អត្ថបទ

ចូលឆ្នាំសកល! គ្រួសារឧកញ៉ាត្រកូល «ឡេង» ចំណាយថវិកា ២០លានរៀល ចែកពលរដ្ឋក្នុងភូមិកំណើត ៤០០នាក់

ភ្នំពេញ៖ ជាត្រកូលធ្លាប់តែខ្សត់ខ្សោយ និងលំបាក គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែធ្វើសទ្ធាមិនដាច់ជួយដល់ជនដែលខ្វះខាត។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិកា របស់ខ្លួនប្រមាណ ២០លានរៀលជូនទៅដល់ប្រជាពលរដ្ឋ ៤រយនាក់ នៅក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រាប់ ថាការបរិច្ចាគថវិកាជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ដើម្បីជាចំណែក សម្រាប់ដោះស្រាយការខ្វះខាត និងជាចំណងដៃបងប្អូនរបស់លោក ជូនប្រជាពលរដ្ឋសម្រាប់បុណ្យចូលឆ្នាំសកល ដែលឈានចូលមកដល់ខាងមុខនេះ។

ការជូនថវិកា ដល់ប្រជាពលរដ្ឋក្នុងភូមិនៅថ្ងៃនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់គ្រួសារឧកញ៉ាត្រកូល «ឡេង»។ គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែបានជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងភូមិ និងជួយកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។

ឧកញ៉ា ឡេង ប្រុស បានគូសបញ្ជាក់ថា គ្រួសាររបស់លោកមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់ នៅក្នុងភូមិកាលពីអតីតកាលជាពិសេសពេលគ្រួសារមានការខ្វះខាត។ ការធ្វើទានជាមួយប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកសាងសមិទ្ធផលនានានៅស្រុកកំណើត គឺធ្វើឱ្យគ្រួសារលោកមានភាពរីករាយ ហើយរំពឹងថា កុសលផលបុណ្យគ្រួសារលោកបានធ្វើ នឹងបានដល់វិញ្ញាណក្ខន្ធអ្នកម្តាយដែលបានចែកឋានទៅ។

ប្រជាពលរដ្ឋដែលបានចូលរួមទទួលថវិកា ដែលជាសទ្ធាដ៏ជ្រះថ្លារបស់គ្រួសារឧកញ៉ាត្រកូល «ឡេង» បានថ្លែងអំណរគុណ ដល់គ្រួសារឧកញ៉ាត្រកូល «ឡេង» និងបានបង្ហាញការកោតសរសើរស្ញប់ស្ញែង ចំពោះគ្រួសារឧកញ៉ាត្រកូល «ឡេង» បើទោះបីមានជីវភាពរុងរឿងយ៉ាងណាក្តី ប៉ុន្តែនៅតែផ្សារភ្ជាប់ជីវិតជាមួយ ប្រជាពលរដ្ឋនៅស្រុកកំណើត។

ប្រជាពលរដ្ឋ បានចាត់ទុកគ្រួសារឧកញ៉ាត្រកូល «ឡេង» គឺជាត្រកូលដ៏ឧត្តម និងជាគំរូមួយនៅក្នុងសង្គមខ្មែរ។

សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករ នៅប្រទេសនោះស្វះស្វែងរកថវិកា ទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕

To Top