បច្ចេកវិទ្យា

សេចក្តីប្រកាសព័ត៌មានរួម ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន EZECOM នៃសន្និសិទ DIGITAL FORENSICS SYMPOSIUM 

ថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom បានរួមចំណែកក្នុងរបៀបវារៈនៃ​សន្និសីទ Digital Forensics Symposium ដើម្បី​បង្កើនសុវត្ថិភាពអ៊ិនធឺណិត​តាមរយៈគំនិតផ្តួចផ្តើមដែលកំពុងបន្តឆ្ពោះទៅរកការពង្រឹង​​គោលការណ៍ឯកជនភាព និងការការពារទិន្នន័យ (របស់ក្រុមហ៊ុន Ezecom) ការ​ចុះឈ្មោះស៊ីមកាត (របស់ក្រុមហ៊ុន Cellcard) ក៏ដូច​ជាកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលើកកម្ពស់ ចំណេះដឹងផ្នែកឌីជីថលផងដែរ។

សន្និសីទ Digital Forensics Symposium ដែលបានធ្វើឡើងនៅថ្ងៃទី​១៤ ដល់ ១៥ ខែធ្នូ នៅសណ្ឋាគារ កាំបូឌីយ៉ាណា បានបង្ហាញពីតម្រូវការឱ្យ​មាន​កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងស្ថាប័នឯកជន ដើម្បីកាត់បន្ថយការប្រឈមរបស់កុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធើណិត (OCSE)។

កំណើន​សេដ្ឋកិច្ច​ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ និងកំពុងលូតលាស់បន្ថែមឆ្ពោះទៅរកអនាគតឌីជីថល។ ទោះយ៉ាងណា នៅ​ក្នុង​​ប្រទេសមួយ​ដែល​​ចំនួនប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបមានអាយុក្រោម ២៥ឆ្នាំ ឌីជីថលនីយកម្ម​តម្រូវឲ្យមានក្របខ័ណ្ឌច្បាប់ការពារកុមារដ៏​រឹងមាំ។

នៅដើមឆ្នាំ​២០២២ អត្រា​ប្រើប្រាស់​អ៊ិនធឺណិត​នៅកម្ពុជា​មាន​ចំនួន ៧៨,៨​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ពោលគឺ​មាន​ប្រជាជន​ប្រមាណ ១៣,៤៤លាននាក់​ប្រើប្រាស់អ៊ិនធឺណិត។ ​ការរាយការណ៍ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធឺណិតក៏មានការកើនឡើងដូចគ្នា។ គិតត្រឹមខែសីហាឆ្នាំនេះ ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធឺណិតត្រូវបានរាយការណ៍ថាមាន​ចំនួន ១៨៣ ករណី នេះបើយោងតាមអង្គការ Action Pour Les Enfants ។ មុនពេល​​មាន​រោគរាតត្បាតកូវីដ-១៩ ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធឺណិត ​ដែល​ត្រូវ​បាន​រាយការណ៍ទៅអាជ្ញាធរជាមធ្យមមានប្រហែល ១៥០​ករណីក្នុងមួយឆ្នាំ។

នៅឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បី​កុមារ (CNCC) សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស (NCCT) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងក្រសួងមហាផ្ទៃ (MoI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការសកម្មភាពជាតិរយៈពេលប្រាំឆ្នាំ ២០២១-២០២៥ ដើម្បីទប់ស្កាត់និងឆ្លើយតបទៅនឹងការកើនឡើងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធើណិត​នៅក្នុង​ប្រទេស​កម្ពុជា។

តួនាទី​ចម្បង​របស់​សន្និសីទ Digital Forensics Symposium គឺ​ពិនិត្យ​មើល​ស្ថានភាព​​បទល្មើស​ឌីជីថលនៅ​កម្ពុជា និង​ពង្រឹងកិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការ​ស៊ើប​អង្កេតនិង​ទប់ស្កាត់​បទល្មើស​តាមអ៊ិនធើណិត និប្រព័ន្ធបច្ចេកវិទ្យា​ដែលកើតឡើង​ទៅ​លើ​កុមារ​តាមរយៈការផ្លាស់ប្តូរចំណេះដឹង។

ខ្លឹមសារ​សំខាន់ៗ​នៃសន្និសីទ​រយៈពេលពីរថ្ងៃនេះ រួមមាន​ការពិភាក្សា​ជុំវិញ​ក្របខ័ណ្ឌបទប្បញ្ញត្តិ​សម្រាប់ក្រុមហ៊ុន​​ផ្តល់សេវាអ៊ីនធើណិត​ជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Ezecom ដែលបាន​បង្ហាញ​គំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ស្តង់ដារឯកជនភាព ការការពារទិន្នន័យ និងការកំណត់អត្តសញ្ញាណ។

​ចំនួនយុវវ័យប្រើប្រាស់​អ៊ិនធើណិត​មានការកើនឡើង​ជារៀង​រាល់​ថ្ងៃ ហើយ​មនុស្សជាច្រើន​ងាយ​នឹង​ទទួល​រង​ការកេងប្រវ័ញ្ច​ផ្លូវភេទនៅ​លើប្រព័ន្ធអ៊ិនធឺណិត។ បទល្មើសទាំងនេះ​អាច​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​

យុវជន និងកុមារ​រួមមានដូចជាផល​​ប៉ះពាល់​បញ្ហា​ផ្លូ​វ​ចិត្តធ្ងន់ធ្ងរ និងការប៉ះពាល់ផ្នែកអារម្មណ៍ដែលនាំឱ្យមានករណីខ្លះឈានដល់​ការធ្វើអត្តឃាតទៀត​ផង។

កុមារ​​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​ទទួល​រង​របួស​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​ពេញ​មួយ​ជីវិត។ បញ្ហាទាំងនេះអាចប៉ះពាល់​ដល់សហគមន៍របស់​យើង និង​​ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សក្តានុពលរបស់ធនធានមនុស្សក្នុងប្រទេស​របស់​យើង​។ កាខាតបង់​ផ្នែក​សេដ្ឋកិច្ច​​ទៅ​លើការថែទាំសុខភាព​និងការប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​​កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធឺណិត​ពិត​ជាមានទំហំធំធេង។ កុមារ​ទាំងអស់​មាន​សិទ្ធិទទួលបាន​ការការពារពិសេស និងសិទ្ធិទទួលបានឱកាសដើម្បីទទួលបានអត្ថប្រយោជន៍ជាវិជ្ជមានពី​រាល់ឧបករណ៍អនឡាញ កម្មវិធី និង​ការចូលប្រើប្រាស់អ៊ីនធឺណិត។

លោកស្រី Irina Afonina នាយកផ្នែកអភិវឌ្ឍន៍ផលិតផល និង​ព័ត៌មានមុនការលក់នៃ​ក្រុមហ៊ុន Ezecom មាន​ប្រសាសន៍ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់​ឱ្យកូនៗ​របស់ខ្លួន​រស់នៅ​ក្នុង​សង្គម​ប្រកបដោយសុខភាពល្អ និងសន្តិភាព។ ដូចេ្នះយើងទាំងអស់គ្នាមានតួនាទីក្នុងការទប់ស្កាត់​បទល្មើសតាមប្រព័ន្ធអ៊ិនធឺណិត និងធានាថាបច្ចេកវិទ្យាអនឡាញនិងប្រព័ន្ធ​អ៊ិនធឺណិតប្រកបដោយគុណភាព​ផ្តល់​អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់។

សន្និសីទ​ Digital Forensic ​គឺជា​ឱកាស​ដ៏ល្អ​មួយ​ដើម្បី​ជួប​ជុំ​អ្នកជំនាញ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ ភាពជាដៃគូ ផ្តោះផ្តូរ​គំនិតគ្នា​និង​ជំនាញ ​​សម្រាប់​​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ប្រសើរ បង្កើត​ទំនុក​ចិត្ត និង​ធ្វើការ​ងារ​កាន់​តែ​លឿន​រហ័ស និង​កាន់តែ​មាន​​ប្រសិទ្ធភាពសម្រាប់​សេណារីយ៉ូ​សង្គ្រោះ​បន្ទាន់​ណាមួយ។ ក្រុមហ៊ុន Ezecom បន្ត​កិច្ចសហ​ប្រតិបត្តិការ​ និងសហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទី​ភ្នាក់ងារ​ពាក់ព័ន្ធនានា និងរាជ​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង និងប្រមូល​ភស្តុតាងសម្រាប់​ការស៊ើប​អង្កេត និង​បន្ត​បេសកកម្ម​សាជីវកម្ម​របស់​ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​អនឡាញ និង​​ការពារ​កុមារ​​របស់​យើង»។

លោក Laszlo Barta, ប្រធាន​ផ្នែកកិច្ចការ​សាជីវកម្ម (CCAO) នៃ​ក្រុមហ៊ុន Cellcard មានប្រសាសន៍៖ «ការ​រីក​ចម្រើន​យ៉ាងខ្លាំង​នៃវិស័យ​ទូរគមនាគមន៍​​ចល័ត​​កើត​មានឡើង​​ស្រប​ជាមួយ​នឹង​ការ​កើន​ឡើង​ខ្លាំងយ៉ាងនូវ​​​​ហានិភ័យ​នៃ​ការប្រឈម​នឹង​បទល្មើស​សាយប័រ។ នៅក្រុមហ៊ុន Cellcard យើង​​យល់ពី​បញ្ហាប្រឈមនេះ ដូច្នេះ​​ក្រៅពីការ​ចាត់វិធានការ​ដ៏រឹងមាំ​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​ទាក់ទង​នឹង​ឯកជនភាព និងសុវត្ថិភាព យើង​ក៏សហការ​ជា​មួយស្ថាប័ន​អនុវត្ត​ច្បាប់​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ដែល​ច្បាប់​បាន​កំណត់​ផងដែរ។ សារៈ​សំខាន់​នៃការការពារ​កុមារ​ពី​ការគំរាម​កំហែង​ផ្សេងៗ​នៅ​ក្នុង​តាមអ៊ិនធឺណិត ខណៈ​ពេល​ដែល​ពួកគេប្រើប្រាស់​ទូរស័ព្ទ​ចល័ត​​ពិតជាមានទំហំធំធេង។ នេះ​​​ជា​មូលហេតុ​​ដែលនៅ​​​ក្រុមហ៊ុន Cellcard យើង​​​មាន​មោទនភាព​​ក្នុង​​ការ​​សហការ​ឧបត្ថម្ភ​​សន្និសីទ Digital Forensic Symposium នេះ​ដែល​រៀបចំ​​ដោយ​​អង្គភាព​​ការពារ​​កុមារ និងអគ្គស្នងការ​​​នគរបាល​ជាតិ»

ក្នុង​​ព្រឹត្តិការណ៍​នោះ ករណី​​សិក្សា​នានា​​ក៏​ត្រូវ​​បាន​លើក​យក​មក​​បង្ហាញ​​ដោយ​​នាយកដ្ឋាន​​ប្រឆាំងបទ​ល្មើស​បច្ចេកវិទ្យា នាយកដ្ឋាននគបាល​​បច្ចេក​​​និង​វិទ្យាសាស្ត្រ និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​​​អនីតិជន។ ករណី​សិក្សា​ទាំងនេះ​បាន​ផ្តល់​ជា​ឧទាហរណ៍អំពី​នីតិវិធី​ភស្តុតាង​ឌីជីថល និង​កិច្ចសហប្រតិបត្តិការ​ដើម្បីដោះស្រាយ​ការ​ស៊ើប​អង្កេត។ បទ​បង្ហាញ​ទាំងនេះ​បាន​បង្កើត​ការ​យល់ដឹង​កាន់តែ​ប្រសើរ​​អំពី​នីតិវិធី​ស៊ើប​អង្កេត ដែល​អាច​ធ្វើតាម​បាន​សម្រាប់​​ករណីនា​ពេល​អនាគត។

ដោយ​មាន​ការឯកភាព​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ការគាំទ្រ​ដ៏ថ្លៃថ្លា​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard អង្គភាព​ការ​ពារកុមារ​បានរៀបចំ​សន្និសីទ​ Digital Forensic Symposium នៅ​សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​១៤ និងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។

សន្និសីទនេះ​មានការ​ចូលរួម​ពី​ស្ថាប័ន​ផ្សេងៗ​ដូចជា អង្គភាព​ការពារកុមារ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាលជាតិ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​​​អនីតិជន និងនាយកដ្ឋាននគបាល​​បច្ចេក​​​និង​វិទ្យាសាស្ត្រ។ សន្និសីទនេះ​ក៏មាន​ការចូល​រួមពី​ក្រសួងប្រៃ​សណីយ៍ និង​ទូរគមនាគមន៍ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ អ្នក​ជំនាញ​នៅក្នុង​វិស័យ​នេះ ​និង​អ្នក​ជំនាញ​បច្ចេកវិទ្យា ព្រម​ទាំង​អង្គការមិន​មែន​រដ្ឋាភិបាល​​អន្តរជាតិ ដែល​តំណាង​ឱ្យ​វិស័យនៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារតាម​អ៊ិនធឺណិត និងការ​ការពារកុមារ​៕

អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​​ជាក្រុមហ៊ុន​​​​វិនិយោគ​​ជា​យុទ្ធសាស្ត្រ​​របស់​​កម្ពុជា ត្រូវបាន​ទទួល​ស្គាល់ថា​ជា​ក្រុមហ៊ុន​​ពហុ​ផលិត​ផល​​ដ៏ធំ​និង​មាន​ការ​វិនិយោគ​​​ចម្រុះ​បំផុត​​របស់​កម្ពុជា។ ក្រុមហ៊ុន​ រ៉ូយាល់គ្រុប វិនិយោគ​​​នៅក្នុង​ឧស្សាហកម្ម​ជា​ច្រើន​ រួម​មាន​ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកម្សាន្ត ធនាគារ​និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការអប់រំ ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​ជួញ​ដូរ ​និង​កសិកម្ម៕

To Top