អត្ថបទ

ផ្សារទំនើប AEON និងក្រុមហ៊ុនធំៗ៣ផ្តល់ឱកាសការងារជិត ៣០០កន្លែង ក្នុងវេទិកាការងាររបស់ NEAនៅថ្ងៃស្អែក

ភ្នំពេញ៖នៅថ្ងៃទី១៩ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន ៤ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៥៩ កន្លែង ក្នុងវេទិ​កា​ការ​ងារ​របស់ទីភ្នាក់​ងារជាតិ​មុខ​របរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ ស.ស.យ.ក. ​វិស័យ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់​សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុនទាំងបួនដែលនឹងចូលរួមក្នុងវេទិកាការងារស្អែកនេះមានដូចជា៖ ផ្សារទំនើប AEON Mall ផ្សារទំនើប ម៉ាក្រូ ក្រុមហ៊ុន CHIP MONG និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឱ្យដឹងថា សម្រាប់វេទិកាការ​ងារ​នៅ​ថ្ងៃ​ទី១៩ ស្អែកនេះ AEON នឹងនាំយកឱកាសការងារជាច្រើនមុខតំណែងផ្តល់ជូនដល់អ្នកស្វែងរកការងារ ឬអ្នកចង់ផ្លាស់​ប្តូរការ​ងារ។


លោកបន្ថែមថា AEON ជាផ្សារទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យ​ផ្សារទំ​នើ​ប​មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ពិសេសទៅទៀត ផ្សារទំនើប AEON តែងតែគោរពតាមលក្ខណការងារ និងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដែលបាន​ផ្តល់ដល់បុគ្គលិករប​ស់យើ​ង​។

យ៉ាងណាក៏ដោយ លោក សំឆៃយ៉ា ក៏មិនភ្លេចអរគុណចំពោះការរួមចំណែករបស់ NEA ដែលតែងតែគាំទ្រចំពោះAEON ក្នុង​ការ​ជ្រើ​សរើសរើសបុគ្គលិកកន្លងមក ចាប់តាំងពី AEON មានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូងរៀងមក។

អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia រូបនេះបានជំរុញដល់សិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មាន​បំណងចង់បានឱកាសការងារជាមួយផ្សារទំនើប AEON ត្រូវមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ ពិសសេស​ត្រូវ​រៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារយើងនៅទីតាំង អាគារ NEA ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top