អត្ថបទ

រដ្ឋបាលក្រុងសៀមរាប ដាំកូនឈើព្រៃលិចទឹក នៅតំបន់បឹងពារាំង

កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង ,កូនកន្សែង និង កូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត បន្ទរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា។

នាថ្ងៃទី ០៣ ខែមិនា ត្រូវជាខួប២ឆ្នាំដែល foodpanda បានពង្រីកសេវាកម្មរបស់ខ្លូនមកក្រុងសៀមរាប ក្រុមហ៊ុនបានរៀបចំការដាំដើមឈើ នៅជិតបឹងទន្លេសាប ក្នុងតំបន់បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៊ូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាល ក្រុងសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ មន្ត្រីជលផល បរិស្ថាន ដៃគូសហការ បុគ្គលិក ក្រុមហ៊ុន និង ប្រជាសហគមន៍ ចំនួន ១០០នាក់ចូលរួម ។

គួបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងសៀមរាប បានធ្វើការដាំកូនឈើចម្រុះ នៅដីតំបន់៣ ក្នុងបឹងទន្លេសាបជាបន្តបន្ទាប់ កន្លងមក រដ្ឋបាលក្រុង សៀមរាបក៏បានធ្វើការដាំត្នោត ចំនួន ៦ម៉ឺនគ្រាប់ នៅតាមព្រំប្រទល់តំបន់៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប មានប្រវែង ២៨គីឡូម៉ែត្រ ។ ម៉្យាងទៀតថ្ងៃនេះ ក្រោមការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន foodpanda យើងបានដាំកូនឈើចម្រុះចំនួន ៥០០ ដើម នៅលើផ្ទៃដី ២ហិចតា ក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប ។

លោក ប៊ូ ម៉េងទ្រី បានបញ្ជាក់ថា ការដាំដុះកូន ឈើព្រៃលិចទឹកក្នុងការស្តារឡើងវិញនូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រាន ។

ទន្ទឹមនិងនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ នៅរដូវវស្សា និង ទីជម្រកសត្វស្លាបគ្រប់ប្រភេទ ព្រមទាំងជាតំបន់ដែលមានសក្តានុពលក្នុង ការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តតំបន់ធម្មជាតិ នៃបឹង ទន្លេសាប ដែលជាប្រភពចំណូលមួយផ្នែករបស់ប្រជាពលរដ្ឋ ក្រៅពីការធ្វើនេសាទ ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ បឹងពារាំង បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនៅទីកន្លែងដែលមានព្រៃលិចទឹកនេះពិតជាមានសារៈប្រយោជន៍ជាច្រើនដល់មច្ឆាជាតិ សត្វ នឹង ពលរដ្ឋក្នុងសហគមន៏ក្នុងការចូលរួមអភិរក្សសត្វ និងទាក់ទាញអេកូទេសចរណ៏បន្ថែមទៀត។

លោកក៏បានសំណូមពរ ដល់ប្រជា ពលរដ្ឋ ក៏ដូចគ្រប់ស្ថាប័នទាំងរដ្ឋ និង ឯកជន បណ្តាអង្គការជាតិ អន្តរជាតិ និង វិស័យសាសនា ចូលរួមធ្វើការផ្សព្វផ្សាយ ក្នុងការថែរក្សា អភិរក្សនូវធនធានធម្មជាតិ ជុំវិញបឹងទន្លេសាប ដើមី្បផ្តល់នូវផលប្រយោជន៍ដល់កូនចៅខ្មែរយើងជំនាន់ ក្រោយផងដែរ៕

To Top