អត្ថបទ

មិត្តហ្វូន ចេញផ្សាយវីដេអូភាគអប់រំ «មាគ៌ាព្រះធម៌» ដើម្បីបំផុសការធ្វើអំពើល្អ

ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកា វីដេអូអប់រំជាច្រើន ក្នុងនោះមាតិកាវីដេអូភាគ ដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» ដែលជំរុញនិងផ្សព្វផ្សាយ អំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនា ។

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គម របស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការ កម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេ ឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។

មាតិកាវីដេអូនេះបានចេញផ្សាយ បន្ទាប់ពីការទទួលបានជោគជ័យ ដ៏គួរឲ្យចាប់អារម្មណ៍នៃ មាតិកាវីដេអូគំនូរជីវចល ក្រោមចំណងជើងថា «ក្រដាស ស» ដែលមាតិកាវីដេអូនេះមានអ្នកទស្សនា យ៉ាងច្រើនក្រៃលែងនៅលើ ទំព័រអ្នកគាំទ្រហ្វេសប៊ុក និង យូធូប របស់មិត្តហ្វូន ។ នេះបើយោងតាមការ ឲ្យដឹងរបស់លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ។

លោក ឌិនថន បានមានប្រសាសន៍ថា «រឿងនិទានទាំងឡាយ នៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ។» លោកបានបន្តថា «មាតិកាវីដេអូនេះ ធ្វើឲ្យដំណើររឿងរបស់ ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃ ការសាងអំពើល្អនៅក្នុងជីវិតរស់នៅ របស់មនុស្សគ្រប់រូប ។»

ភាគទីមួយនៃវីដេអូ «មាគ៌ាព្រះធម៌» បានចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល ជាងមួយឆ្នាំហើយ ។ គិតមកទល់នឹងពេលនេះ មាគ៌ាព្រះធម៌ ចេញផ្សាយបាន ៥៩ភាគហើយ ដោយផ្សាយមួយភាគក្នុងមួយសប្ដាហ៍ ហើយមានចំនួននៃការ ទស្សនាសរុបនៅលើ យូធូប ជិត ២០លានដងហើយ ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា វីដេអូភាគ«មាគ៌ាព្រះធម៌» បានទទួលចំណាប់អារម្មណ៍វិជ្ជមាន ច្រើនពីសំណាក់អ្នកទស្សនា ដោយមានភាគមួយនោះ ដែលមានចំណងជើងថា «ព្រះបាទ ពិម្ពិសារនិងញាតិ» ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានចំនួនអ្នកទស្សនាជិត ១៨០.០០០ដង នៅលើ យូធូប ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ ទស្សនានៅទីនេះ https://youtu.be/5d4xvumcIUs ។

យោងតាមក្រុមហ៊ុនមិត្តហ្វូន បណ្ដាញសង្គមរបស់ក្រុមហ៊ុន ដែលរួមមានទំព័រហ្វេសប៊ុក និង យូធូប ទទួលបានអ្នកគាំទ្រយ៉ាងច្រើន គួរឲ្យកត់សម្គាល់ បន្ទាប់ពីការចេញផ្សាយមាតិកា វីដេអូភាគអប់រំទាំងនេះ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នក subscribe យូធូប របស់ មិត្តហ្វូន បានកើនឡើងដល់ជិត ៨សែននាក់ រីឯចំនួនអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤,៥លាននាក់ហើយ ។

កន្លងមក ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត និងផ្សព្វផ្សាយមាតិកាយ៉ាងច្រើន សម្បូរបែបដោយមិនគិតប្រាក់កម្រៃ ដើម្បីបម្រើដល់ការកម្សាន្ត របស់សាធារណជន ដូចជា វីដេអូគំនូរជីវចល «ក្រដាស ស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធីកំប្លែង «ទឹកគ្រឿង TV», កម្មវិធីប្រកួត Fun Fun, វីដេអូផ្សព្វផ្សាយពីអេកូទេសចរណ៍ និងមាតិកាវីដេអូកម្សាន្តជាច្រើនទៀត នៅលើ បណ្ដាញសង្គម TikTok ជាដើម ។

ក្រុមហ៊ុន មិត្តហ្វូន មានវត្តមាននៅកម្ពុជាជាង ១២ឆ្នាំហើយ និងកំពុងបម្រើសេវា ដល់អតិថិជនជាង ៩លាននាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរគមនាគមន៍ ដ៏ធំជាងគេបំផុតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងផ្ដោតសំខាន់ផងដែរ ទៅលើការផ្ដល់នូវប្រព័ន្ធឌីជីថលកាន់តែច្រើនថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID ជាមជ្ឈមណ្ឌលឌីជីថលសម្រាប់ ការកម្សាន្តដ៏សម្បូរបែប, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនផ្សេងទៀត ៕

To Top