អ្នកនាង Archana Roche ជា Facebook Measurement Lead ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានលើកឡើងថា Facebook Marketplace គឺជាផ្សារអនឡាញមួយដែលផ្ដល់ភាពងាយស្រួល និងសម្របតាមតម្រូវការអ្នកប្រើប្រាស់ក្នុងការទិញ និងលក់នូវផលិតផលថ្មីៗ ក៏ដូចជាផលិតផលមួយតឹកនៅក្នុងស្រុក។
ផ្សារ Facebook Marketplace ដែលត្រូវបានដាក់ដំណើរការនៅខែតុលា ឆ្នាំ២០១៦ បានបន្ដកើនប្រជាប្រិយភាពឥតឈប់ឈរ ជាមួយវត្ដមានអ្នកប្រើប្រាស់ក្នុងមួយខែជាង ៨០០លាននាក់ ពីបណ្ដាជាង ៧០ប្រទេសទូទាំងពិភពលោក។ វាបានក្លាយជាផ្លេតហ្វមផ្សារអនឡាញដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់អ្នកធ្វើទីផ្សារ។ រាប់ចាប់ពីអ្នកលក់រាយធុនតូច ដែលស្វះស្វែងរកបម្លាស់ប្តូរ និងបង្កើនការលក់ រហូតក្លាយជាស្ថាប័នទីផ្សារ ដែលជោគជ័យ ក្នុងការធ្វើការសាកល្បងផលិតផលថ្មី ហើយភាពសាមញ្ញា នៃការប្រើប្រាស់ផ្សារអនឡាញ Facebook Marketplace ធ្វើឱ្យវាក្លាយជាវិធីសាស្ដ្រងាយស្រួល និងសមស្របមួយក្នុងការចាប់ផ្ដើមអាជីវកម្មភ្លាមៗ ទោះបីជាគ្មានវេបសាយយ៉ាងណាក៏ដោយ។
លោកអ្នករឹតតែមិនចាំបាច់ដោនឡូតកម្មវិធីទូរស័ព្ទមួយផ្សេងទៀត ឬបង្កើតគណនីថ្មីនោះទេ។ អ្វីដែលលោកអ្នកត្រូវធ្វើគឺគ្រាន់តែបញ្ជូលឈ្មោះ និងរូបភាពផលិតផល ហើយលោកអ្នកអាចធ្វើការលក់ដូរបានតែម្ដង ដោយផលិតផលទាំងនោះនឹងបានទៅដល់អតិថិជនរាប់ពាន់នាក់នៅក្នុងសហគមន៍ដោយផ្ទាល់។ ដូច្នេះ ប្រសិនបើលោកអ្នកគឺជាអ្នកធ្វើទីផ្សារដែលមិនទាន់បានចាប់ផ្តើមប្រើប្រាស់ផ្សារ Facebook marketplace ឥឡូវនេះ វាដល់ពេលវេលាដ៏សមគួរហើយ។
ហេតុអ្វីបានជាផ្សារ Facebook Marketplace ពិតជាស័ក្ដិសមសម្រាប់អាជីវកម្មរបស់ខ្ញុំ?
យោងតាមឈ្មោះរបស់វា ផ្សារ Facebook Marketplace អាចឱ្យលោកអ្នកជួបជាមួយអតិថិជននៅលើ Facebook ដែលពួកគេកំពុងស្វែងរកផលិតផលស្រាប់។ វាបានកាត់បន្ថយភាពស្មុគស្មាញក្នុងការទិញផលិតផល ដោយការផ្ដល់ចម្លើយរហ័សទាន់ចិត្ដតាមរយៈប្រព័ន្ធតបសារភ្លាមៗពីកម្មវិធី Messenger អត់គិតថ្លៃ។ ផ្សារលើផ្លេតហ្វមរបស់ Facebook នេះផ្ដល់នូវការចុះបញ្ជីតាមរយៈប្រតិបត្ដិការលើទូរស័ព្ទដ៏វិសេស ដែលងាយស្រួលប្រើ និងរហ័សទាន់ចិត្ដ ដោយជួយលោកអ្នកផ្ដោតគោលដៅដល់អតិថិជនសកម្ម និងផ្ដល់ព័ត៌មានដ៏មានសារប្រយោជន៍ជាច្រើនទៀត ដូចជា តម្លៃ និងការពិពណ៌នាខ្លីៗអំពីផលិតផលយ៉ាងឆាប់រហ័ស។
ជាមួយវត្ដមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២,៨៩ពាន់លាននាក់គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២១ បណ្តាញសង្គម Facebook បង្ហាញពីឱកាសទីផ្សារដ៏ធំសម្បើមសម្រាប់អាជីវកម្មនានានៅជុំវិញពិភពលោក។ ជាពិសេស ជាមួយអត្ថប្រយោជន៍សម្រាប់អាជីវកម្មធុនតូច ផ្សារ Facebook Marketplace មានសមាជិកសកម្ម ១ពាន់លាននាក់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាបាញ់ឆ្ពោះគោលដៅទស្សនិកជនថ្មីៗនៅទូទាំងសកលលោក។
តើខ្ញុំអាចលក់អ្វីខ្លះនៅលើផ្សារ Facebook Marketplace?
ផ្សារ Facebook Marketplace គឺជាផ្លេតហ្វមពាណិជ្ជកម្មដ៏ល្អឥតខ្ចោះសម្រាប់ស្ទើរតែគ្រប់ប្រភេទផលិតផលទាំងអស់ រាប់ចាប់ពីសម្លៀកបំពាក់ និងគ្រឿងតុបតែង រហូតដល់គ្រឿងអេឡិចត្រូនិក ផលិតផលក្នុងវិស័យកម្សាន្ត សម្ភារសម្រាប់សកម្មភាពចំណូលចិត្ត និងសូម្បីតែអចលនទ្រព្យ។
ទោះជាយ៉ាងណា មិនសុទ្ធតែផលិតផលទាំងអស់ត្រូវបានស្វាគមន៍នោះទេ។ Facebook ប្រកាន់ខ្ជាប់នូវគោលការណ៍តឹងរ៉ឹង និងស្តង់ដារសហគមន៍ ដោយបានហាមឃាត់ការលក់គ្រឿងស្រវឹង ផលិតផលគ្រោះថ្នាក់ ការផ្សព្វផ្សាយល្បែងស៊ីសង ក៏ដូចជាទម្រង់នៃការរើសអើងផ្សេងៗទៀត (សូមមើលបញ្ជីពេញលេញនៅទីនេះ)។
តើខ្ញុំអាចទាញយកអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកពីផ្សារ Facebook Marketplace ដោយរបៀបណា?
ផ្សារ Facebook Marketplace ផ្តល់ឱ្យក្រុមហ៊ុន អាជីវកម្ម នូវលទ្ធភាពប្រើប្រាស់ជម្រើស និងឧបករណ៍ដ៏មានសារសំខាន់ជាច្រើន ដូចជា មុខងារលក់របស់អាជីវករជាដើម។ ក្រុមហ៊ុននានាក៏អាចប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មទីផ្សារ ដើម្បីអភិវឌ្ឍប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិទៅនឹងសំណួររបស់អ្នកប្រើប្រាស់ ក៏ដូចជាកម្មវិធីសន្ទនា (chatbots) ដើម្បីឆ្លើយសំណួរដែលសួរញឹកញាប់ (FAQ) ក្នុងពេលវេលាដ៏ខ្លី។
ការលក់ផលិតផលទៅឲ្យអតិថិជនដោយផ្ទាល់
ក្រុមហ៊ុនអាជីវកម្ម អាចលក់ផលិតផលដល់អតិថិជនផ្ទាល់ដោយប្រើប្រាស់កម្មវិធី Facebook Messenger តាមរយៈផ្សារ Facebook Marketplace ។ អតិថិជនដែលមានបំណងចង់ទិញផលិតផលពីលោកអ្នកអាចសាកសួរសំណួរភ្លាមៗ ដែលអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មឆ្លើយតបក្នុងពេលដ៏ខ្លី។ លក្ខណៈពិសេសនេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានទាំងអស់ដែលពួកគេត្រូវការ មុនពេលពួកគេបាត់បង់ចំណាប់អារម្មណ៍ ដែលធ្វើឱ្យអតិថិជនរបស់លោកអ្នកមានភាពងាយស្រួល និងឆាប់សម្រេចចិត្ដផលិតផល។
ជ្រើសរើសដំណើរការទូទាត់ប្រាក់ទៅតាមតម្រូវការ
ដំណើរការនៃការទូទាត់ប្រាក់គឺជាអ្វីដែលលោកអ្នកអាចធ្វើខ្លួនឯងនៅផ្សារ Facebook Marketplace។ នេះគឺជាសេវាកម្មតែមួយគត់ដែល Facebook មិនផ្តល់ជូនដល់អ្នកផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ដូច្នេះ ក្រុមហ៊ុនអាជីវកម្ម អាចប្រើវិធីបង់ប្រាក់ណាមួយដែលពួកគេចង់ធ្វើ រួមទាំងតាមរយៈ Paypal ការផ្ទេរប្រាក់តាមធនាគារ តាមរយៈ Shopify និងដំណើរការទូទាត់ BigCommerce។ លោកអ្នកក៏អាចទទួលយកសាច់ប្រាក់សុទ្ធ ដែលជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ។
បង្កើនការលក់តាមរយៈការដាក់លក់ផលិតផលដោយឥតគិតថ្លៃ
ក្រុមហ៊ុនអាជីវកម្មទាំងអស់អាចប្រើប្រាស់ផ្សារ Facebook Marketplace ដើម្បីដាក់លក់ និងគ្រប់គ្រងផលិតផលរបស់ខ្លួនដោយឥតគិតថ្លៃ ជាមួយការចំណាយពេលរៀបចំដ៏ខ្លី ទាំងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ក៏ដូចជាជំរុញកំណើនប្រាក់ចំណូលផងដែរ។ ដូច្នេះ ប្រសិនបើបច្ចុប្បន្ននេះ លោកអ្នកមាន Facebook shop សូមភ្ជាប់វាទៅកាន់ផ្សារ Marketplace របស់លោកអ្នក ហើយរង់ចាំមើលទិន្នន័យនៃការលក់មានបម្លាស់ប្តូរកើនឡើងដល់កម្រិតណា។
ផ្សារ Facebook Marketplace ពិតជាល្អស័ក្ដិសមសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលមានបំណងធ្វើទីផ្សារផលិតផលរបស់ខ្លួនលើអនឡាញ។ អ្នកប្រើប្រាស់ផ្សារ Facebook Marketplace ជាច្រើនបានទទួលអតិថិជនថ្មីៗរាប់ពាន់នាក់នៅក្នុងសហគមន៍ ហើយលោកអ្នកមិនចាំបាច់ចំណាយប្រាក់ចាយលើការចុះបញ្ជីអ្វីឡើយ។ អ៊ីចឹង តើលោកអ្នកនៅមានអ្វីស្ទះស្ទើរទៀត? ការៀបចំលក់ផលិតផលមានលក្ខណៈសាមញ្ញ និងអាចជួយលោកអ្នកលក់ និងផ្សព្វផ្សាយផលិតផលដល់មហាជនកាន់តែច្រើនយ៉ាងឆាប់រហ័ស។
អ្វីដែលធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺសមត្ថភាពសម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការរួមបញ្ចូលផ្សារ Facebook Marketplace ជាមួយមុខងារពិសេសៗ ដែលពួកគេត្រូវការ ដូចជា CRMs និង កម្មវិធីប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិ (autoresponders) ជាដើម។ វានឹងបង្កើនឱកាសរបស់លោកអ្នកក្នុងការទទួលបានអតិថិជនសក្ដានុពលថ្មីៗ រក្សាទំនាក់ទំនងយូរអង្វែង ហើយសំខាន់បំផុតនោះគឺការប្រែក្លាយពួកគេទៅជាអតិថិជនរបស់លោកអ្នក។ ដរាបណា លោកអ្នកនៅតែមានផលិតផលដាក់លក់ វាតែងតែមានអតិថិជនដែលស្វែងរកទំនិញនៅលើផ្សារ Facebook Marketplace ជានិច្ច៕