អត្ថបទ

foodpanda សម្ពោធការិយាល័យ​ថ្មី ប្តេជ្ញា​ជួយ​ឲ្យ​អាជីវ​កម្ម Q-commerce កាន់​តែ​រីក​ចម្រើន និង​ផ្តោតលើ​ប្រព័ន្ធ​នវានុវត្តន៍ នៅ​​កម្ពុជា

ភ្នំពេញ៖ foodpanda ដែល​ជាក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​​ឈាន​មុខ​គេ​នៅកម្ពុជា​នោះ នៅថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២នេះ បានប្រកាស​ពីការ​បើក​ការិយាល័យ​ថ្មី​​ជាផ្លូវ​ការ​របស់ខ្លួន ក្រោយពី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល​២​ឆ្នាំកន្លះ​ នៅព្រះ​រាជា​ណា​ចក្រកម្ពុជា​។

ពិធី​សម្ពោធ​នេះ ត្រូវ​បាន​រៀប​ចំ​​ឡើងការិយាល័យ​ថ្មីតែម្តង ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​របស់​ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម និង​ថ្នាក់​ដឹកនាំ​​ក្រុមហ៊ុន foodpanda រួម​ទាំង​បុគ្គ​លិក​ជាច្រើន​នាក់ ក្នុង​គោល​បំណងបង្ហាញ​ពី​ការ​តាំង​ចិត្ត​​បក្នុងការ​ជួយ និង​គាំទ្រ​​​វិស័យឧស្សា​ហកម្ម​​បច្ចេក​វិទ្យា​ និង​អាជីវកម្មជា​ដៃគូ នៅកម្ពុជា មានការ​រីក​ចម្រើនបន្ថែមទៀត​​។ តាម​រយៈវត្តមានរបស់ខ្លួននៅកម្ពុជា foodpanda បាននាំមកជូននូវ​បច្ចេក​វិទ្យា​ជា​ពិសេស ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​​កាន់​តែមានភាព​ងាយស្រួល និង​មាន​អត្ថប្រយោជន៍​ ក៏ដូច​ជា​សុវត្ថិភាព​​មួយ​កម្រិត​ទៀត ខណៈ​ដែល​អ្នក​ប្រើប្រាស់​អាច​កុម្ម៉ង់សម្ភារៈ​ប្រើប្រាស់ ម្ហូប​អាហារ និងគ្រៀង​ទេស​នានា តាមតម្រូវការជាមួយសេវាដឹក ជញ្ជូន​យ៉ាង​​​​ឆាប់រហ័សក្នុងតម្លៃសមរម្យ។

ក្រៅពី​ផ្តល់ឪកាស​ដល់​​ដៃគូ​ដឹកជញ្ជូន និង​បុគ្គលិក​​របស់ខ្លួន​ឲ្យនៅ​តែបន្តមាន​ការ​ងារ​ធ្វើក្នុង​អំឡុង​​ពេលនៃការ​រាត​ត្បាត​ជំ​ងឺកូវីដ ១៩ ក្រុមហ៊ុនមាន​ការ​ប្តេជ្ញាប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ខ្លួនក្នុងការជួយសម្រួល​ដល់​​ម្ចាស់​អាជីវកម្ម​​តូចធំជាច្រើន ដើម្បី​​ធានា​ថា អាជីវកម្ម​របស់​ពួក​គេ​នៅ​តែ​ទទួល​បាន​ចំណូល និង​មាន​ដំណើរ​ការ​ជានិច្ច មិន​ថា ក្នុង​ពេល​ជួប​វិបត្តិ​ផ្នែក​សុខភាព​ក៏ដោយ​។

ស្របពេលជាមួយគ្នានេះ foodpanda ក៏បានពង្រីសេវាកម្មរបស់​ខ្លួន​ផង​ដែរ តាមរយៈ​ការ​ពង្រីកមុខងារថ្មី pandamart ដែលផ្តល់ជូននូវជម្រើសទំនិញប្រើប្រាស់ប្រចាំថ្ងៃគ្រឿងទេសនិងសម្ភារៈជាច្រើនរហូតដល់ជាង ៣០០០ប្រភេទ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី៣០នាទី រួម​ទាំង​បង្កើត​មុខ​ងារ​ពិសេស​ៗ​ជា​ច្រើន ​ក្នុងកម្ម​វិធី​តែ​មួយ ដូច​ជា មុខ​ងារ ចូល​ទៅ​យក​ទំនិញដោយផ្ទាល់ (Pick Up) បន្ទាប់​ពី​ដាក់ការ​កុម្ម៉ង់ដោយមិនចាំបាច់តម្រង់ជួរ។ 

ការ​គិត​គូ​ដល់​ផាសុកភាព និង​សុខុមាលភាព​ដៃគូ​ដឹកជញ្ជូន បុគ្គ​លិក និង​ម្ចាស់​អាជីវកម្ម​ជា​ដៃគូ ក៏​ជា​បេស​កកម្ម​ស្នូល​របស់ foodpanda ផង​ដែរ ខណៈ​ដែល​រាល់​ដៃគូ​ដឹកជញ្ជូន និង​បុគ្គ​លិក​ទាំង​អស់​សុទ្ធ​សឹងទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ ១៩ គ្រប់ដូស តាម​ការ​ណែនាំ​​របស់​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោល​ការ​អនាម័យ​ទាំងមុន និងក្រោយផ្តល់សេវាជូន​អតិថិ​ជន​។

ជាមួយ​នឹង​ការ​បើក​ការិយាល័យ​ថ្មី​នេះ foodpanda បានបង្ហាញពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​បន្ត​​​ជួយ​ដល់​សហ​គមន៍ និង​ពង្រីក​សកម្មភាពទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​របស់ខ្លួន​ឲ្យ​បាន​ទូលំ​ទូលាយ ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាននូវ​បរិស្ថាន​ស្អាត សហគមន៍​មានការ​អភិវឌ្ឍ និង​ចូលរួមក្នុងកិច្ចគាំពារ​នានា​ក្នុងពេល​មានបញ្ហា​ប្រឈម ដូច​ជា ក្នុង​​អំឡុង​វិបត្តិ​កូវីដ ១៩ ជា​ដើម​។

អគ្គនាយក foodpanda ប្រចាំប្រទេសកម្ពុចាលោក PatriceVignes បាន​ឲ្យដឹង​ថា៖ “ការ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម ការ​បង្កើនការ​យល់​ដឹង​ពី​ការ​ថែរក្សា​បរិស្ថាន និងការ​ចូលរួម​ជាមួយ​ នឹងសកម្មភាព​របស់​​រដ្ឋា​ភិបាលកម្ពុជា ក្នុង​ការ​​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​​នានា​ដែល​សង្គម​កម្ពុជា ជួប​ប្រទះ តែង​តែ​ជា​គោល​ដៅ​ស្នូល​របស់​យើង​។ ជាមួយ​គ្នានេះ ការ​បើក​ការិយាល័យ​ថ្មី​ ក៏​សបញ្ជាក់​ពីការ​តាំង​ចិត្តខ្ពស់ លើ​ការអភិវឌ្ឍន៍បច្ចេកវិជ្ជាថ្មីៗ និងការ​ផ្តល់ផលជូនដល់​សហ​គមន៍​ក្នុង​រយៈពេល​វែង​ផង​ដែរ​»​។

គួរបញ្ជាក់ផងដែរថា ក្រៅពី​ការ​ផ្តល់​ភាព​ងាយស្រួលជាពិសេស​សម្រាប់​អតិថិ​ជន​របស់​ខ្លួន​លើ​សេវា​​រហ័ស​ទាន់​ចិត្ត​​ទូ​ទាំងកម្ពុជា foodpanda បាន​ចូលរួម​យ៉ាង​សកម្ម​​​ក្នុងការ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​​ការ​ពារ​បរិស្ថាន ក្នុង​ដំណើរ​ការ​អាជីវ​កម្ម​​ក្នុងរយៈពេលត្រឹម​តែ​​២ឆ្នាំ​កន្លះ​របស់​ខ្លួន​ កន្លង​មកនេះ​។

តួ​យ៉ាង កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ថ្មី​ៗនេះ foodpanda បាន​សហ​ការ​ជាមួយ​នឹង​រដ្ឋបាលក្រុងសៀមរាប ក៏ដូច​ជា រដ្ឋបាលជលផលខេត្ត មន្ទីរ​បរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ដើម្បី​ឧបត្ថម្ភ​ និង​ចូល​រួម​​ដាំកូន​ឈើ

ក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប។ បន្ថែម​លើ​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា​មួយនេះ ក៏​បានគិត​គូ​​​​បរិស្ថាន​ស្អាត​តាមរយៈ​ ការ​បំផុស​ការយល់​ដឹង​ស្តី​ពីការ​គ្រប់​គ្រង​ការ​សំណល់​រឹង​ និង​អប់​រំ​​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ថែ​រក្សា​បរិស្ថាន ក្នុង​យុទ្ធនា​ការ​​បរិច្ចាគ​​ធុង​សំរាម ដល់​​ខណ្ឌ​ចំនួន​១៤ និង​សង្កាត់​ចំនួន​១០៥ ទូ​ទាំង​រាធានីភ្នំពេញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ foodpanda ក៏​បាន​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ការ​ពារនានា ដូច​ជា​ទឹក​អាល់​កុលលាង​ដៃ ​ម៉ាស ឆត្រ​ អាហារ និង​ភេសជ្ជៈ ដល់ មន្ទីពេទ្យ អាជ្ញា​ធរប្រចាំ​តំបន់ និង​តាម​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង អំឡុង​ពេល​មានការ​ឆ្លង​រាត​ត្បាត​ខ្លាំង​នៃ​វីរុស​កូវីដ ១៩ ទាំង​នៅភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ ជាមួយ​គ្នានេះ foodpanda បាន​ចូល​យ៉ាង​សកម្ម​​ជាមួយ​​អាជ្ញា​ធរ ដើម្បី​ដឹក​បញ្ជូន​សម្ភារៈប្រើប្រាស់​ចាំ​បាច់ និងម្ហូប​អាហារ ដល់តំបន់​ដែល​មាន​ការ​បិទ​ខ្ទប់​ ក៏ដូច​ជា ឧបត្ថម្ភ​ជា​ម្ហូប​អាហារ ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​ ​នៅ​ខេត្ត​បាត់​ដំបង កាលពី​ឆ្នាំ​២០២១​។

សកម្មភាព​ទាំងនេះ បង្ហាញ​ថា foodpanda មិន​ត្រឹម​តែ​មានការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​​ភាព​ងាយស្រួល និង​សុវត្ថិភាពដល់​អតិថិ​ជន​​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បង្ហាញពី​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលរួម​ចំណែកក្នុង​​​អភិវឌ្ឍ​សហ​គមន៍ ​សេដ្ឋ​កិច្ច​ជាតិ​ និងការ​ការ​ពារបរិស្ថាន ប្រកបដោយ​ចីរភាព​ ផង​ដែរ​៕

To Top