កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២២ មានព្រឹត្តិការណ៍ដ៏រំភើប និងជាពិធីសិរីសួស្តីមួយបានកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ នៃការចាប់ផ្តើមឈានចូលប្រឡូក លើវិស័យអចលនទ្រព្យ ដែលកំពុងមានសន្ទុះយ៉ាង គួរអោយកត់សំគាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនបុស្បា អ៊ិនវេសម៉ិន បានប្រារព្ធរៀបចំឡើងនូវ ពិធីសិរីសួស្តីមង្គលគឺ “ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋានបុស្បា” ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនិងភ្ញៀវកិត្តិយសជាច្រើន រួមទាំងក្រុមការងារក្នុងក្តីសោមនស្សរីករាយ។
ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងតាំងពីម៉ោង ៧ព្រឹកតមក តាមលំនាំប្រពៃណីទំនៀមទំនៀមទម្លាប់ និងដំណាក់កាលសំខាន់ៗដូច ពិធីក្រុងពាលី ពិធីសូត្រមន្តប្រស់ព្រំសុំ សេចក្តីសុខសេចក្តីចម្រើន និងបានដង្ហែគ្រឿងរណ្តាប់លើអាសនៈ ឆ្ពោះទៅកាន់រណ្តៅជ័យ និងចុងក្រោយគឺការអញ្ជើញឡើង ទៅកាន់ឆាកនៃពិធីដើម្បី ចុចប៊ូតុងនៃការចាប់ផ្តើមបុកគ្រឹះ ដើម្បីបើកអោយមានដំណើរការ ការដ្ឋានសាងសង់ជាផ្លូវការ នៃគម្រោងលំនៅដ្ឋាន បុស្បា ទី១ ក្រោមវត្តមានពីថ្នាក់ដឹកនាំ និងបុគ្គលសំខាន់ៗនៃ ក្រុមហ៊ុនបុស្បាអ៊ិន វេស មិន ព្រមជាមួយកិច្ចស្វាគមន៍អំណរសាទរដ៏កងរំពង ពីសំណាក់ភ្ញៀវកិត្តិយសដែល បានអញ្ជើញចូលរួមផងដែរ ។
បន្ទាប់ពីពេលវេលាដ៏ថ្លៃថ្លា នៅលើឆាកកិត្តិយសរួចមក ក៏បានឈានចូលដល់ពិធីសំណេះសំណាល និងការផ្តល់ជូនបទបង្ហាញអំពីគម្រោង លំនៅដ្ឋាន បុស្បា ទី១ ដោយលោកស្រី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបុស្បាអ៊ិន វេស មិន “នាង ខូរី“ បានអញ្ជើញថ្លែងជូននូវសន្ទរកថា និងជាកិច្ចស្វាគមន៍នៃកម្មពិធីដោយប្រសាសន៍ថា៖ ចក្ខុវិស័យរបស់លំនៅដ្ឋាន បុស្បា គឺធ្វើជាគោលដៅដ៏ចំបងមួយ សម្រាប់បរិបទរស់នៅដ៏ប្រសើររបស់ប្រជាជនកម្ពុជា និងពោរពេញដោយភាពសុខដុម។ បេសកកម្មរបស់បុស្បា អ៊ិនវេសម៉ិន គឺ ខិតខំកសាងនូវទំនាក់ទំនង ដ៏ស្អិតរមួតរវាងអតិថិជន និង ដៃគូសហការការងារទាំងអស់់ ហើយផ្ដួចផ្ដើមនូវគំនិត និងដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតឈានមុខគេ។
លោកស្រីក៏បានលើកឡើងផងដែរថា គម្រោងក៏យកចិត្តទុកដាក់លើការរៀបចំអោយមាន ការិយាល័យអាជីវកម្មខ្នាតធំ,តូច សួនច្បារ សួនកម្សាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ និងសេវាសាធារណៈផ្សេងៗទៀត។ គម្រោងលំនៅដ្ឋាននេះផងដែរ គឺមានអំណោយផលនៃ ទីតាំងភូមិសាស្រ្តដ៏ល្អនាពេលអនាគត ដោយគម្រោងទាំងមូលគឺ នៅតាមបណ្តោយផ្លូវ ២០អា ទំហំ៥០ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ២និងលេខ៣, ផ្លូវ៦០ម៉ែត្រដូចជាផ្លូវក្រវ៉ាត់ក្រុមទី៣ មហាវិថីសម្តេចតេជោហ៊ុនសែន និងមាន ប្រព័ន្ធធារាសាស្រ្ត ផ្លូវនិងប្រឡាយទំហំ ៣២ម៉ែត្រជាច្រើនក្នុងតំបន់។ លក្ខណៈពិសេសទាំងនេះ គឺពិតជាមានអំណោយផលល្អ ដល់ការរស់នៅនិងប្រកបអាជីវកម្ម របស់ប្រជាជនយ៉ាងពិតប្រាកដ។
ត្រឹមតែគម្រោងលំនៅដ្ឋាន ដ៏សំបូរបែបមួយមុខនោះគឺ ពុំទាន់គ្រប់គ្រាន់ឡើយ សម្រាប់ការកសាងសហគមន៍ដ៏សុខដុម សុខសាន្ដ និងរឹងមាំមួយ ហេតុដូច្នេះហើយទើប បុស្បា អ៊ិនវេសម៉ិន បានត្រៀមរួចជាស្រេច ក្នុងការពាំនាំមកនូវភាពងាយស្រួល ទៅលើសេវាចំបាច់នានាដើម្បីបំពេញ នូវតម្រូវការក្នុងបរិបទរស់នៅ បែបទាន់សម័យ។ មិនតែប៉ុណ្ណោះ យើងខ្ញុំបានប្ដេជ្ញាក្នុងការពាំនាំនូវ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗដទៃទៀត ចូលមកក្នុងសហគមន៍នេះ។
ពាក្យថាបុស្បាមានន័យថា រាជនីនៃសព្វផ្កាទាំងពួង ដែលតំណាងឲ្យ កិត្យានុភាព ភាពសុខដុមរមនា វិបុលភាព ផាសុកភាព និងគុណភាព ទាំងនេះសុទ្ធសឹងតែជាគុណតម្លៃនៃចក្ខុវិស័យ ទៅលើការស្ថាបនាលំនៅដ្ឋាន និងសហគមន៍របស់ បុស្បា អ៊ិនវេសម៉ិន។ ដូចដែលបានរៀបរាប់ជូនខាងលើនេះ គម្រោងទាំងនេះគឺគ្រាន់តែជាចំនុចចាប់ផ្ដើម នៃទស្សនវិស័យប្រកបដោយ និរន្ដរភាពរបស់ក្រុមហ៊ុន បុស្បា អ៊ិនវេសម៉ិន។
យោងតាមចក្ខុវិស័យរបស់ស្ថាបនិក គឺលោកជំទាវអគ្គនាយិកា ម៉ឺន ស្រីណែត “ក្រុមហ៊ុន បុស្បា អ៊ិនវេសម៉ិន នឹងខិតខំឲ្យអស់ពីកំលាំង កាយចិត្តក្នុងការអភិវឌ្ឍគម្រោងទាំងមូល ក្នុងន័យបង្កើតជាប្រយោជន៍រួមមួយ សម្រាប់ការរស់នៅដ៏សុខដុម និងភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ និង មជ្ឈដ្ឋានជុំវិញ” ៕