អត្ថបទ

ម៉ាកអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦ចុះ MOU ជាមួយជីប ម៉ុង រីថែល បើកសាខាក្នុងមណ្ឌលផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយ ក្នុងចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ 

ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ 

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់ នៅកម្ពុជាសក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ 

លោកឲ្យដឹងទៀតថា មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លមានចក្ខុវិស័យយ៉ាងមុះ មុតក្នុងការនាំយកនូវម៉ាកផលិតផលល្បីៗ ទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក ដែលតែងតែផ្លាស់ប្តូរពីមួយសម័យកាល ទៅមួយសម័យកាល។

លោក Martin Darby អគ្គនាយកក្រុមហ៊ុន EFG Cambodia ដែលជាក្រុមហ៊ុនចំណីអាហារ ឈានមុខ មួយគ្រប់គ្រង ម៉ាកអាជីវកម្មអន្តរជាតិផ្សេងៗ ដូចជា Dairy Queen, Krispy Kreme និង The Pizza Company បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន EFG មានមោទនភាព ចំពោះទំនាក់ទំនងដ៏យូរអង្វែង ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែលហើយភាពជាដៃគូនេះ នឹងធ្វើឲ្យយើងបង្កើតនូវបទពិសោធន៍ ដ៏ប្លែកដល់អតិថិជន»។ 

កញ្ញា ប៉ែន សុខអាន ជំនួយការផ្ទាល់ អគ្គនាយកក្រុមហ៊ុន Brown Coffee and Bakery បានមានប្រសាសន៍ថា៖« Brown មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមចំណែក ក្នុងវិស័យលក់រាយដែលមានសន្ទុះខ្លាំងក្លា និងដឹកនាំដោយក្រុមហ៊ុន ជីប ម៉ុង រីថែល។ Brown ជឿជាក់នូវការចូលរួមរបស់ខ្លួន និងដៃគូអាជីវកម្មផ្សេងៗ ដែលមានវត្តមាន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងធ្វើអោយផ្សារទំនើបខ្នាតយក្សនេះ ជោគជ័យយ៉ាងសម្បើមដូចជា ឈ្មោះរបស់ផ្សារនេះ ។

លោក Nicolas Sirey នាយកប្រតិបត្តិរបស់ Chatime នៅកម្ពុជា បានសម្តែងសេចក្ដីពេញចិត្ត លើមណ្ឌលផ្សារទំនើបថា៖ «មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមណ្ឌលផ្សារទំនើប យ៉ាងសក្តិសមបំផុតសម្រាប់Chatime ក្នុងការបង្ហាញ នូវអត្តសញ្ញាណថ្មីរបស់ខ្លួន»។ 

លោកបន្តថា ដោយហេតុថា ជីប ម៉ុង រីថែល តែងតែរិះរកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្កើត និងជម្រុញវិស័យលក់រាយនៅកម្ពុជា ទៅកាន់ជំហានបន្ទាប់ ក្រុមហ៊ុនប្រាកដក្នុងចិត្តថា ការជ្រើសរើស យកដៃគូដែលមានចក្ខុវិស័យស្របគ្នា នឹងនាំមកនូវការអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត។

លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ « មណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាកន្លែងដែលសក្តិសមបំផុត ក្នុងការបើកលក់ស្រាបៀរ Craft Beer ឈ្មោះថាCambodia Mastercraft ដំបូងរបស់យើង ព្រោះវាស្ថិតចំកណ្តាលទីក្រុង ដែលមានអ្នករស់នៅច្រើនកុះករ គួបផ្សំនឹងការកម្សាន្តដ៏សម្បូរបែប ព្រមទាំងសក្តានុពលជាច្រើនថែមទៀត ដែលនឹងទាក់ទាញ អ្នកដើរកម្សាន្តយ៉ាងច្រើន ជារៀងរាល់ថ្ងៃ»។ 

បើតាមលោកបណ្ឌិត Zvonimir Nemet ផលិតផលថ្មី Craft Beer មានរសជាតិផ្សេងគ្នាជាច្រើន ដោយផលិតឡើងដើម្បីបំពេញតម្រូវការអតិថិជន ស្របពេលដែលសន្ទុះ នៃការនិយមចូលចិត្ត ពិសាស្រាបៀរស្រស់បែបនេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានការកើនឡើង គួរឲ្យកត់សម្គាល់។ 

ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាក្រុមហ៊ុនវិនិយោគ លើវិស័យលក់រាយ ក្នុងប្រទេសកម្ពុជា រួមមានមណ្ឌលផ្សារទំនើបខ្នាតយក្ស មណ្ឌលផ្សារទំនើប ផ្សារទំនើប និង Express ដែលបានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើ ជីប ម៉ុងសែនសុខ ម៉ល និង ជីប ម៉ុង 598 ម៉ល។ មណ្ឌលផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមណ្ឌលផ្សារទំនើបខ្នាតយក្ស ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញដែលគ្រោង នឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ៕

To Top