អត្ថបទ

សេចក្តីប្រកាសព័ត៌មានរួម របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២៣ បង្ហាញការប្តេជ្ញាចិត្ត របស់កម្ពុជា ទៅកាន់អនាគតប្រកបដោយចីរភាព

ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៣ របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ត្រូវបានចេញផ្សាយបន្ទាប់ពីមានការជួបជុំប្រចាំឆ្នាំដ៏ធំ និងចម្រុះបំផុត ស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ផ្តល់នូវព័ត៌មានសំខាន់ផ្សេងៗ ទាក់ទងនឹងផែនការសកម្មភាពអន្តរវិស័យទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេស។

របាយការណ៍នេះ ដែលត្រូវបានរៀបចំឡើងដោយអង្គការ Mekong Future Initiative (MFI) និងត្រូវបានបង្ហាញដោយក្រសួងបរិស្ថាន គឺជាការចងក្រងយ៉ាងលម្អិតអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ និងកិច្ចអន្តរាគមន៍នានាទៅលើបញ្ហានេះនៅក្នុងប្រទេសកម្ពុជា។

​ប្រធានបទស្តីពីការប្រែប្រួល​អាកាសធាតុចំនួន ២៥ ត្រូវបានកត់ត្រា នៅក្នុងរបាយការណ៍មួយនេះ ព្រមទាំងព័ត៌មានសំខាន់ៗនានា ដែលដកស្រង់ចេញពី​ការពិភាក្សារបស់អ្នកជំនាញជាង៩០នាក់ ដែលមកពី​វិស័យសារធារណៈ វិស័យឯកជន និងវិស័យផ្សេងៗទៀត។

លោក Allen Dodgson Tan អ្នករៀបចំកិច្ចប្រជុំ និងជានាយកនៃអង្គការ MFI បានមានប្រសាសន៍ថា “យើងពិតជាមានក្តីរំភើបជាមួយនឹងការឆ្លើយតបដ៏លើសលប់ និងការចូលរួមយ៉ាងចម្រុះ នៅក្នុងកិច្ចប្រជុំឆ្នាំនេះ។  អ្នកចូលរួមច្រើនជាង ៣៣០ នាក់ ដែលរួមមានការចូលរួមយ៉ាងមុតមាំពីយុវជន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅទីនេះ។ យើងទាំងអស់គ្នា កំពុងត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ឱ្យក្លាយជាប្រទេសដែលកាន់តែស្អាត និងបៃតងជាងមុន»។

របាយ​ការណ៍​ឆ្នាំ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា រដ្ឋបាលថ្មីនៃក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក អ៊ាង សុផល្លែត បានបង្ហាញ​ពីការតាំងចិត្តយ៉ាងខ្លាំងក្នុងន័យបន្តបេសកម្មការទូតបៃតង កាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់អនាគតថាមពលស្អាត។

របាយការណ៍នេះផ្តោតលើប្រធានបទដូចជា ការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ថាមពលកកើតឡើងវិញ ភាពជាសហគ្រិនក្នុងវិស័យ​ថាមពលកកើតឡើងវិញ ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព ដំណោះស្រាយប្រកបដោយនិរន្តរភាព អាជីវកម្មបៃតង ប្រសិទ្ធភាពថាមពល ​កម្មវិធីកាបូនបូក (REDD+) និងការអនុលោមភាពទៅលើបទប្បញ្ញត្តិនានា។

អ្នកចូលរួមចំណែកក្នុងការរៀបចំកិច្ចប្រជុំនេះ រួមមានតំណាងមកពីក្រសួងបរិស្ថាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ក្រុមហ៊ុន Mekong Strategic Capital ធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងស្ថានទូតបរទេសនានា។

ក្នុងនាមជាដៃគូផ្លូវការនៃកិច្ចប្រជុំCCCS23​ឆ្នាំនេះ អូស្ត្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចប្រជុំតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួនគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

លោក Andreas Zurbrugg ភារធារីអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «កិច្ចប្រជុំនេះបានផ្តល់វេទិកាដ៏សំខាន់ និងរស់រវើក ​សម្រាប់អ្នកចូលរួម ដែលមានការចូលរួមពីអ្នកស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវ អ្នកបង្កើតគំនិតនាំមុខ អ្នកធ្វើការសម្រេចចិត្ត និងអ្នកអនុវត្តកម្មវិធី/គម្រោង មកពីជុំវិញប្រទេស ដែល​រួមគ្នាដោះស្រាយបញ្ហាចំបងនានាទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។”

លោក Andreas Zurbrugg បានបន្តថា “របាយការណ៍នេះ ដែលជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធនៅគ្រប់វិស័យ ចែករំលែកចំណេះដឹងដ៏មានតម្លៃទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ អូស្ត្រាលី តាមរយៈ កម្មវិធី CAPRED មានមោទនភាព ដែលបានគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយយើងនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ និងបំភាយកាបូនទាប។ រួមគ្នា ​យើង​អាច​លើកស្ទួយ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ស្អាត បៃតង និង​រីកចម្រើន​បន្ថែមទៀត​សម្រាប់​អ្នកទាំងអស់គ្នា”។

ការគាំទ្របន្ថែមបានមកពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលជាដៃគូស្ថាបនិក និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ជាអ្នកឧបត្ថម្ភធំកម្រិតមាស ដែលជាអ្នករៀបចំការតាំងពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាព។ នេះជាកិច្ចប្រជុំលើកដំបូង ដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់ ប្រាស្រ័យទាក់ទងជាមួយនឹងអាជីវកម្ម និងអង្គការ ដែលឈាន​​​មុខគេលើការអនុវត្តគម្រោងលើបញ្ហាបម្រែបម្រួលអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត។

អង្គការ Oxfam អង្គការ Kosher Climate និង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានជំរុញបន្ថែមទៀតនូវសារៈសំខាន់នៃ​កិច្ចប្រជុំនេះ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតប្រាក់ ក៏ដូចជាក្រុមហ៊ុន Heineken និង ក្រុមហ៊ុនធានារ៉ាប់រង Forte ដែលជាអ្នកឧបត្ថម្ភកម្រិតសំរិទ្ធ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរចំពោះសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ដោយសង្កត់ធ្ងន់លើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងមហន្តរាយដែលអាចកើតមានឡើង ប្រសិនបើមិនមានវិធានការជាបន្ទាន់។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះផងដែរ មុននឹងឈានដល់សន្និសីទលើកទី២៨ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28)។

លោក អ្នកឧកញ៉ា សៀ រិទ្ធី ប្រធាន MFI មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះ​ បានគូសបញ្ជាក់ថា ការយល់ដឹងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ចេញពីអនាគតរបស់កុមារ ប្រទេសជាតិ និងពិភពលោកបានទេ។

របាយការណ៍ CCCS23 គឺជាសក្ខីភាពមួយចំពោះ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការបំផុសគំនិតកិច្ចសហប្រតិបត្តិការជាសកល។

សូមអានរបាយការណ៍នៅក្នុងតណភ្ជាប់នេះ។

ទាក់ទងមកកាន់យើង៖

  • Shauna O’Mahony, អ្នកសម្របសម្រួលកម្មវិធី នៃអង្គការ Mekong Future Initiative (MFI) តាមរយៈអ៊ីម៉ែល៖ cccs23@mekongfutureinitiative.org
  • ស្ថានទូតអូស្ត្រាលី តាមរយៈអ៊ីម៉ែល៖ Media.Cambodia@dfat.gov.au
  • ស្វែងយល់បន្ថែមអំពី CCCS23 សូមចូលទៅកាន់វ៉េបសាយ https://cccs23.org/.
To Top