អត្ថបទ

នាំចេញផលិតផលភេសជ្ជៈ «Made in Cambodia» វាយលុកទីផ្សារក្នុងតំបន់ អាស៊ីអាគ្នេយ៍ ជាហូរហែ

ភ្នំពេញ៖ ផលិតផល «Made in Cambodia» ស្តង់ដារគុណភាពពិភពលោករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវាយលុកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ជាហូរហែ ដែលថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ទើបតែចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវៀតណាម BAO CHAU Import Export ដើម្បីសុំសិទ្ធនាំយកផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សាររបស់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ។

អ្នកស្រី Nguyen Thi Ngoc Le នាយកគ្រប់គ្រងនៃក្រុមហ៊ុន BAO CHAU IMPORT EXPORT បានបញ្ជាក់ថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសសហការជាដៃគូ នាំចេញផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សារប្រទេសវៀតណាម ដោយសារតែ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលប្រើប្រាស់ នូវបច្ចេកវិទ្យាស្តង់ដារ ជាពិសេសមាន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ និងធំបង្អស់នៅកម្ពុជា។ នេះ ជាហេតុធ្វើឱ្យគាត់មានការទុកចិត្តថា ខ្មែរ ប៊ែវើរីជីស អាចជាដៃគូរកស៊ីបានយូរអង្វែង ហើយ សង្ឃឹមថានឹងមានឱកាសពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។»

គួរបញ្ជាក់ថានេះ គឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែរវើរីស បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបរទេស ក្នុងការនាំយកផលិតផលរបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលក្រុមហ៊ុន ក៏ទើបតែបានចាប់ដៃគូ ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holdings SDN. BHD និងក្រុមហ៊ុនសិង្ហបុរី DC Logistics & Trading កាលពីពេលថ្មីៗនេះ៕

To Top