អត្ថបទ

មោទកភាពក្នុងនាមជាសហគ្រិនខ្មែរ ដែលបានផលិត និងនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់

ភ្នំពេញ៖ ជាជោគជ័យមួយជំហានមួយទៀតហើយ របស់ ខ្មែរ ប៊ែរវើរីជីស ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ក្នុងការនាំយកម៉ាកយីហោផលិតផលខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនយក្សរបស់កម្ពុជាមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD ដើម្បីនាំយកផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសាកម្ពុជា លក់ចែកចាយនៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី។

នេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុនខ្មែរ ប៊ែរវើរីស បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបរទេសក្នុងការនាំយកផលិតផលរបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ទើបតែបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន DC Logistic & Trading ក្នុងការនាំចេញផលិតផលស្រាបៀ និងភេសជ្ជៈទៅកាន់ទីផ្សារសិង្ហបុរីផងដែរ។

ឧកញ៉ា Mohd Badlishah Bin Abdullah នាយកគ្រប់គ្រងនៃក្រុមហ៊ុន Kingsman Pyrotech SND. BHD បានបញ្ជាក់ថា៖ «មូលហេតុដែល Kingsman Holding ជ្រើសរើសចុះអនុស្សរណៈជាដៃគូនាំចេញផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ជំនួសឱ្យផលិតផលក្រុមហ៊ុនដទៃទៀតនៅកម្ពុជា ដោយសារតែយើងជឿជាក់លើគុណភាពស្តង់ដារផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទើបយើងសម្រេចចិត្តមិនរុញរា ក្នុងការនាំយកផលិតផលរបស់ក្រុហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី ហើយខ្ញុំក៏សង្ឃឹមថាក្រុមហ៊ុនទាំងពីរនឹងសហការជាមួយគ្នាទៅអនាគតដ៏វែងឆ្ងាយទៀត។»

កិច្ចសហការនេះមិនត្រឹមតែបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប៉ុណ្ណោះទេ វាក៏ជាមោទកភាពមួយរបស់ប្រជាជនកម្ពុជា ដែលខ្មែរយើងក៏មានផលិតផល «Made in Cambodia» ស្តង់ដារកម្រិតពិភពលោកនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ យើងរំពឹងទុកថាក្រុមហ៊ុនទាំងពីរ នឹងក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងមានសក្តានុពលបំផុតក្នុងការចែកចាយម៉ាកយីហោផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក ៕

To Top