ​ទៀត ថ្មីៗ​នេះ​បានប្រកាស​តែងតាំងលោក​ Matthieu Laporte ឱ្យ​ឡើង​កាន់​តំណែង​​​ជា​អនុប្រធាន​ពិភពលោកទទួល​បន្ទុក​ជំរុញចក្ខុវិស័យ​អាជីវកម្ម​ធុនតូច និងធុន​មធ្យម (SMB) របស់​ក្រុមហ៊ុន។ លោក​នឹង​ទទួលខុស​ត្រូវ​លើ​ការ​កសាង រៀបចំ​រចនា​សម្ព័ន្ធ និងអនុវត្ត​ចក្ខុវិស័យ SMB នៅក្រុមហ៊ុន Httpool ។

លោក Matthieu មានជំនាញខាងផ្នែក SMB ការគ្រប់គ្រង​មនុស្ស ការគ្រប់គ្រងការលក់និង​គម្រោង ដោយ​កន្លង​មក​លោក​ធ្លាប់​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន Facebook ក្រុមហ៊ុន Twitter និង​ក្រុមហ៊ុន Google។ មុន​ពេលចូលរួម​ជាមួយក្រុមហ៊ុន Httpool លោក Matthieu បានដឹក​នាំ​ SMB និង​អាជីវ​កម្ម​នៅទីផ្សារ​កម្រិត​មធ្យម​សម្រាប់​តំបន់​អឺរ៉ុប​ភាគ​ខាង​ត្បូង និង​ទីផ្សារ​កំពុង​ស្ទុះងើបខ្លាំង​នៅ​ក្រុមហ៊ុន Facebook ក្នុង​ទីក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់។ លោក​ក៏​បាន​កសាង និង​បាន​គ្រប់​គ្រង​ផ្នែក​ធំ​មួយ​នៃ​ SMB EMEA នៅក្រុមហ៊ុន Twitter និង​បាន​គ្រប់គ្រងអ្នកតំណាង​លក់​និង​អតិថិជន​ថ្មី​​ក្នុង​អំឡុង​ពេល​លោក​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន Google ផងដែរ។

ថ្លែង​នៅថ្ងៃ​តែងតាំង​របស់​លោក លោក Matthieu Laporte បានថ្លែងថា៖ “ខ្ញុំ​មាន​ក្តី​រំភើប​​ដែល​បាន​ចូល​រួម​​ជាមួយក្រុមហ៊ុន Httpool។ អាជីវកម្ម​ធុនតូច​គឺជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​របស់​យើង។ ជាមួយ​នឹងការ​ពន្លឿន​​ឌីជីថលូបនីយកម្ម​ពិភពលោក ហើយអតិថិជន​កាន់តែ​ច្រើន​ទិញទំនិញតាម​អនឡាញ វាគឺជា​មូលដ្ឋានគ្រឹះ​​សម្រាប់​ SMB ​ដែល​ត្រូវ​កសាង​វត្តមាន​អនឡាញ​របស់​ពួកគេ និង​ផ្សាព្វផ្សាយ​ឱ្យ​ដល់​ទីផ្សារ​​ពិភពលោក។ នេះគឺជា​ឱកាសដ៏​ធំ​មួយ​សម្រាប់​ SMB ​ក្នុងការ​លូតលាស់ និង​ពង្រីក​ខ្លួន ហើយ​យើង​ប្តេជ្ញាចិត្ត​គាំទ្រ​ពួកគេ​ខាង​ផ្នែក​ឌីជីថលូបនីយកម្ម និង​ដំណើរ​លូតលាស់​របស់​ពួកគេ”។

អាជីវកម្ម​ធុនតូច​និង​ធុន​មធ្យម​ (SMB) គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ពិភពលោក។ យោងតាម​ក្រុមហ៊ុន Light Castle Partner ក្នុង​​តំបន់អាស៊ីប៉ាស៊ីកហ្វិក SMB តំណាង​ឱ្យ ២៥​% នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​បង់ក្លាដែស ៤០% ក្នុង​ប្រទេស​វៀតណាម និង​មាន​ជាង​ពាក់​កណ្តាល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទាំង​មូល​​ក្នុង​ប្រទេស​ស្រីលង្កា (៥២% នៃ ផ.ស.ស) និង​ប្រទេស​កម្ពុជា (៥៨% នៃ ផ.ស.ស)។ លើស​ពី​នេះ​​ទៀត វិស័យ SMB បន្ត​រីក​លូត​លាស់ទៅមុខ​បន្ត​ទៀត។

លោក Laporte បន្ថែមថា៖ “យើងមាន​បំណង​សម្លឹងមើល​​យ៉ាង​យកចិត្តទុកដាក់ទៅលើ​ផ្នែក​ដ៏​សំខាន់​នេះ​នៃ​សេដ្ឋកិច្ច​ពិភព​លោក រួមទាំងនៅ​ក្នុង​​​​តំបន់អាស៊ីផងដែរ។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា នឹង​ស្ថិតក្នុង​ចំណោម​អ្នកដំបូង​គេ​ដែល​ទទួលបាន​ដំណោះ​ស្រាយ​​បច្ចេកវិទ្យា​ធ្វើទីផ្សារ​ថ្មី​របស់​យើង ដែល​បច្ចុប្បន្ន​យើង​កំពុង​បង្កើត​ឡើង​ដើម្បី​ជួយ​ SMBs ធ្វើ​ឱ្យ​​កិច្ចប្រឹង​ប្រែង​ផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល​របស់​ពួកគេមានភាព​សាមញ្ញ និង​ពន្លឿន​ការ​រីក​លូតលាស់​របស់​ពួកគេ”៕

សម្រាប់​ព័ត៌មាន​បន្ថែម

Spela Marusic ប្រធាន​ផ្នែគ​ទំនាក់ទំនង​សាធារណៈ​ពិភពលោករបស់​ក្រុមហ៊ុន Httpool (marusic@httpool.com)

Rucha Bhalekar ប្រធាន​ផ្នែកទីផ្សារ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិករបស់​ក្រុមហ៊ុន Httpool​ (rucha@httpool.asia)

អំពី​ក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding ដែលវិនិយោគ​លើ​​​ផ្លែតហ្វម​ផ្សព្វ​ផ្សាយ​​ឌីជីថល​ឈានមុខ​ជាគេ​ច្រើន​​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី។ ក្រុមហ៊ុនគាំទ្រ​​ដល់​កំណើន​របស់​ផ្លែតហ្វមទាំង​នេះ និង​ជំរុញ​ឱ្យមាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បង់ប្រាក់​នៅទូទាំង​ទីផ្សារ​ជាង ៣០​។ ដោយផ្អែក​លើបណ្តុំប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នៃ​​បច្ចេក​វិទ្យា​​និង​ដំណោះស្រាយលទ្ធផលការងារ ក្រុម​ការងារ​ដែល​មានបទ​ពិសោធន៍ និង​បទពិសោធ​ទីផ្សារ​ដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាច​ជួយ​ឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ភ្ជាប់​​ទំនាក់ទំនង​ជាមួយ​អតិថិជនរបស់​ពួកគេ​បាន​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ដែល​បង្កើន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ឥត​ឈប់ឈរ។

ផ្លែតហ្វម​ផ្សព្វផ្សាយ​ឈាន​មុខគេ​នានា​ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំង​ក្រុមហ៊ុន Httpool ឱ្យ​ធ្វើជា​ដៃគូ​លក់​ផ្តាច់​មុខ​របស់​ពួកគេ​នៅទូទាំង​ទីផ្សារ​អឺរ៉ុប និង​អាស៊ី​មួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅ​ចក្រភពអង់គ្លេស ដោយ​មានការិយាល័យ​ជាច្រើនកន្លែង​​​នៅ​ទូទាំង​តំបន់អឺរ៉ុប​កណ្តាល តំបន់ណូឌិក​ (Nordics) តំបន់​បាល់​ទិច​និង​បាល់​កាន (Baltics and Balkans) ប្រទេស​រុស្ស៊ី តំបន់ CIS និង​អាស៊ីប៉ាស៊ីហ្វិក។ ​ក្រុមហ៊ុន Aleph ក្តោប​ក្តាប់​ផ្លែតហ្វម​លំដាប់ពិភលោកធំៗ​ជាង ២០​ ក្នុងទីផ្សារ​ជាង ៥០ នៅ​ទូទាំង​ពិភព​លោក។

គេហទំព័រ www.httpool.com

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top