អត្ថបទ

ឧកញ៉ា ឡេង ប្រុស ទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» តបនឹងការរួមចំណែក កសាងសមិទ្ធផលជាតិ

ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពាក់គ្រឿងឥស្សរិយយសនេះ ជូនឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។

ឧកញ៉ា បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង ចំពោះការទទួលបាន នូវគ្រឿងឥស្សរិយយសនេះ។ លោកបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទាន គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។

ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅ ឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើត ក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារ ជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យ អចលនទ្រព្យនាំឱ្យទទួលបាន ជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូន ត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។

ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕

To Top