អត្ថបទ

ក្រុមហ៊ុន Ezecom ធ្វើបច្ចុប្បន្នភាពក្នុងការ​តភ្ជាប់​បណ្តាញ អ៊ិនធឺណិតរបស់អតិថិជន ដែលបានផ្ទេរមក

តាំងពីថ្ងៃដែលបានប្រកាស ក្នុងការទទួលយកអតិថិជន Opennet នៅក្នុងខែឧសភាកន្លងមក ក្រុមហ៊ុន Ezecom បានស្វះស្វែងជួសជុលបណ្តាញសេវា ដែលខូចខាតបានជាង ៤ម៉ឺនរួចហើយ និងនៅតែបន្តធ្វើបន្ថែមទៀត ដើម្បីប្រាកដថាអតិថិជនរបស់យើង នឹងបានទទួលនូវសេវាអ៊ិនធឺណិតដែលរលូន មិនរអាក់រអួល។

ក្រុមការងារយើងខ្ញុំបានខិតខំ ធ្វើការទាំងថ្ងៃនិងយប់ ៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីធ្វើការជួសជុល និងស្តារឡើងវិញនូវខ្សែបណ្តាញអ៊ិនធឺណិត ដែលបានកាត់ផ្តាច់ និងសម្ភារៈដែលបានខូចខាត។ កំឡុងពេលនេះយើងខ្ញុំបានរកឃើញថា ខ្សែបណ្តាញចាស់ទាំងនោះបានខូច និងត្រូវបានបំផ្លាញក្នុងសភាពធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន មិនអាចសូម្បីតែក្នុងកម្រិតមធ្យម នៃស្តង់ដារឧស្សាហកម្មពិភពលោក។

អាស្រ័យដោយមានការ ខូចខាតបែបនេះហើយ ទើបបណ្តាលអោយការ ផ្គត់ផ្គង់អ៊ិនធឺណិតមានបញ្ហា និងកាត់ផ្តាច់។ ក្រុមហ៊ុន Ezecom កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ប្រសិទ្ធិភាពដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានពង្រឹង និងបន្ថែមចំនួនបុគ្គលិក ផ្នែកបម្រើសេវាអតិថិជន និងផ្នែកបច្ចេកទេស ដើម្បីធានានូវធនធានគ្រប់គ្រាន់ ក្នុងការឆ្លើយតបចំពោះតម្រូវការ អតិថិជនដ៏ច្រើននាពេលនេះ។

ទោះបីជាជួបប្រទះឧបសគ្គ ជាច្រើនបែបនេះក៏ដោយ ក៏ក្រុមការងារយើងខ្ញុំនៅតែពុះពារ និងសម្រេចបាននូវសមទ្ធិផលជាច្រើនដូចជា:

១. ការស្តារ និងតភ្ជាប់ខ្សែបណ្តាញ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់ខែឧសភា និងមិថុនា នៅតែខេត្តព្រះសីហនុតែប៉ុណ្ណោះ ដែលមិនទាន់រួចរាល់ដោយសារតែ អាកាសធាតុមិនអំណោយផល ហើយយើងខ្ញុំរំពឹងទុកថា ការជួសជុលនឹងត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ ក្រុមការងារបច្ចេកទេសរបស់យើង បាននឹងកំពុងស្តារខ្សែរបណ្តាញ យ៉ាងច្រើនករណីនៅខែកក្កដានេះ និងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទៀត ក្នុងការផ្តល់ជូននូវគុណភាព នៃសេវាកម្មកាន់តែប្រសើរឡើង។

២. ពង្រឹងប្រសិទ្ធភាពផ្នែក បម្រើសេវាអតិថិជន អោយកាន់តែប្រសើរឡើង​​ ជាមួយនឹងការរៀបចំផែនការ ដែលមានរចនាសម្ព័ន្ធធ្វើយ៉ាងណា ឱ្យអត្រានៃការខលចូលរបស់ អតិថិជនតែមិនបានជួបបុគ្គលិក ផ្នែកមប្រើសេវាកម្មធ្លាក់ទៅកម្រិតសូន្យ។ យើងខ្ញុំនៅតែបន្តយកចិត្តទុកដាក់ លើមតិយោបល់របស់អតិថិជន ដើម្បីធ្វើអោយក្រុមហ៊ុនយើងខ្ញុំ ក្លាយជាក្រុមហ៊ុនកាន់តែ ប្រសើរឡើងនាថ្ងៃខាងមុខ។

ក្តីកង្វល់របស់អតិថិជន គឺជាក្តីកង្វល់ដ៏ធំបំផុតរបស់យើងខ្ញុំ។ យើងខ្ញុំនឹងនៅតែបន្តពង្រឹងលើបណ្តាញ អ៊ិនធឺណិតយើងខ្ញុំដើម្បីធានាថា អតិថិជន សហគមន៍ និងប្រទេសកម្ពុជារបស់យើង នឹងបន្តរីកចម្រើនទៅមុខ ដើម្បីអាចទទួលបាននូវ សកម្មភាពសេដ្ឋកិច្ចសំខាន់ៗដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកីឡាស៊ីហ្គេមជាដើម។ ក្រុមហ៊ុន Ezecom បន្តពង្រឹងគុណភាពរបស់ខ្លួន ដើម្បីជាមោទនភាពជាតិ របស់ប្រទេសកម្ពុជាទាំងមូល។ យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះអតិថិជនទាំងអស់ ដែលមានការយោគយល់ និងអធ្យាស្រ័យ នៅក្នុងកំឡុងពេលដែលតានតឹងនេះ ៕

To Top