ក្រុមហ៊ុនផលិតរបស់កម្ពុជា និងអ្នកប្រើប្រាស់ បានបង្ហាញក្តីសង្ឃឹម សេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនទាំងនេះ បានដាក់តាំងបង្ហាញផលិតផល របស់ខ្លួននៅឯពិព័រណ៍ក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
ពិព័រណ៍ផលិតផលខ្មែរដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាព មួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ពិព័ណ៍មួយផ្សេងទៀតនឹងរៀបចំ ធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី១៩ ដល់ទី២០ ខែកុម្ភៈ ដែលនឹងប្រមូលផ្ដុំការបង្ហាញផលិតផល ជាច្រើនប្រភេទ ដូចជាផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ ផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿង តុបតែង ដើម្បីបង្កើតបានជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយតាមរយៈការតាំងបង្ហាញផលិតផលគុណភាពខ្ពស់របស់កម្ពុជា។
ព្រឹត្តិការណ៍ពិព័រណ៍ទាំងនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនផលិ តក្នុងស្រុក និងអ្នកប្រើប្រាស់ជួបគ្នា។ ក្រុមហ៊ុនផលិតបានពន្យល់អំពីផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ដែលអ្នកប្រើប្រាស់មួយចំនួនបានផ្តល់កោតសរសើររបស់ខ្លួនដល់ផលិតផលរបស់កម្ពុជា។
លោក ស្រាន់ សុជាតិ ដែលជាអ្នកមកទស្សនានិងទិញទំនិញម្នាក់ក្នុងកម្មវិធីពិព័រណ៍នេះបានថ្លែងថា៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺស្រាដែលផលិតក្នុងសាលាកសិកម្ម អ៊ីចឹងវាជាផលិតផលដែលចេញពីស្នាដៃរបស់សិស្សនិស្សិតផ្ទាល់។ សម្រាប់គុណភាពបច្ចុប្បន្ន យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ អ៊ីចឹង យើងចូលរួមទាំងអស់គ្នាសម្រាប់ការលើកកម្ពស់ផលិតផលខ្មែរ ពីព្រោះថា បើសិនជាយើងអត់ចូលរួមក្នុងការគាំទ្រផលិតផលកសិផលរបស់ប្រជាជនទេ យើងពិបាកក្នុងការជំរុញក៏ដូចជាអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃម្ហូបអាហារក្នុងស្រុកយើងឱ្យរីកចម្រើនណាស់»។
កញ្ញា អ៊ុង បូរតនា ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ហ្គ្រីន ក្លាស្ទើ ម.ក (Green Cluster Plc.) ដែលបានដាក់តាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះបានថ្លែងថា៖ «កម្មវិធីពិព័រណ៍របស់សហគ្រិនខ្មែរនេះ [ដែលរៀបចំឡើងដោយក្រុមហ៊ុន Beyond Retail Business Cambodia] ខ្ញុំគិតថា វាល្អព្រោះមានការតាំងបង្ហាញផលិតផលខ្មែរយើង។ យើងចង់បង្ហាញអតិថិជនទាំងជនជាតិបរទេស ទាំងជនជាតិខ្មែរ ឱ្យពួកគាត់ដឹងថា ខ្មែរយើងក៏មានទំនិញគុណភាពល្អ និងខ្ពស់ដែលផលិតក្នុងស្រុក មិនចាញ់បរទេសដែរ»។
ក្រុមហ៊ុន Green Cluster របស់កញ្ញា បូរតនា បានតាំងបង្ហាញផលិតផលផ្សេងៗដូចជាគ្រាប់ស្វាយចន្ទី ដំណាប់មៀន ស្រាផលិតក្នុងស្រុក និងផលិតផលផ្សេងទៀត។
អ្នកទស្សនាពិព័រណ៍រាប់ពាន់នាក់បានទៅទស្សនាព្រឹត្តិការណ៍ពិព័រណ៍ដែលបានរៀបចំធ្វើឡើងនៅ Angkor Parvis ក្នុងខេត្តសៀមរាបនៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២ និងនៅរាជធានីភ្នំពេញនៅចុងខែមករា។
កញ្ញា ច័ន្ទ សីមា ប្រធានគម្រោងនៃក្រុមហ៊ុន Beyond Retail Business Cambodia ដែលទទួលខុសត្រូវលើការរៀបចំពិព័រណ៍នេះបានថ្លែងថា៖ «ក្រុមហ៊ុនផលិតក្នុងស្រុកអាចមានមោទនភាពខ្លាំងជាមួយនឹងប្រតិកម្មតបទៅនឹងផលិតផលរបស់ពួកគេពីប្រជាពលរដ្ឋ។ អ្នកប្រើប្រាស់ពិតជាមានចំណាប់អារម្មណ៍ចំពោះគុណភាព និងជម្រើសដែលផ្តល់ជូន»។
ផលិតផលដែលត្រូវបានយកមកដាក់តាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងផលិតផលម៉ូដនិងគ្រឿងតុបតែង សាប៊ូនិងប្រេងផលិតក្នុងស្រុក ព្រមទាំងម្ហូបអាហារផលិតក្នុងស្រុក និងផលិតផលកសិកម្ម។
ដោយសារមានការគាំទ្រខ្លាំងពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង ពិព័រណ៍នេះបានបង្ហាញជំនាញបច្ចេកទេសដ៏អស្ចារ្យរបស់ក្រុមហ៊ុនផលិតផលកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា» នេះ៕