ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំដាំកូនឈើចម្រុះ និងប្រគេនអំពូលសូឡា ដល់វត្តគីរីធម៌វន្ត ហៅវត្តថ្មអន្ទង ស្ថិតក្នុងភូមិឱតាសាំង ឃុំបណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក កែវ សុខា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបុគ្គលិកទាំងអស់ និងមានការចូលរួមពីសំណាក់ ព្រះសង្ឃ តាអាចារ្យ ដូនជី មន្ត្រីរាជការ កងកម្លាំង ប្រជាជនផងដែរ ។
នាឱកាសនោះ អគ្គនាយកនៃគ្រឹះស្ថានក៏បានដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់ជាង៦០នាក់ ដាំកូនឈើ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ព្រមទាំងប្រគេនអំពូលសូឡាចំនួន ១០ដើម ប្រគេនដល់វត្តដែលពុំមានភ្លើងអគ្គីសនីប្រើបាស់ ដែលគិតជាទឹកប្រាក់មានចំនួន៦,៤៧២,០០០ (ប្រាំមួយលាន បួនសែន ប្រាំពីរម៉ឺន ពីរពាន់រៀល) និងបានប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃដែលគង់នៅទីអារ៉ាមនោះ ហើយក៏បានចែកជូនអំណោយជាថវិកាដល់តាអាចារ្យ ដូនជី កងកម្លាំង និងប្រជាជនមួយចំនួនផងដែរ។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័នដែលរកប្រាក់ចំណូល តែបានផ្តល់ការងារជាង២០០កន្លែងសម្រាប់និយោជិត ថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច។ គ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ ។ ជាក់ស្តែងជារៀងរាល់ឆ្នាំគ្រឹះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ៕