អត្ថបទ

ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅខេត្ត សៀមរាប

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានជាតិអង្គរវត្តនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរនិងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរនិងជួបជុំគ្រួសារខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ពិធីបើកកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះត្រូវបានប្រារពឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។

ថ្លែងមានប្រសាសន៍នាពិធីបើកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនិងដើម្បីអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។

សូមជម្រាបថា ក្នុងកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះ ស.ស.យ.ក ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាន រៀបចំពិធីរត់ម៉ារ៉ាតុង នៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងអង្គរសង្រ្កន្ក ដែលនឹងមកដល់នាពេលខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណ ១.៤០០នាក់ ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត នាព្រឹកព្រលឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។

លោក កាវ ម៉ាញ់ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនរួមសហការឧបត្ថម្ភកម្មកម្មវិធិនេះ បានមានប្រសាសន៍ថា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ធ្វើឡើងរយៈពេល ២ ថ្ងៃនេះក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាពនិងសក្ដានុពលដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាមលោក កាវ ម៉ាញ់ ឌឹក កម្មវិធីរត់ម៉ារ៉ាតុននិងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរគឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ លោកបញ្ជាក់ថា “ដូច្នេះ ក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយព្រឹតិ្តការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា”។

មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាលេខឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​ រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែកនិងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួងនិងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារធ្វើដោយផ្ទាល់អោយបុគ្គលិកជាង ៣.០០០ នាក់ ហើយបានជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ មានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម។ ជាពិសេស ក្រៅពីការរួមដំណើរជាមួយកម្មវិធីកីឡា «រត់និងជិះកង់អង្គរសង្រ្កាន្ត» ដ៏ផុសផុលនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏ជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប នាពេលខាងមុខដែរ។

ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នាពេលខាងមុខនៅខេត្ត សៀមរាប ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណីនិងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ នឹងមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺទី ១ បត់ក្រដាសបេះដូងនិងទី ២ ចង្វាក់ម៉ាឌីសុន។

ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តឆ្នាំ ២០២៣ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា ក្រោមប្រធានបទ “ក្តីស្រមៃនិងក្តីសង្ឃឹម” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយនិង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ តាមការកត់សម្គាល់ រហូតមកដល់ពេលនេះ សណ្ឋាគារនិងផ្ទះសំណាក់ ៨០ ទៅ ៩០ ភាគរយនៅខេត្ត សៀមរាប ត្រូវបានកក់ហើយ៕

ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក “កម្មវិធីជិះកង់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣
ថវិកាដែលបានមកពីការលក់សំបុត្រនិងអាវក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ
ក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នេះ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ
To Top