អត្ថបទ

ព្រឹត្តិការណ៍បង្ហាញស្នាដៃ គំនូរដ៏ធំបំផុត ក្នុងប្រទេសកម្ពុជា Murals For Cambodia Festival ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម នៅឯគម្រោងខុនដូ Urban Village & Factory Phnom Penh

ព្រឹត្តិការណ៍ Murals For Cambodia Festival បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយទទួលបានភាពជោគជ័យ យ៉ាងក្រៃលែងដោយមានអ្នកចូលរួមកម្សាន្ត រាប់ពាន់នាក់ កាលពីចុងសប្តាហ៍កន្លងមកនេះ។

ព្រឹត្តិការណ៍នេះផងដែរ ត្រូវបានផ្តួចផ្តើមដោយលោកហ្វុងគី (Fonki) ដែលជាអនិជនខ្មែរបារាំង ព្រមទាំងបានរៀបចំដោយសាលសិល្បៈ FT Gallery ហើយ បានប្រារព្ធទៅនៅបរិវេណគម្រោងខុនដូ Urban Village & មជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាសហគមន៍រស់នៅធំជាងគេកណ្តាលរាជធានីភ្នំពេញ។

គោលបំណង នៃការបង្កើតឲ្យមានព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះកើតឡើង គឺដើម្បីប្រមូលផ្តុំអ្នកស្រលាញ់ សិល្បៈគំនូរ ហើយលើកកម្ពស់ វិស័យទេសចរណ៍ និងវប្បធម៌ ព្រមទាំងបង្ហាញឲ្យពិភពលោកដឹងថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ និងសិល្បៈឈានមុខ ដ៏គួរឲ្យស្ងប់ស្ងែងមួយ ក្នុងតំបន់។

លោកហ្វុងគី បានចែករំលែកចំណាប់អារម្មណ៍ថា “ប្រទេសកម្ពុជាទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដដូច្នេះហើយគោលបំណង ក្នុងការបង្កើតព្រឹត្តការណ៍នេះគឺ ដើម្បីបង្កើតវេទិកាមួយ ដើម្បីឲ្យអ្នកស្រលាញ់សិល្បៈគំនូរ បានទទួលយកនូវបទពិសោធន៍ល្អៗ និងថ្មីៗ ព្រមទាំងលើកកម្ពស់ សិល្បៈគំនូរកម្ពុជា ទៅកាន់ពិភពលោក។ ព្រឹត្តិការណ៍នេះ ក៏បានអនុញ្ញាតឱ្យសិល្បករក្នុងស្រុក និងអន្តរជាតិផ្លាស់ប្តូរ បទពិសោធន៍រវាងគ្នា និងគ្នា”។

លោកហ្វុងគីបានបន្ថែមទៀតថា “ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន លើសពីការរំពឹងទុករបស់ខ្ញុំ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រួមទាំងសិល្បៈករ យុវវ័យ និងអ្នកស្រលាញ់សិល្បៈទូទៅ។ ពួកគាត់រីករាយជាមួយ ការតាំងបង្ហាញ ផ្ទាំងសិល្បៈគំនូរការប្រគុំតន្ត្រី រួមទាំងទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយនៅក្នុងព្រឹត្តិការណ៍នេះ”។

ក្រៅពីការដាក់តាំងបង្ហាញស្នាដៃ សិល្បៈដ៏វិសេសវិសាលរបស់សិល្បករផ្នែកគំ នូរល្បីៗក្នុងស្រុក និងជុំវិញពិភពលោក ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រី ដែលបានសម្តែងដោយតារាចំរៀងល្បីៗ មកពីផលិតកម្ម Baramey ផលិតកម្ម KlabYaHandz និងអ្នកចំរៀងល្បីឈ្មោះជាច្រើនរូបទៀត ព្រមទាំងមានវត្តមាន DJអន្តជាតិល្បីៗ ជា ច្រើន ដែលកាន់តែបន្កើននូវភាពសប្បាយរីករាយ និងអធឹកអធមបន្ថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយនេះជាឆ្នាំដំបូង ដែលបានរៀបចំ។ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសាលសិល្បៈ FT GALLERY ដែលមានទីស្នាក់ការកណ្តាល នៅសហគមន៍រស់នៅធំជាងគេ កណ្តាលរាជធានីភ្នំពេញ Urban Village & Factory Phnom Penh៕

To Top