អត្ថបទ

ឧកញ៉ា ឡេង ប្រុស ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់កីឡាករបាល់ទាត់កម្ពុជា ក្រោយយកឈ្នះកោះហ្កាំជើងទី២

លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។

ឧកញ៉ា ដែលមានអតីតភាពជាពលករ នៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជា យកឈ្នះកោះហ្កាំជាបន្តបន្ទាប់។ សម្រាប់ឧកញ៉ា ឡេង ប្រុស ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់កីឡាករបាល់ទាត់កម្ពុជា ក្រោយយកឈ្នះកោះហ្កាំជើងទី២ រូបលោកជ័យជម្នះនេះ គឺជាមោទនភាព និងអំណរសាទរ សម្រាប់ជាតិខ្មែរ ហើយក៏ជាលើកកិត្យានុភាពកម្ពុជាលើវិស័យកីឡាផងដែរ។

លោកបន្តថា ការឧបត្ថម្ភថវិកា ៥ពាន់ដុល្លារនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡានៅកម្ពុជា ជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តក្រុមកីឡាករកម្ពុជា ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជា។

ជាមួយការឧបត្ថម្ភនេះ លោកឧកញ៉ា ឡេង ប្រុស ក៏បាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យកីឡា និងក្រុមកីឡាករគោព្រៃកម្ពុជា ទាំងមូល ចំពោះកិច្ចប្រឹងប្រែង និងនាំមកនូវកិត្តិយស សម្រាប់ជាតិមាតុភូមិ។ លោកឧកញ៉ា ក៏បានជូនពរឱ្យក្រុមគោព្រៃ របស់កម្ពុជា បន្តយកឈ្នះក្នុងការប្រកួតនៅវគ្គបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ការប្រកួតក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នាយប់មិញនេះ កម្ពុជា បានយកឈ្នះកោះហ្គាំ ២-១ ខណៈជើងទី១ យកឈ្នះ ១-០។ ជ័យជម្នះនេះ ធ្វើឱ្យកម្ពុជា ទទួលបានកៅអីមួយ ក្នុងចំណោម ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា។

វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣។

ជាមួយលទ្ធផលជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភ ១០ម៉ឺនដុល្លារអាមេរិក ខណៈជ័យជម្នះជើងទី១ សម្តេចតេជោ បានឧបត្ថម្ភ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ៕

To Top