អត្ថបទ

ឧកញ៉ាវ័យក្មេង ចំណាយ១២ឆ្នាំនិពន្ធសៀវភៅ ផែនទីផ្នត់គំនិតសម្រាប់ជួយសហគ្រិន ក្នុងការអាជីវកម្ម

ភ្នំពេញ៖ លោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានចំណាយអស់រយៈពេល១២ឆ្នាំ ដើម្បីនិពន្ធសៀវភៅមួយក្បាល ក្រោមចំណងជើងថា ផែនផ្នត់ទីគំនិត ដែលក្នុងសៀវភៅនេះ បាននិយាយបំផុសឱ្យអ្នកអានក្លាហាន ក្នុងការចេញរកស៊ីនិងបទពិសោធន៍ក្នុងការរកស៊ី ក៏ដូចជាដំណោះស្រាយបញ្ហាប្រឈមនានា ដែលអ្នកនិពន្ធបានជួបប្រទះ ។

នៅក្នុងសន្និសីទ ផ្សព្វផ្សាយពីសៀវភៅផែនទី ផ្នត់គំនិតធ្វើឡើងនៅថ្ងៃទី៣០ តុលា ២០២២ ក្នុងភោជនីយដ្ឋានវ័នម័រ លោកឧកញ៉ាជា តុងហ៊ួរ អ្នកនិពន្ធសៀវភៅ បានមានប្រសាសន៍ឱ្យដឹងថា សៀវភៅផែនទីផ្នត់គំនិតនេះលោកបានចំណាយពេលនិពន្ធ និងរៀបរៀងអស់ រយៈពេល១២ឆ្នាំ ហើយមិនមែនជាសៀវភៅ បកប្រែពីបរទេសមកជូនអ្នកអាននោះទេ ។ សៀវភៅដែលមានកម្រាស់ ជាង៥០០ទំព័រ បានសរសេរពីបទពិសោធន៍ពិត ពីជីវិតរបស់លោក ក្នុងការឆ្លងកាត់ការធ្វើជំនួញ ចាប់ពីកម្រិតទាបដល់កម្រិតខ្ពស់ ។ 

លោកឧកញ៉ាបន្តថា នៅក្នុងសៀវភៅនេះមាននិយាយពីអាជីវកម្ម ការដោះស្រាយបញ្ហារាល់ពេល អាជីវកម្មជួបប្រទះនឹងបញ្ហា រាប់ចាប់តាំងពីអាជីវកម្ម តាមប្រព័ន្ធអនឡាញ អាជីវកម្មអចលនទ្រព្យ អាជីវកម្មតូចតាចនិងអាជីវកម្មធំៗ ជាច្រើនអាជីវកម្ម ។ នៅក្នុងសៀវភៅនេះដែរ ក៏មាននិយាយលម្អិត ពីការរៀបចំផែនការជីវិតសកម្មភាព នៃការរស់នៅតាំងពីព្រឹកក្រោកពីគេងរហូតដល់យប់ ហើយសៀវភៅនេះ នឹងបំផុសឱ្យអ្នកអានក្លាហាន ក្នុងការចេញធ្វើអាជីវកម្ម ។ 

លោកឧកញ៉ាបន្ថែមថា តាមពិតទៅសៀវភៅនេះ ត្រូវបានបោះពុម្ពជាលើកទី២ហើយ ដែលកាលពីលើកទី១ បានបោះពុម្ពកាលពីឆ្នាំ២០២១ ក្នុងបរិមាន១០០០ក្បាល តែមានកម្រាស់មិនក្រាសដូចលើកទី២ទេ ។ ក្នុងចំនួន១០០០ក្បាល ដែលបានបោះពុម្ពកាលពីលើកទី១ បានលក់អស់ និងទទួលបានជោគជ័យ ដោយមានការគាំទ្រពីអ្នកអាន ។ លើកទី២នេះលោកបានបោះពុម្ពក្នុងបរិមាណ១ម៉ឺនក្បាល និងបានលក់អស់ប្រមាណ ៣ពាន់ក្បាលរួចហើយដែរ ។ លោកថា៖«សៀវភៅនេះត្រូវបានលក់លើទីផ្សារក្នុងតម្លៃ៣៦,៩ដុល្លារអាមេរិក ហើយតម្លៃនេះ មហាជនច្បាស់ជាគិតថា មានតម្លៃខ្ពស់ហើយ ប៉ុន្តែការចំណាយទៅលើការបោះពុម្ព ក៏ត្រូវបានចំណាយច្រើនដែរ ដោយមានការរចនាប្លែក ខុសពីសៀវភៅផ្សេងទៀត »  ។ 

លោកឧកញ៉ាបន្ថែមទៀតថា អ្នកទិញសៀវភៅផែនទីផ្នត់គំនិត មិនមែនបានតែសៀវភៅមួយក្បាល ទៅអានយកចំណេះដឹងប៉ុណ្ណោះទេ តែពួកគាត់ក៏បានចូលរួម ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល ជាមួយគ្រូជំនាញៗ របស់យើង ពីគំនិតក្នុងការរកស៊ីផងដែរ ។ 

បើតាមលោកឧកញ៉ាជា តុងហ៊ួរ បញ្ជាក់ថា សៀវភៅនេះ ជាសៀវភៅកំណត់​គោលដៅ ជាក់លាក់បំផុតពីព្រោះវាជា ជាសៀវភៅដោះសោខួរក្បាលកម្រិតខ្ពស់បំផុត  ជាសៀវភៅគាស់ថាមពល ខួងដល់ស្នូលដ៏ជ្រៅបំផុតក្នុងខ្លួន ជាសៀវភៅបទពិសោធចាប់ពីជីវិត 0 ឡើងដល់ 100 ជាសៀវភៅទី1 ស្រាយនូវចម្ងល់ជាច្រើន ក្នុងសកលលោក ជាសៀវភៅបង្ហាញផ្លូវដល់ម្ចាស់អាជីវកម្ម ពីតូចដល់កម្រិតកំពូល ជាសៀវភៅគូសវាសជោគវាសនា ដ៏មានឥទ្ធិពលបំផុត ក្នុងលោក​ជាសៀវភៅលេខ​បង្ហាញរាប់ពាន់គំនិតក្នុងការធ្វើជំនួញ ជាសៀវភៅបង្កប់រាល់អាថ៌កំបាំង ក្នុងពហុចក្រវាល galaxy ៕

To Top