អត្ថបទ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធជាផ្លូវការគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមបើកសម្ពោធជាផ្លូវការគម្រោងទី៣ “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិត ក្នុងខណ្ឌជ្រោយចង្វារ កៀកនឹងទន្លេមេគង្គ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកគម្រោងថ្មីនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីស្ថិរភាព , ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ។ ម្យ៉ាងវិញទៀត នេះក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ និងសំណង់ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ និងស្របពេលកម្ពុជាកំពុងត្រូវបានបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ ។

លោកបន្តថា តំបន់ជ្រោយចង្វារ ជាតំបន់ប្រកបដោយសក្តានុពល និងមានប្រែប្រួលយ៉ាងឆាប់រហ័សជាបន្តបន្តាប់។ បើក្រឡេកមើលទៅក្រោយ សម្រាប់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ផ្ទាល់នូវស្ថានភាពលំបាកក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺអាចនឹងដឹងច្បាស់ថា តំបន់នេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ដោយចាប់ផ្តើមពីតំបន់ដាច់ស្រយាល គ្មានស្ពាន មិនសូវមានមនុស្សរស់នៅ ប៉ុន្តែមកដល់បច្ចុប្បន្នសំបូរទៅដោយហាងអាជីវកម្ម និងសំណង់លំនៅដ្ឋានប្រណិតជាច្រើន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ទាំងនេះ គឺជា “ផលជាក់ស្តែងពិតប្រាកដនៃការអភិវឌ្ឍ” ដែលធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ដែលមានតម្លៃដីខ្ពស់ និងផ្តល់ផលវិជ្ជមានសម្រាប់ប្រជាពលរដ្ឋជាច្រើន។ អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការចូលរួមរបស់សហគ្រិនក្នុងស្រុក៖ “ខ្មែរអាចធ្វើបាន” តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួមបង្កើតបានជាមោទនភាពនៃការរីកចម្រើនរបស់ជាតិ។

លោកបន្ថែមទៀតថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាចរក្សាលំនឹងបាន និងមិនថយក្រោយ ហើយថែមទាំងបានជួយទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងផងដែរ តាមរយៈការធានាបាននូវការផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋក្នុងដំណាក់កាលវិបត្តិនេះ។

លោកថា លំនឹងនេះ ក៏បានបង្ហាញពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើនដែលបានទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះ ការលើកទឹកចិត្តឲ្យវិស័យឯកជនរីកចម្រើន នឹងផ្តល់លទ្ធភាពឲ្យចែករំលែកការរីកចម្រើនទៅគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការធ្វើឲ្យមានការកែប្រែលើកកម្ពស់មុខមាត់ប្រទេសជាតិផងដែរ តាមរយៈសមិទ្ធិផលធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលសម្រេចបាននៅក្នុងគម្រោងឯកជន។

លោកបានឲ្យដឹងទៀតថា ការធានាបាននូវការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន ជាពិសេសនិរន្តរភាពនៃការរីកចម្រើនដែលជាមូលដ្ឋាននៃឈានទៅមុខកាន់តែខ្លាំងទៅអនាគត គឺជាកិច្ចការសំខាន់ចាំបាច់។ ជាក់ស្តែង ក្នុងសមរភូមិប្រយុទ្ធជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបោះជំហានឈានមុខធៀបនឹងប្រទេសមួយចំនួន ដោយបានចុះដឹកនាំយន្តការប្រយុទ្ធដោយផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីព្រោះអាទិភាពចាំបាច់បំផុតចំពោះមុខ គឺទី១. ការពារអាយុជីវិត និងទី២. ការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងកិច្ចការនេះ សម្តេចតេជោ ក៏បានធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើននៅក្នុងសមរភូមិនេះ ប្រកបដោយការពិចារណាប្រុងប្រយ័ត្ន និងការពិនិត្យស្រាវជ្រាវច្បាស់លាស់ ជាអាទិ៍ ការដាក់ចេញនូវវិធានការទប់ស្កាត់ និងព្យាបាល, ការគ្រប់គ្រងផលប៉ះពាល់ និងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះ ទទួលបានលទ្ធគួរជាទីមោទក រហូតបង្កលក្ខណៈឲ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលបង្ហាញអំពីភាពរឹងមាំរបស់កម្ពុជា ក្នុងនាមជាប្រទេស និងជាប្រជាជន ដែលអាចតស៊ូច្នៃប្រឌិតជម្នះការលំបាកគ្រប់បែបយ៉ាង៕

To Top