អត្ថបទ

កម្ពុជា​រួមកម្លាំង​គ្នា​ គាំទ្រ​ព្រឹត្ដិការណ៍​ មហោស្រព​ សិល្បៈ​អន្ដរជាតិ​អង្គរ ក្នុង​ខេត្ត​សៀមរាប

​កម្ពុជា​បាន​​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​​គាំទ្រ​ខេត្ត​​សៀមរាប ខណៈដែល​​​​​ទីក្រុងនេះ​អបអរ​​​ឋានៈ​របស់​ខ្លួន​​​ជា​​ទីក្រុង​​​វប្បធម៌​អាស៊ាន​​ឆ្នាំ​២០២០-២០២២។ នេះ​បើ​យោងតាម​អ្នករៀបចំ​ព្រឹត្ដិការណ៍​មហោ​ស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA)។

លោក Aaron Carpene ជា Artistic Director នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋបាល​​​ខេត្ត​សៀមរាប អ្នក​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដើម្បីអបអរ​​​​​ទីក្រុងសៀមរាប​​ជា​​​ទីក្រុង​​​វប្បធម៌​អាស៊ាន​​ឆ្នាំ​២០២០-២០២២​ ក៏​ដូចជា​សាធារណៈជនទូទៅ និង​អ្នក​​ឧបត្ថម្ភ​​​​ព្រឹត្តិការណ៍​​​​ទាំង​អស់​ដែល​បាន​ធ្វើ​ឱ្យ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​លើក​ដំបូង​នេះ​បញ្ចប់​ទៅ​បាន​ដោយ​​​ជោគជ័យ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​រៀបចំ​ពិធី​បើក​ព្រឹត្តិការណ៍វ​ប្បធម៌ក្នុង​ខេត្ត​​សៀមរាប​កាល​ពី​ថ្ងៃទី​១០ ខែ​ធ្នូ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​/ឯកអគ្គរាជទូត​របស់​ប្រទេស​​អាស៊ាន អ្នកមុខ​អ្នកការ​ និង​អាជ្ញាធរផ្សេងៗ។ នៅក្នុង​សុន្ទករថាថ្លែង​បើក​ពិធី​នេះ លោក​ជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងថា៖ «សៀម​រាប​ជា​ទីក្រុង​ទី៦ ដែលបាន​ដាក់ជា​ទីក្រុង​វប្បធម៌អាស៊ាន​។ ការ​សម្រេច​ជ្រើស​រើស​ក្រុង​សៀមរាបជា​ទីក្រុងវប្បធម៌​អាស៊ាន​ពុំ​មែនជា​ការ​ចៃដន្យឡើយ​ ត្បិត​សៀម​រាប​គឺ​ជា​អតីត​រាជធានី​​​នៃ​​ចក្រភព​ខ្មែរចាប់​ពី​សតវត្សរ៍ទី៩ ដល់ទី១៥ ដែលមាន​ប្រាង្គ​ប្រាសាទ​ដ៏​ស្គឹម​ស្កៃ​ចំពោះ​​មុខ​យើង​ជា សក្ខីភាព និងជា​ខេត្ត​សម្បូរ​ទៅដោយមរតក​វប្បធម៌ទាំង​រូបិយ​និងអរូបិយ ដែលជា​​ទិសដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ល្បី​ល្បាយនៅអាស៊ីអាគ្នេយ៍​យើង​នេះ»។

លើស​ពីនេះ​ទៀត ​មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​​មហោស្រព​នេះ​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១០​ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ក្នុងខេត្ត​​សៀមរាប​។ កម្មវិធី​ពិសេស​ៗ​ក្នុងព្រឹត្តិការណ៍​​នេះ​រួមមាន​ការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន ​រួមទាំង​តន្ត្រីករ វិចិត្រករគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម​។

យោងតាម​លោក Carpene បាន​ឱ្យដឹងថា ព្រឹត្ដិការណ៍​ដ៏​លេចធ្លោរ​បំផុត​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ គឺ​ការ​បង្ហោះ​ខ្លែង​ប្រពៃណី​កម្ពុជាដែលហៅថា ខ្លែងឯក​ខ្មែរ ដែលបាន​​​ចាប់​យក​​​ចំណាប់​អារម្មណ៍​របស់​​អន្ដរជាតិ​។

លោក Carpene មានប្រសាសន៍​ថា៖ «​មហោស្រព​សិល្បៈ​អន្ដរជាតិអង្គរ​​ជា​​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ ដើម្បី​​​ប្រមូល​ផ្តុំ​​កម្លាំង​សាមគ្គី​កម្ពុជារួម​គ្នា​ ក្រោយ​ឆ្លង​កាត់​ឧបសគ្គ​ដ៏វែង​ឆ្ងាយ​រួច​មក​។ វា​ជា​ក៏​ឱកាស​ដ៏​ល្អ​​ផងដែរ​ក្នុង​ការ​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​​ទាំង​នៅ​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ»។

លោកបាន​បន្ថែមថា​៖ «​ក្នុង​នាម​ជា​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នេះ យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​ការ​ណែនាំ​ និង​ការ​ចង្អុលបង្ហាញរបស់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រាប់​ការ​គាំទ្រ​ដ៏ពេញ​ទំហឹង​ ដើម្បី​ធ្វើ​​​ឱ្យព្រឹត្ដិការណ៍​នេះ​បញ្ចប់ទៅ​​ដោយ​​​ជោគជ័យ​»។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំងនៅ​​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

អ្នក​ឧបត្ថម្ភ​ព្រឹត្ដិការណ៍​នេះ រួមមាន​ស្រាបៀរអង្គរ ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិ​វប្បធម៌​និង​ទេសចរណ៍​ Chengdu ដែលបានចូលរួម​ឧបត្ថម្ភ​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​ឆ្នាំ​២០២១​នេះ។

អំឡុងពេល​ពិធីបិទ​ព្រឹត្តិការណ៍​​​​​​អបអរ​ក្រុងសៀមរាប​​ជា​​ទីក្រុង​វប្បធម៌​អាស៊ាន​ជា​ផ្លូវការ​ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​​ថា៖ «ការរៀបចំ​ព្រឹត្ដិការណ៍​វប្បធម៌​​នេះ​​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់នៅក្នុង​ពេល​​ដែល​ពិភព​លោក​​ទាំង​មូល​នៅ​បន្ដ​ប្រឈម​មុខ​នឹង​ការ​រីករាល​ដាល​​ជំងឺកូវីដ​-១៩ ដើម្បី​​បង្កើន​ការ​យល់​ដឹង និង​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចូលរួម​លើកស្ទួយ​កិច្ចការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​វប្បធម៌​ជាតិ​ដើម្បី​ចូលរួម​ចំណែកដល់ការ​​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ ខណៈ​ដែល​កម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ក្នុង​គ្រប់​វិស័យ​»​។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្ដិការណ៍​​មហោស្រព​ឆ្នាំ​ក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង​កម្មវិធី​តន្ត្រី​ Mozart នៅ​ក្នុង​គម្រោង​ល្ខោន​អូប៉េរ៉ា​អង្គរ ដោយ​មាន​ការ​សម្ដែង​សិល្បៈ​តន្រ្តី​ដោយ​​តន្ដ្រីករ​ក្លាស៊ីក​អន្ដរជាតិ​ជា​ច្រើន​រូប៕

To Top