អត្ថបទ

ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ជូនមជ្ឈមណ្ឌលជាតិ លើកកំពស់សុខភាព ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និង ក្រសួង សុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអោយបន្តការការពារខ្លួនពីជំងឺកូវីដ-១៩ ដើម្បីជំរុញឲ្យបាននូវការចូលរួម របស់បុគ្គល គ្រួសារ សហគមន៍ ក្នុងការរួមចំនែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះ ដល់ខ្លួននិងក្រុមគ្រួសារ ត្បិតជំងឺដ៏កាចសាហាវមួយនេះពុំទាន់រលាយបាត់ពីពិភពលោកយើងទាំងស្រុងនៅឡើយ។

ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន រៀបចំកម្មវិធី ប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាពស្តីពីការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ រួមមាន៖ អាវយឺត ផ្ទាំងបដា និងស្ទិកគឺ រូបភាពផ្ទាំងធំ(Poster) សម្រាប់យុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩” សម្រាប់អប់រំផ្សព្វផ្សាយនៅថ្នាក់រាជធានី-ខេត្ត នៅ មជ្ឈមណ្ឌលជាតិកំពស់សុខភាពរបស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ រួមទាំងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផ្ទាល់។

ថ្លែងក្នុងឱកាសពិធី ប្រគល់នូវសម្ភារៈផ្សព្វផ្សាយនេះផងដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនដែលបានជួយចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបានឧបត្ដម្ភជាសម្ភារអប់រំផ្សព្វផ្សាយជូនដល់ក្រសួងសុខាភិបាល។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីលើកឡើងថា សម្ភារទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយផ្សព្វផ្សាយបន្ដ ក៏ដូចជាការរំលឹកជូនដល់សាធារណបន្ដអនុវត្ដ ៣ការពារ និង៣កុំ ទោះជាស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុនក្ដី។

លោកស្រីអំពាវនាវដល់ បុគ្គលគ្រប់រូបគ្រួសារ សហគមន៍ និងស្ថាប័នឯកជនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម និងសេដ្ឋកិច្ចតាមគន្លងប្រតីភាពថ្មីដោយម្នាក់ៗទទួលខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល។លោកស្រី បានជូនពរដល់ដឹកនាំកក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុន ជួបប្រទះតែសេចក្ដីសុខ និងចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ ជាមួយគ្នានោះដែរថ្នាក់ដឹកនាំកក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បាន ថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា មន្ត្រីថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្ត ដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតកន្លងមក ទទួលបានជាលទ្ធផលល្អប្រសើរ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានរហូតដល់ ៨៦.៥៨% នៃប្រជាជនសរុប ដែលលទ្ធផលនេះ ស្ថិតនៅលំដាប់ខ្ពស់នៅក្នុងអាស៊ាន និងពិភពលោក។

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗជាមួយរាជរដ្ឋាភិបាលដូចជា៖ ការចូលរួមឧបត្ថម្ភដល់រាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឧបត្ថម្ភដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំង សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ការចូលរួមជាមួយកាកកបាទក្រហមកម្ពុជា និង ឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗ ទៅកាន់គោលដៅផ្សេងៗដែលបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។ល។


To Top
×