អត្ថបទ

មិត្តហ្វូន ឈ្នះរង្វាន់ពីរផ្សេងគ្នាបន្ថែមទៀត ពីស្ថាប័ន Globee Awards

ភ្នំពេញ៖ មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានឈ្នះពានរង្វាន់ចំនួន ពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee® Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់ បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក ។ ការប្រកាស និងទទួលពានរង្វាន់នេះបានធ្វើឡើងនៅក្នុងពិធី “ពានរង្វាន់លើកទី ១៧ នៃព័ត៌មានវិទ្យាពិភពលោកប្រចាំឆ្នាំ 2022” ។

ពានរង្វាន់ទាំងពីរនោះរួមមាន ពានរង្វាន់មាស ផ្នែក “កម្មវិធីបច្ចេកវិទ្យា និងបម្រើបម្រាស់សេវាកម្មល្អបំផុតប្រចាំឆ្នាំ” សម្រាប់កម្មវិធី CamID របស់ខ្លួន និងពានរង្វាន់ប្រាក់ចំពោះកម្មវិធី ទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ សម្រាប់កម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” ។

អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ គឺជាតឹកតាងបង្ហាញឲ្យឃើញថា ក្រុមហ៊ុនមិត្តហ្វូនបានប្រកាន់ខ្ជាប់ ចំពោះគុណតម្លៃស្នូលនៃអាជីវកម្មរបស់ខ្លួន ដែលក្នុងនោះ មិត្តហ្វូនមានការប្ដេជ្ញាចិត្ត ក្នុងការវិនិយោគទៅលើសង្គម តាមរយៈការច្របាច់បញ្ចូលគ្នា រវាងប្រតិបត្តិការអាជីវកម្ម ជាមួយនឹងសកម្មភាពសង្គម។ រង្វាន់ទាំងនេះក៏ឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់មិត្តហ្វូន ក្នុងការត្រួសត្រាយផ្លូវក្នុង វិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្ដល់នូវផលិតផល និងសេវាកម្មបច្ចេកវិទ្យាដែលល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីភាពនាំមុខគេរបស់មិត្តហ្វូន និងការប្ដេជ្ញាចិត្តមុតមាំនៅក្នុង បេសកកម្មត្រួសត្រាយផ្លូវ ដើម្បីបង្កើតបាននូវសង្គមឌីជីថល” ។

លោកបានបន្តថា “យើងពិតជាមានមោទនភាពណាស់ ដែលបានឈ្នះនូវពានរង្វាន់ទាំងអស់នេះ ហើយក៏សូមថ្លែងអំណរគុណក្រៃលែង ចំពោះអតិថិជនដ៏មានតម្លៃ សហការី និងដៃគូ ដែលបានជួយឲ្យយើងសម្រេចបាន នូវសមិទ្ធផលទាំងអស់នេះ” ។

គណៈកម្មការកាត់សេចក្ដី ក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជាថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញ ក្នុងវិស័យជាច្រើន ដែលបានចូលរួមដើម្បីផ្ដល់ពិន្ទុ និងមតិយោបល់ផ្សេងៗដើម្បីកំណត់ ជ្រើសរើសជ័យលាភី សម្រាប់ពានរង្វាន់ក្នុងឆ្នាំ ២០២២ នេះ។

កម្មវិធី CamID ជាកម្មវិធីប្រកបដោយនវានុវត្តន៍ និងពហុមុខងារ ដែលមិនត្រឹមតែមានលក្ខណៈជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្ដល់សេវាកម្មផ្សេងៗទៀត ដែលមានជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន CamID មានអ្នកប្រើប្រាស់ប្រមាណ ២,៧ លាននាក់ ដែលក្នុងនោះអ្នកប្រើប្រាស់ សកម្មមានចំនួនប្រមាណ ៥៥ ម៉ឺននាក់ក្នុងមួយខែ ។ គោលដៅ គឺថា នៅដំណាច់ឆ្នាំ ២០២២ នេះ នឹងមានអ្នកប្រើប្រាស់សកម្មចំនួន ១,២ លាននាក់ក្នុងមួយខែ ។ តួលេខនេះបង្ហាញឲ្យឃើញពី ភាពទាក់ទាញនៃកម្មវិធីនេះ ដោយជួយបើកលំហឌីជីថល សម្រាប់អតិថិជនមិត្តហ្វូនផង និងសម្រាប់កម្ពុជាផង ។

ចំណែកឯកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” បានជួយប្រជាពលរដ្ឋកម្ពុជាក្នុងការ ស្វែងរកសាច់ញាតិដែលបានបែកគ្នា អំឡុងពេលសង្គ្រាម និងក្រោយពេលសង្គ្រាម ដោយសារហេតុបច្ច័យផ្សេងៗ ។

ក្នុងរយៈពេល ១២ឆ្នាំ ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១២ កម្មវិធីនេះបានចាក់ផ្សាយវីដេអូចំនួន ១១៩ភាគ ហើយបានជួយឲ្យប្រជាពលរដ្ឋ ១២៣ គ្រួសារបានជួបជុំគ្នាឡើងវិញ ក៏ដូចជាបានទទួលសំណើជាង ២០០០ ករណី ក្នុងការស្វែងរកសាច់ញាតិ ។

លោក ញ៉ុង ឌិនថន បានបន្ថែមថា “ក្រុមហ៊ុនមិត្តហ្វូនចាត់ទុកកម្មវិធី ទំនួលខុសត្រូវសង្គមជាប្រពៃណីរបស់យើង ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់សង្គម និងជួយដល់ប្រជាពលរដ្ឋនានា នៅទូទាំងប្រទេស។ យើងមានមោទនភាព និងរីករាយណាស់ ដែលយើងបានជួយប្រជាពលរដ្ឋ ទាំងនោះឲ្យជួបជុំគ្នាឡើងវិញ បន្ទាប់ពីរងការបែកគ្នាដោយសារ តែកាលៈទេសៈអកុសល និងសង្គ្រាមឆាបឆួលនៅក្នុងប្រទេសកម្ពុជា កាលពីប៉ុន្មានទសវត្សរ៍មុន” ។

ក្រុមហ៊ុនមិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា ដែលមានបណ្ដាញធំទូលាយ គួរទុកចិត្ត និងអាចជឿជាក់បាន ។ បច្ចុប្បន្ន មិត្តហ្វូនមានអ្នកប្រើប្រាស់ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃចំណែកទីផ្សារនៅកម្ពុជា ៕

To Top