អត្ថបទ

Sprite ផ្លាស់ប្តូរសំបកដបពីពណ៌​បៃតង​ទៅជា​ដបថ្លា ការ​ផ្លាស់​​ប្តូរ​សំបក​វេចខ្ចប់​នេះ នឹង​ជួយសម្រួល និងជម្រុញ​​ដល់ការ​ប្រមូល និង​កែច្នៃ​ដប​ប្លាស្ទិក​ឡើងវិញ​

​ភ្នំពេញ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២២៖ ក្រុមហ៊ុន​កូកា-កូឡាកម្ពុជា ប្រកាស​​​គំនិត​ផ្តួច​ផ្តើម​ចុងក្រោយ​បំផុត​របស់ខ្លួន​​​សំដៅ​ជួយ​ដល់​បរិស្ថាន​​​ តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញ​ក្នុង​គោលបំណង​ជួយ​​សម្រួល និងជម្រុញ​ដល់​ការ​កែច្នៃសំបកវេចខ្ចប់ផលិតផល​ស្ព្រៃ​​ឡើង​វិញ។

ការ​ផ្លាស់​ប្តូរ​នេះ ​ជាផ្នែក​មួយ​នៃកិច្ចខំប្រឹ​ងប្រែង​របស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បី​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ស្របតាមចក្ខុវិស័យ​ពិភពលោកគ្មាន​សំរាម (World Without Waste) សំដៅ​​ជួយ​​ប្រមូល និងកែច្នៃ​ឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ទាំង​អស់ដែល​ក្រុមហ៊ុន​បានលក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។

​​ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹង​ធ្វើ​ឱ្យ​សំបក​ដប​ប្លាស្ទិក​​កាន់​តែ​មាន​​ភាពងាយ​ស្រួល​ខ្លាំង​ក្នុងការ​កែច្នៃ​ឡើងវិញ។ បើទោះ​ជា​តាមលក្ខណៈបច្ចេក​ទេស​​សំបក​ដប​​ប្លាស្ទិកពណ៌បៃតង​អាច​កែច្នៃ​ឡើងវិញ​បាន​ក៏ដោយ ក៏​សំបក​ទាំង​នេះ​​ជាធម្មតា​មិន​ត្រូវបានកែច្នៃ​ឡើងវិញ​ឡើយ​​ដោយសារ​សំបក​ពណ៌បៃតងនេះ​ចាំបាច់ត្រូវ​កែច្នៃ​ដាច់ដោយឡែក។

សំបក​វេចខ្ចប់​ប្លាស្ទិក ​ពណ៌​ស​ថ្លា​ មាន​ភាព​ពេញ​និយមជាង ហើយ​ត្រូវបានវិស័យ​ឧស្សាហកម្ម​កែច្នៃ​ឡើង​វិញ​ចាត់​ទុក​ថា​​មាន​គុណ​តម្លៃជាង​ ដែលមាន​ន័យថា សំបក​ដប​ថ្លា​ទាំងនេះ​​មាន​តម្រូវការ​ខ្លាំង​ជាង ហើយ​ងាយ​ស្រួល​យក​ទៅ​​កែច្នៃ​ទៅ​ជា​ផលិត​ផល​ផ្សេងៗ។ ដោយ​ហេតុ​នេះ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹង​បង្កើន​អត្រា​ការ​ច្នៃ​សំបក​វេចខ្ចប់ឡើងវិញ​នៅក្នុង​ស្រុក។

លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា មាន​ប្រសាសន៍ថា៖ «យើង​ទទួល​ស្គាល់ថា សំណល់សំបកវេចខ្ចប់​គឺជា​បញ្ហា​ធំ ​និង​ជាបញ្ហា​បន្ទាន់​នៅទូទាំង​ពិភពលោក និង​នៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហា​នេះគឺជា​បញ្ហា​ដែល​យើងទាំងអស់គ្នាអាច​ដោះស្រាយ​បាន ហើយ​ក្រុមហ៊ុន​កំពុង​ប្រឹងប្រែងចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជា​វិធានការ​ជាក់​ស្តែង​​មួយ​សម្រាប់​ម៉ាក​យីហោ​របស់​យើង។ យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវ​ដែល​យើងត្រូវ​ធ្វើ​ដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺ​ដើរលើទិសដៅស្រប​គ្នា​ទៅនឹង​ចក្ខុវិស័យ​ពិភព​លោក​​គ្មាន​សំរាមរបស់​យើង។ ចក្ខុវិស័យនេះ ​សំដៅជួយ​ប្រមូល និង​កែច្នៃឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ក្នុង​​បរិមាណ​សមមូល​ទៅនឹង​​សំបក​ដប​ប្លាស្ទិក និង​កំប៉ុង​ទាំង​អស់ដែល​យើងបាន​លក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។ អ្វីដែល​កំពុង​ផ្លាស់ប្តូរ​នេះ​គឺ​ពណ៌​របស់​សំបក​វេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅ​តែ​បន្ត​ផ្តល់ជូននូវ​រសជាតិ​ក្រូច​ឆ្មារ​ឆ្ងាញ់​ពិសារដែល​អតិថិជន​តែង​តែ​និយម​ចូលចិត្ត​ដដែល»។​​

ផលិតផលស្ព្រៃ ត្រូវ​បានដាក់លក់​នៅ​លើ​ទីផ្សារ​ជាមួយ​នឹង​សំបក​វេចខ្ចប់​ពណ៌​បៃតង​ចាប់តាំងពី​​ផលិតផល​នេះ​ត្រូវបានដាក់​លក់​​ជា​លើក​ដំបូង​នៅសហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​១៩៦១ និង​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៩៣។

​ផលិតផលស្ព្រៃសំបក​​ដប​ប្លាស្ទិក​ថ្លា​ថ្មីនេះ ​មានលក់ក្នុងចំណុះ១,៥​លីត្រ ដែលនឹងរក្សា​រសជាតិ​ឆ្ងាញ់​ស្រស់ស្រាយ​ពិសេស​​​ដូចដើម ហើយអតិថិជនអាច​រកទិញបាននៅតាមបណ្តាដេប៉ូចែកចាយ​ផ្សេងៗ​នៅទូទាំង​ប្រទេស។

គំនិត​ផ្តួចផ្តើម​​​លើការប្តូរពណ៌សំបកដបក្នុង​ប្រទេស​កម្ពុជានេះ​ធ្វើឡើង​ទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុង​តំបន់​អឺរ៉ុប​ភាគ​ខាង​លិច សហរដ្ឋ​​អាមេរិក និង​អាស៊ាន។

ក្រៅពីការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ​​ក្នុងគោលបំណង​បង្ក​ភាពងាយ​ស្រួល​ដល់​ការ​កែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​បន្តដាក់ចេញ​គំនិត​ផ្តួចផ្តើម​នានា​សំដៅ​បង្កើន​ការ​ប្រមូល និងការ​កែច្នៃ​សំបក​វេចខ្ចប់​ប្លាស្ទិកឡើងវិញនៅ​កម្ពុជា។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក  កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹង​នឹង​នេះ​ដែរ ក្រុមហ៊ុន​ក៏​ជួយ​បង្កើនការ​យល់ដឹង​របស់សហគមន៍​អំពី​ការ​បែង​ចែកប្រភេទ​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​កែច្នៃសំណល់​ឡើង​វិញ​តាមការ​​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​ពង្រាយ​ធុង​សំរាមជាង ៩០០​​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលា​រៀន​នានា​ជាង ១២០​ទីតាំង​នៅ​ទូទាំង​ប្រទេស​រួច​មក​​ហើយ។

ក្រុមហ៊ុនក៏​មាន​​គំនិតផ្តួច​ផ្តើមមួយទៀត ហៅថា «ផ្តល់​ជីវិត​ទី២​ដល់​ប្លាស្ទិករុំ​ទំនិញ» ដែល​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​លក់​ដុំ និងអ្នកលក់​រាយ​ប្រគល់ស្បោងប្លាស្ទិក​រុំកេស​ភេសជ្ជៈ​មក​ឱ្យ​ក្រុមហ៊ុនវិញ​សម្រាប់​កែច្នៃឡើងវិញ​។

ដើម្បី​ស្វែង​យល់​បន្ថែមអំពី​គំនិតផ្តួចផ្តើម​ពិភពលោកគ្មាន​សំរាម​របស់​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូល​ទៅកាន់​គេហទំព័រ​ ឬ​តាមដាន​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​ ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូកា-កូឡា។ កូកា-កូឡាកម្ពុជា មាន​មោទនភាពទទួលបានសិទ្ធិ​​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន កូកា-កូឡា ​និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និង​ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់​ការងារ​ប្រមាណ ៨៥០​កន្លែង និង​ការងារប្រយោល​​ប្រមាណ​ជាង ៨,០០០​កន្លែង​នៅក្នុង​សង្វាក់​ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា​ក្រុមហ៊ុន​ភេសជ្ជៈ​​មួយ ក្រុមហ៊ុនកំពុង​បន្ត​វិនិយោគ​លើការបង្កើតផលិតផលថ្មី ​ជម្រើស​សំបកវេចខ្ចប់ និងជម្រើស​ភេសជ្ជៈ​ប្រកបដោយ​គុណភាព ដែល​រួមមាន ភេសជ្ជៈ​មាន​ជាតិស្ករ​តិច និង​មិន​មាន​ជាតិ​ស្ករ​ផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុន​ប្តេជ្ញាចិត្ត​ ក្នុងការបង្កើត​គុណ​តម្លៃរួមគ្នា​​ក្នុង​សហគមន៍​ដែល​ក្រុមហ៊ុនកំពុង​មានប្រតិបត្តិការអជីវកម្ម ​ដោយធានា​ថា ចីរភាព​គឺជា​ស្នូល​នៃ​ប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្ត​កសាង​សហគមន៍​ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកប​ដោយ​ចីរភាព។ តាំងពី​ឆ្នាំ​១៩៩៣មក ក្រុមហ៊ុន​បានវិនិយោ​គទឹកប្រាក់​រាប់​លាន​ដុល្លារលើ​គម្រោង​សហគមន៍​ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោង​នោះ​រួមមាន​ ​ ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់​សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) ការគាំទ្រ​ដល់​គ្រួសារ​ដែលជួប​ការលំបាក (Family Hardship) និង​ការឧបត្ថម្ភ​ជំនួយ​​ក្នុងគ្រា​អាសន្ន (Emergency Relief) ជាដើម។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​លទៅ​កាន់​គេហទំព័រwww.cbcl.com.kh ឬ​ចូលទៅកាន់​ទំព័រ​ហ្វេស​ប៊ុកផ្លូវការ​របស់​យើង៖ Cambodia Beverage Company Ltd

ទំនាក់ទំនង៖

សម្រាប់​ព័ត៌មាន​បន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាម​រយៈអ៊ីមែល smunyvorleak@coca-cola.com.kh

To Top