អត្ថបទ

ព្រះចៅអធិរាជជប៉ុន យាងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត

បរទេស៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជនី Masako បានយាងចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះចៅអធិរាជនៅឆ្នាំ ២០១៩។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការគង់នៅរបស់ព្រះចៅអធិរាជរហូតដល់ថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីលោក Joko Widodo និងព្រះរាជដំណើរទស្សនកិច្ចទៅកាន់ទីបញ្ចុះសពដែលគោរពដល់យុទ្ធជនឯករាជ្យឥណ្ឌូនេស៊ី។

ព្រះរាជដំណើរ​ទស្សនកិច្ច​របស់ព្រះចៅអធិរាជជប៉ុន និង អធិរាជនី នេះ​ជា​ព្រះរាជដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ទី​ពីរ​សម្រាប់​ព្រះអង្គ ចាប់​តាំង​ពី​ការ​ឡើង​សោយរាជ្យ​របស់​ព្រះអង្គ ដែល​ជា​ការ​យាង​ចូល​រួម​ពិធី​បុណ្យព្សព​របស់​ម្ចាស់ក្សត្រី Elizabeth របស់​ចក្រភព​អង់គ្លេស។

ព្រះរាជទស្សនកិច្ចនេះ បានកើតឡើងនៅពេលដែលប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលធ្វើជាប្រធាននៅឆ្នាំនេះដោយឥណ្ឌូនេស៊ី ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរ។

នៅមុន​ព្រះរាជដំណើរ​ទស្សនកិច្ច​នេះ ព្រះចៅ​អធិរាជ​បាន​សម្តែង​ក្តីសង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដែល​ព្រះអង្គ​បាន​មានបន្ទូល​ថា​ឆ្លងកាត់​រយៈពេល​ដ៏លំបាក​មួយ ដែល​សំដៅ​ទៅ​លើ​ការ​កាន់កាប់​របស់​ជប៉ុន​ លើ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទីពីរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top