អត្ថបទ

រកឃើញអ្នកឈ្នះចុងក្រោយ៣រូប ពីកម្មវិធីប្រកួតត្រេត Squid Game ខណៈអ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro មានតម្លៃប្រហែល ១៤០០ដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro ចំនួន ១ គ្រឿង មានតម្លៃប្រហែល ១៤០០ ដុល្លារ ,លេខ២ ទទួលបានសាច់ប្រាក់ចំនួន ៣០០ ដុល្លារ ,លេខ៣ ទទួលបានសាច់ប្រាក់ចំនួន ២០០ ដុល្លារ។

ក្នុងកម្មវិធីប្រកួតត្រេត Squid Game នេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្ដិក្រុមហ៊ុនប៊ី.អាយ.ស៊ី. ម៉ាឃីត ឯ.ក លោកស្រី ប៊ុន សុវ៉ាត់ឌី និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Global Liquidity Exchange Co., Ltd. ដែលជាក្រុមហ៊ុនសមភាគីកណ្ដាល លោក កែម សុភ័ក្រ្តា ដើម្បីជាកិច្ចស្វាគមន៍ និងលើកទឹកចិត្ដដល់ភ្ញៀវកត្ដិយសទាំងអស់ ដែលបានចំណាយពេលចូលរួមក្នុងកម្មវិធីប្រកួតរបស់ក្រុមហ៊ុន ដែលរៀបចំឡើងនៅក្នុងអគារ ធនាគារ B.I.C (Cambodia) Bank PLC. ជាន់ទី២ លើមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីម៉ោង ១រហូតដល់ម៉ោង៥រសៀល។

សូមរំលឹកថា មុនកម្មវិធីផ្តាច់ព័្រត្រ ក្រុមហ៊ុនបានរៀបចំវគ្គជម្រុះតាំងពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១ មកម្ល៉េះ តាមប្រព័ន្ធអនឡាញ ដោយក្រុមហ៊ុនបានបង្កើតគណនីសាកល្បង (Demo Account) ជូនអតិថិជន នីមួយៗ ដែលបានចុះឈ្មោះ យកទៅធ្វើការជួញដូរ ជាមួយនិងការផ្ដល់ជូនសមតុល្យសាច់ប្រាក់ស្មើៗគ្នា ដើម្បីធ្វើការប្រកួត បន្ទាប់មកក្រុមហ៊ុនបានធ្វើការជម្រុះចេញទុកត្រឹមតែ ៣០ នាក់ដែលនៅសល់សមតុល្យសាច់ប្រាក់ខ្ពស់ជាងគេប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ។ ដោយឡែកសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវបានធ្វើឡើងជា ២ វគ្គផ្សេងគ្នា។

ក្នុងវគ្គទី១ បេក្ខជនទាំង ៣០ រូប ត្រូវប្រកួតប្រជែងត្រេតរយៈពេល ៣០ នាទីដើម្បីរកអ្នកឈ្នះចំនួន ១០ រូប ដែលត្រូវឡើងទៅប្រកួតបន្ដនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដើម្បីទទួលរង្វាន់ពីក្រុមហ៊ុន ដែលរង្វាន់រួមមាន ៖
•រង្វាន់អ្នកឈ្នះលេខ១ ទទួលបាន iPad Air Pro ចំនួន ១ គ្រឿង មានតម្លៃប្រហែល ១៤០០ ដុល្លារ
•រង្វាន់អ្នកឈ្នះលេខ២ ទទួលបានសាច់ប្រាក់ចំនួន ៣០០ ដុល្លារ
•រង្វាន់អ្នកឈ្នះលេខ៣ ទទួលបានសាច់ប្រាក់ចំនួន ២០០ ដុល្លារ

ក្រៅពីការប្រកួតប្រជែងត្រេតកំសាន្ដទទួលរង្វាន់ហើយ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក ក៏មានការធ្វើបទបង្ហាញខ្លីអំពី ការអភិវឌ្ឍ និងរីកចម្រើនរបស់ក្រុមហ៊ុនតាំងពីថ្ងៃកកើតដំបូង រហូតដល់បច្ចុប្បន្នពីសំណាក់នាយកប្រតិបត្ដិនៃក្រុមហ៊ុន ហើយក្នុងនោះក៏មានការបង្ហាញពីចំណាប់អារម្មណ៍របស់នាយកប្រតិបត្ដិនៃក្រុមហ៊ុនសមភាគីកណ្ដាល Global Liquidity Exchange Co., Ltd. ។ លើសពីនេះទៅទៀត នៅអំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ក៏មានការចែករំលែកចំណេះដឹងសំខាន់ៗ អំពី ការគ្រប់គ្រងហានិភ័យនានា ទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទ ទៅកាន់ភ្ញៀវកត្ដិយសទាំងអស់ដែលបានចូលរួមនៅក្នុងថ្ងៃនោះផងដែរ ។

សម្រាប់កម្មវិធីនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ចំពោះវិស័យជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ហើយក៏ចង់ចូលរួមចំណែក ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវិនិយោគិនក្នុងស្រុក និងក្រៅស្រុកទាំងអស់ ឱ្យបានយល់ជ្រាបបន្ថែម ដើម្បីជាទំនុកចិត្តក្នុងការវិនិយោគលើវិស័យមួយនេះក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត.ឯក សង្ឃឹមយ៉ាងមុតមាំថា វិស័យជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា នឹងមានការរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខនេះ៕

To Top