ព្រឹតិ្តការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះនឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល លើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និង ទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានលំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគេ្នយ៍ (ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងរាជាធានីភ្នំពេញ) ព្រមទាំងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ពិសេសចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ព្រឹតិ្តការណ៍ដ៏ធំនេះនឹងរួមមាន៖ ការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ការប្រគំតន្រ្តីរយៈពេល៣ថ្ងៃ ដែលនឹងចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប (លោក G-Devith, កញ្ញា Ret Suzana, កញ្ញា Rabee, លោក Nico, លោក អ៊ាម វន្នី កញ្ញា សុវត្ថិឌី ធារិកា លោក មាស មុន្នីរាជ លោក សៅ ឧត្តម និងតារាស្រ្តីប្រុសជាច្រើនរូបទៀត) ប្រលងបវរឯកមជ្ឍឹមវ័យ ប្រលងចម្រៀង ការសម្តែងឈុតគ្រងព្រះកាយនៃទេវតាឆ្នាំទាំង១២ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ប្រគំតន្រ្តី EDM ការបាញ់កាំជ្រួច ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែររយៈពេល៥ថ្ងៃពេញ។
ព្រឹតិ្តការណ៍នេះផងដែរត្រូវបាន ទទួលការអនុញ្ញាតិនិងគាំទ្រដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមន៍ស្រ្តីកម្ពុជា សមាគមន៍អ្នកនិពន្ធកម្ពុជា និងស្ថាប័នរដ្ឋ និង ឯកជនជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំដោយក្រុមហ៊ុន ដៃគូសហការ KHBN ដែលមានបទពិសោធន៍យូរឆ្នាំ លើការរៀបចំព្រឹតិ្តការណ៍ថ្នាក់ជាតិ និងអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា។ កាន់តែពិសេស ព្រឹតិ្តការណ៍នេះអាចដំណើរការទៅបាន ដោយមានការឧបត្តម្ភធំដោយក្រុមហ៊ុន Pepsi ដែលជាភេសជ្ជៈលំដាប់សកលលោក។
កាន់តែពិសេស ព្រឹតិ្តការណ៍នេះនឹងរួមបញ្ចូលកម្មវិធី ប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងបុណ្យចូលឆ្នាំខ្មែរ និងបទចម្រៀងប្រពៃណីខ្មែរ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok Award, Tik Tok Party និងTik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា មកជួបជុំគ្នា ដើម្បីប្រកួតប្រជែងយកជ័យលាភីTik Tok Award ឆ្នាំ ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុផ្ផា។
ជាងនេះទៅទៀត ព្រឹតិ្តការណ៍សង្រ្កាន្តថ្នាក់ជាតិនេះ នឹងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និង ផលិតផលទូទៅ ពិព័រណ៌ទេសចរណ៍ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និង អចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជិត ៣០០ស្តង់។
ទស្សនិកជនដែលបានចូលរួមនឹងមានឳកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា៖
– ម៉ូតូ Honda Scoopy 2022
– ទូរស័ព្ទ I-Phone 13 Pro Max
– ទូរស័ព្ទ Oppo 2022
– កង់
– Smart Watch
– Ear Phone
និង រង្វាន់ជាច្រើនទៀត។
ជាមួយនឹងកម្មវិធីដ៏គួរឲ្យទាក់ទាញជាច្រើននេះ ក្រុមហ៊ុនរៀបចំកម្មវិធីរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើនជាង២០ម៊ឺននាក់ ដែលភាគច្រើនជាប្រជាជននៅក្នុងរាជធានីភ្នំពេញ និង តំបន់ជុំវិញ ទេសចរណ៍អន្តរជាតិ អ្នកតាំងពិព័រណ៍ អាជ្ញាធរដែលពាក់ព័ន្ធ និង អ្នករៀបចំកម្មវិធី។
គួរបញ្ជាក់ផងដែរថា បន្ថែមលើការសហការយ៉ាងពេញទំហឹងពីសំណាកអាជ្ញាធរដែលពាក់ព័ន្ធ និងថ្នាក់ដឹកនាំពហុកីឡដ្ឋានមរតកតេជោផ្ទាល់ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានចាត់តាំងក្រុមការងាររហូតដល់ជាង ២០០នាក់ក្នុងការរៀបចំកម្មវិធីទាំងមូល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព អនាម័យ និងទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ទាំងមូល។
ជាងនេះទៅទៀត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃវិរុស Covid 19 គណៈកម្មការរៀបចំកម្មវិធីនឹងតម្លើង ទូស្គេនកំដៅចំនួន៤គ្រឿងនៅច្រកចូល តម្រូវឲ្យអ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាសគ្រប់ពេលវេលា និង មានដបអាល់កុលនៅគ្រប់ស្តង់ និងទីកន្លែងទាំងអស់៕